ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការ​យំ ល្អ​ចំពោះ​សុខភាព
13, Dec 2021 , 11:59 pm        
រូបភាព
គ្មាន​អ្វី​ដែល​អាច​យកឈ្នះ​បាន នូវ​ការ​យំ​ដ៏​ល្អ​មួយ​នោះ​ទេ ដែល​វា​គឺជា​ពេល​មួយ ដែល​អ្នក​អាច​យំ បញ្ចេញ​នូវ​ការឈឺចាប់ និង សម្ពាធ​ទាំងអស់​របស់​អ្នក​បាន​។ វា​មាន​ប្រសិទ្ធភាព​ដូច​ជា​ឱសថ សម្រាប់ ព្យាបាល ផ្លូវចិត្ត​របស់​អ្នក និង សម្រាល​នូវ​ភាព​ព្រួយបារម្ភ​ទាំងអស់ ដែល​ជាប់គាំង​នៅ​ក្នុង​ខ្លួន អ្នក​។ ដូចនេះ ចូរ​អ្នក បន្ត​អាន​នូវ ចំណុច​ខាង​ក្រោម​នេះ ដើម្បី​ស្វែងយល់​នូវ​អត្ថប្រយោជន៍​របស់​វា ចំពោះ មនុស្ស រាល់គ្នា ។​



១. បញ្ចេញ​នូវ​សារជាតិ​ពុល​ដែល​មាន​នៅក្នុង​ខ្លួន​
    នេះ​គឺជា​អត្ថប្រយោជន៍​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​រាងកាយ នៃ​ការ​យំ​។ ជា​ការពិត​ណាស់ ការ​យំ​បញ្ចេញ នូវ​ភាព​តានតឹង​ក្នុង​អារម្មណ៍ អាច​ជួយ​បញ្ចេញ​នូវ​សារជាតិ​ពុល ជាច្រើន​ដែល​ផ្តល់​ផល​អាក្រក់​នៅក្នុង រាងកាយ​ចេញមក​ផ្នែក​ខាងក្រៅ​បាន​។ ជាតិពុល​ទាំងនេះ អាច​នឹង​ប៉ះពាល់​ដល់ ប្រព័ន្ធ​ផ្នែក​ខាង​ក្នុងនៃ រាងកាយ ក្នុងករណី​ណា ដែល​វា​មិន​បាន​បញ្ចេញ​មក​ក្រៅ​បាន​ទាន់ពេលវេលា​ល្អ ។ ជា​ពិសេស​ជាង​នេះ ទៅទៀត ការ​យំ​គឺ​អាច​ជួយ​បញ្ចេញ​នូវ សារជាតិ​មិនល្អ​ដែល​មាន​នៅក្នុង​ភ្នែក​របស់​អ្នក​។ វា​អាច​ជួយ សម្អាត និង ផ្តល់​សំណើម​ដល់​កែវភ្នែក​របស់​អ្នក​បាន ។​
 
 
២. ធ្វើអោយ​អ្នកខ្លាំង​ជាង​មុន​
     ការ​យំ គឺ​ហាក់បីដូចជា ការធ្វើ​លំ​ហាត់ប្រាណ​មួយ​ចំពោះ​ផ្នែក​សតិអារម្មណ៍​។ ការបញ្ចេញ​មក​នូវ បញ្ហា និង ការព្រួយបារម្ភ​ទាំងអស់​របស់​អ្នក គឺ​ពិតជា​មាន​ភាពប្រសើរ​ជាង​ការ ដែល​អ្នក​ត្រូវ​បង្ខំ​លាក់ទុក វា​នៅ​ក្នុង​ចិត្ត​។ វា​ហាក់ដូចជា​លំ​ហាត់ប្រាណ​មួយ ចំពោះ​បេះដូង ដែល​នៅក្នុង​ពេល​នោះ បេះដូង របស់​អ្នក នឹង​មាន​សភាព​កាន់តែ​រឹងមាំ ដែល​បញ្ហា​តូចតាច​អ្វី​មួយ​នឹង​មិន អាច​ជះឥទ្ធិពល​បាន ដល់​អ្នក ទៀត​នោះ​ទេ ។​
 
