ពីនេះ ពីនោះ
សុខភាព
ការសិក្សា៖ អត្រាចង្វាក់បេះដូងកើនឡើង បង្កើនហានិភ័យជំងឺវង្វេង រូបភាព៖ Jair Lázaro-Unsplash
× ការសិក្សាថ្មីមួយ បានបង្ហាញថា ការមានអត្រាចង្វាក់បេះដូងកើនឡើងខ្ពស់ចំពោះមនុស្សចាស់ បានក្លាយជាកត្តាបង្កហានិភ័យជំងឺវង្វេង។ ចំណែកក្រុមអ្នកស្រាវជ្រាវបានជឿជាក់ថា ការដឹងពីល្បឿនចង្វាក់បេះដូង អាចជួយកំណត់កម្រិតហានិភ័យនៃជំងឺវង្វេងបាន។ នេះ គឺដោយសារចង្វាក់បេះដូងងាយក្នុងការវាស់ស្ទង់ ហើយអាចតម្រូវឱ្យលោតក្នុងល្បឿនធម្មតាវិញបាន តាមរយៈការធ្វើលំហាត់ប្រាណ ឬតាមរយៈការព្យាបាល។
អត្រាអ្នកកើតជំងឺវង្វេងត្រូវបានអ្នកជំនាញរំពឹងថា នឹងកើនឡើងដល់ ១៣៩លាននាក់នៅទូទាំងពិភពលោកត្រឹមឆ្នាំ ២០៥០ ខណៈក្នុងឆ្នាំ២០២០ មានអ្នកជំងឺត្រឹម ៥៥លាននាក់ប៉ុណ្ណោះ។ នេះបើយោងតាមអង្គការអន្តរជាតិប្រឆាំងជំងឺចាស់វង្វេង។ ស្របគ្នានេះ ការសិក្សានៅវិទ្យាស្ថាន Karolinska របស់ស៊ុយអែត ដែលចុះផ្សាយលើទិនានុប្បវត្តិ Alzheimer’s & Dementia បានបង្ហាញថា ការមានអត្រាចង្វាក់បេះដូងកើនឡើងខ្ពស់ក្នុងវ័យចំណាស់ គឺជាកត្តាមួយរួមចំណែកបង្កហានិភ័យជំងឺវង្វេង។
លើសពីនេះ ក្រុមអ្នកស្រាវជ្រាវជឿជាក់ថាការដឹងពីល្បឿនចង្វាក់បេះដូងអាចជួយកំណត់កម្រិតហានិភ័យនៃជំងឺវង្វេងបាន។ នេះ គឺដោយសារ អត្រាចង្វាក់បេះដូងងាយស្រួលក្នុងការវាស់ ហើយអាចតម្រូវឱ្យមានល្បឿនធម្មតាវិញបានតាមរយៈការហាត់ប្រាណ ឬតាមរយៈការព្យាបាល។
ការសិក្សាខាងលើ មានអ្នកចូលរួមចំនួន ២១៤៧នាក់ ដោយមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។ អ្នកជំនាញបានតាមដានអាការៈអ្នកចូលរួមរហូតដល់ ១២ឆ្នាំ ហើយបានបង្ហាញថាបុគ្គលដែលមានចង្វាក់បេះដូងលោតជាមធ្យម ៨០ដងក្នុងមួយនាទី ឬច្រើនជាងនេះ ប្រឈមហានិភ័យជំងឺវង្វេងប្រមាណ៥៥ភាគរយ ច្រើនជាងអ្នកដែលមានអត្រាបេះដូងលោតចន្លោះ៦០ទៅ ៦៩ដងក្នុងមួយនាទី។
អ្នកស្រាវជ្រាវបានជឿជាក់ថាការដឹងពីល្បឿននៃអត្រាចង្វាក់បេះដូងពិតជាមានសារសំខាន់ក្នុងការកំណត់កម្រិតហានិភ័យជំងឺវង្វេង។ ប្រសិនបើក្រុមគ្រូពេទ្យអាចតាមដានដឹងពីការវិវដ្ដនៃអាការៈរបស់អ្នកជំងឺ នោះ ការព្យាបាលនឹងធ្វើឡើងទាន់ពេលវេលា ដើម្បីពន្យារពេលនៃការចាប់ផ្តើមវិវដ្ដទៅរកជំងឺវង្វេង ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរស់នៅរបស់មនុស្ស។
បច្ចុប្បន្ននេះ ជំងឺវង្វេងមិនទាន់មានការព្យាបាលនៅឡើយទេ ប៉ុន្តែភស្តុតាងនៃការសិក្សាមួយចំនួនបានបង្ហាញថា ការហាត់ប្រាណ និងរស់នៅដោយយកចិត្តទុកដាក់លើសុខភាព ពិសេសសុខភាពសរសៃឈាមបេះដូង អាចជួយពន្យារការចាប់ផ្តើមនៃជំងឺវង្វេង និងបន្ថយអាការៈធ្ងន់ធ្ងរនៃជំងឺ៕
© រក្សាសិទ្ធិដោយ thmeythmey.com