ពីនេះ ពីនោះ
សុខភាព
ទឹកស្អាត គឺជាចំនុចស្នូលនៃការងើបឡើងវិញរបស់ពិភពលោកក្រោយជំងឺរាតត្បាតបញ្ចប់ រូបភាព៖ Cici Hung-Unsplash
× ទឹកស្អាត គឺជាបញ្ហាសំខាន់ដែលត្រូវយកចិត្តទុកដាក់ ដើម្បីបញ្ឈប់ជំងឺរាតត្បាតថ្មី និងលើកកម្ពស់សុខភាពមនុស្ស បន្ទាប់ពីជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។ ដើម្បីសម្រេចបានគោលដៅនេះ វាទាមទារឱ្យមានការចូលរួមយ៉ាងពេញទំហឹងពីសំណាក់ដៃគូសហការថ្នាក់ជាតិ ក្នុងតំបន់ និងអន្តរជាតិ ក្រោមឆន្ទៈដោះស្រាយបញ្ហារួមគ្នាជាសកល។
ក្នុងបរិបទជំងឺកូវីដ-១៩ មនុស្សគ្រប់គ្នាសុទ្ធតែបានដឹងថា ទឹក មានសារសំខាន់ណាស់ដើម្បីទប់នឹងការរីករាលដាលនៃជំងឺ តាមរយៈការលាងសម្អាតដៃ និងការប្រើប្រាស់ជាចាំបាច់ក្នុងវិស័យវេជ្ជសាស្ត្រ។ ទឹកស្អាតគឺជាបញ្ហាសំខាន់ ដែលត្រូវយកចិត្តទុកដាក់ ដើម្បីបញ្ឈប់ជំងឺរាតត្បាតថ្មី និងលើកកម្ពស់សុខភាពមនុស្សបន្ទាប់ពីជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។
យ៉ាងណាមិញ ទឹកស្អាតកំពុងខ្វះខាតពិសេសក្នុងប្រទេសក្រីក្រ ដែលប្រឈមខ្លាំង ដោយសារការប្រែប្រួលអាកាសធាតុ។ ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ បានធ្វើឱ្យទឹកស្អាតបាត់បង់ តាមរយៈ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ និងភ្លៀងធ្លាក់មិនទៀងទាត់។ ប្រទេសជាច្រើនកំពុងជួបបញ្ហាកង្វះទឹកស្អាត ដែលនាំឱ្យកើនឡើងអសន្តិសុខស្បៀងអាហារ។ ពិភពលោកត្រូវការទឹកស្អាតជាចាំបាច់ដើម្បីសុខភាព ការអប់រំ ក្នុងវិស័យការងារ និងបរិស្ថានប្រកបដោយនិរន្តរភាព។
ទាក់ទឹននឹងបញ្ហានេះ ធនាគារពិភពលោក បានជួយប្រទេសនានា ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព ផ្នែកទឹកស្អាតរបស់ពួកគេ។ ធនាគារពិភពលោក បានបង្កើតក្របខ័ណ្ឌសម្រាប់គាំទ្រការអភិវឌ្ឍបែបបៃតង ភាពធន់ និងការរួមបញ្ចូល ដែលជាយុទ្ធសាស្ត្រដោះស្រាយបញ្ហាកើត ក្រោយជំងឺកូវីដ-១៩ និងបញ្ហាប្រឈមរយៈពេលវែង នៃការប្រែប្រួលអាកាសធាតុ។ នេះបើតាមការចុះផ្សាយលើវែបសាយរបស់ធនាគារពិភពលោក។
ស្របគ្នានេះ សមាគមន៍សន្តិសុខ និងអនាម័យទឹកជាសកល (GWSP) បានដើរតួនាទីជាអ្នកគាំទ្របណ្តាប្រទេស ក្នុងការគ្រប់គ្រងទឹកស្អាត និងសម្រេចគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព។ សមាគមន៍នេះ ក៏បានបង្កើតគោលនយោបាយសន្ទនារបស់ធនាគារពិភពលោក ជាមួយប្រទេសនានា ផ្តល់ដំបូន្មាន និងបង្កើនការវិនិយោគ រួមទាំងបង្ហាញពីក្តីបារម្ភនៅលើឆាកអន្តរជាតិ។ ដើម្បីដោះស្រាយបញ្ហាទឹកស្អាត វាទាមទារឱ្យមនុស្សគ្រប់រូបចូលរួម និងដើរតួយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយរួម។
ការសម្រេចគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍបែបបៃតង ភាពធន់ និងការរួមបញ្ចូល គឺមិនងាយស្រួលនោះទេ ប៉ុន្តែបន្ទុកនឹងស្រាលជាងមុន នៅពេលប្រទេសទាំងអស់ចូលរួមចែករំលែក។ ការដោះស្រាយបញ្ហាទឹកស្អាត នឹងធ្វើទៅបានក្រោមកិច្ចសហការដ៏រឹងមាំជាមួយដៃគូនៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ដោយឆន្ទៈប្ដេជ្ញាចិត្តដោះស្រាយបញ្ហារួមគ្នាជាសកល ដើម្បីលើកកម្ពស់សុខុមាលភាពមនុស្ស៕
© រក្សាសិទ្ធិដោយ thmeythmey.com