 
៣. ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ថា​ធូរស្រាល​ជាង​មុន​
    មាន​មនុស្ស​ជាច្រើន បាន​សារភាព​ថា ក្រោយពី​ពួកគេ​បាន​យំ ពួកគេ​គឺ​ហាក់​នឹងមាន​អារម្មណ៍​ថា ស្រស់ថ្លា​ជាង​មុន​។ តើ​អ្វី​ជា​ការពន្យល់​ចំពោះ មូលហេតុ​នេះ​? គឺ​ថា​ការ​យំ បាន​បញ្ចេញ​នូវ​អរ​ម៉ូ​ន​ម្យ៉ាង ដែល​ត្រូវបាន​គេ​ហៅថា អង់​ដូ​ហ្វី​ន ដែល​វា​បាន​ដើរតួនាទី ដូច​ជា​ថ្នាំ​បំបាត់​ការឈឺចាប់ សម្រាប់​រាងកាយ របស់​អ្នក​។ នៅពេល​ដែល​អ្នក​កំពុង​មាន​ភាព​ថប់​បារម្ភ និង តានតឹង​ទៅដោយ​បញ្ហា នោះ​ការ​យំ គឺ​អាច​ជួយ ធ្វើអោយ​ផ្លូវចិត្ត​អ្នក​ស្ងប់ និង​មាន អារម្មណ៍​ថា​ស្រាកស្រាន្ត​នៅ​ពេល​អ្នក​បាន​យំ​ហើយ ។​
 
 
៤. ការពារ​ដល់​បញ្ហា​ចំពោះ​បេះដូង​
    ការសិក្សា​បាន​បង្ហាញថា ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​បាន បញ្ចេញ​ការឈឺចាប់​របស់​ពួកគេ គឺ​ហាក់ នឹង​មិន​សូវ​រងគ្រោះ​ពី​ជំងឺ​បេះដូង​ទេ នេះ​បើ​ធ្វើការ​ប្រៀបធៀប​នឹង មនុស្ស​ផ្សេង​ទៀត​ដែល​ព្យាយាម​លាក់បាំង​នូវ​ការឈឺចាប់​របស់​ពួកគេ​។ វា​អាច​ការពារ​ខ្លួន​អ្នក​បាន ពី​បញ្ហា​ចំពោះ​បេះដូង​។ នៅពេលណា ដែល​អ្នក​អាច​ធ្វើបាន អ្នក​គួរតែ​យំ​បញ្ចេញ​នូវ​ភាព​តានតឹង​នោះ​មក ។​
   
 
ទាំងនេះ មិនមែន​បានន័យថា អ្នក​ត្រូវ​តែ​យំ ចំពោះ​គ្រប់​រឿងរ៉ាវ និង រាល់​បញ្ហា​ដែល​កើតមាន នៅ​ចំពោះមុខ​អ្នក​ដទៃ​នោះ​ទេ​។ តែ​ទោះជា​យ៉ាងណាក្តី នៅពេលណា​ដែល​អ្នក យល់ថា​ការឈឺចាប់​របស់ អ្នក​ហាក់​នឹង​មាន​ភាពកើនឡើង​ខ្លាំង វា​គឺ​ពិតជា​សាក​សម សម្រាប់​អ្នក​ក្នុងការ យំ​បញ្ចេញ​វា​មក​ក្រៅ ជាជាង​ការ ខំប្រឹង​ទប់​លាក់​វា​នៅ​ក្នុង​ចិត្ត​តែ​ឯង ដែល​វា​អាច​នឹង​ផ្តល់នូវ ផលប៉ះពាល់​ចំពោះ​សុខភាព​ផ្លូវ ចិត្ត​របស់​អ្នក​។ ប្រសិនបើ​អ្នក មាន​អារម្មណ៍​ឆ្គាំឆ្គង​នឹង​ការ​យំ ចំពោះ​មុខ​អ្នក​ដទៃ នោះ​អ្នក​អាច​សំងំ​នៅក្នុង បន្ទប់​តែឯង និង យំ​បញ្ចេញ​នូវ​ការឈឺចាប់​ទាំងអស់​របស់​អ្នក​។ វា​នឹង​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ថា វា​ល្អ​ប្រសើរ​ជាង មុន នៅពេល​ដែល​អ្នក​បាន​ចេញ​មក​ក្រៅ ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com