ពីនេះ ពីនោះ
អហិង្សា, អហេសា ឬ អហឹសា សរសេរបាន​ដូចគ្នា និងន័យ​ដូចគ្នា
18, Dec 2021 , 7:29 am        
រូបភាព
ការមិន​បៀតបៀនគេ, ការមិនធ្វើទុក្ខ​គេឲ្យបាន​សចក្តីលំបាក, ការមិនធ្វើ​ទុក្ខបុកម្នេញគេ។ នេះជានិយមន័យនៃពាក្យ «អហិង្សា» ដោយវចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បញ្ជាក់ថា ការសរសេរ «អហឹសា» ឬ «អហេសា» ក៏ត្រឹមត្រូវដូចគ្នា តែពាក្យទាំងពីរក្រោយនេះ ចេញពីភាសាបាលី-សំសង្ក្រឹត។

 
ពលរដ្ឋខ្មែរមួយចំនួន មិនសូវបានចាប់អារម្មណ៍សរសេរពាក្យ «អហេសា ឬ អហឹសា» នោះឡើយ ប៉ុន្តែអ្នកខ្លះ បែរជាទៅសរសេរពាក្យដែលគ្មានក្នុងវចនានុក្រមទៅវិញ ដូចជា អហឹង្សា, អាហិង្សារ ជាដើម។ មនុស្សត្រូវប្រើប្រាស់សត្វពាហនៈដោយអហិង្សា ; ប្រសិនបើសត្វលោកទាំងអស់មានអហេសាដូចគ្នា ក្នុងសកលលោកសមនឹងបរិបូណ៌ដោយសេចក្តីសុខសម្រាន្តយ៉ាងក្រៃលែង ។
 
អហិង្សា, អហឹសា ឬ អហេសា មានន័យផ្ទុយពីពាក្យ ហិង្សា ឬ ហឹសា។ ហិង្សា ឬ ហឹសា មានន័យថា ការបៀតបៀន, ការពាធា, ការធ្វើអាក្រក់រកគ្នា, ការធ្វើទុក្ខគ្នា។ មនុស្សត្រូវកុំឲ្យមានហិង្សារកគ្នា ។ 
 
រីឯពាក្យពាក់ព័ន្ធមួយចំនួនទៀតមានដូចជា វិហិង្សា (ឬ វិហឹសា, វិហេសា ) ដែលមានន័យថា សេចក្ដីបៀតបៀន, ការធ្វើឲ្យគេបានសេចក្ដីទុក្ខពិបាក, ការធ្វើទុក្ខបុកម្នេញគេ ។ ពាក្យផ្ទុយ​ អវិហិង្សា, អវិហឹសា ឬអវិហេសា ៖ ការមិនបៀតបៀនគេ, ការមិនធ្វើគេឲ្យបានសេចក្ដីទុក្ខលំបាក, ការមិនធ្វើទុក្ខ បុកម្នេញគេ។ មនុស្សត្រូវប្រើសត្វពាហនៈដោយអវិហិង្សា; អវិហេសាជាធម៌សំខាន់របស់មនុស្ស ។ 
 
ពាក្យកាព្យ៖ ប្រាប់ផលអហិង្សា : អហិង្សាជាធម៌ដ៏សំខាន់ ប្រសិនបើកាន់បានគ្រប់គ្នា សមលោកទាំងមូលនឹងសះជា ការឈ្លោះទាស់គ្នាក៏នឹងគ្មាន ។ ព្រោះអហិង្សាជាធម៌ស្ងប់ ឲ្យរាប់ឲ្យរកគ្នារាល់ប្រាណ អាចនាំឲ្យមានសុខសម្រាន្ត ធ្វើម្ដេចនឹងបានដូចថាអ្ហើយ ។ ប្រសិនបើអាចប្រជុំគ្នា ទួទាំងលោកាពុំកន្តើយ ជជែកប្រឹក្សារកកោះត្រើយ បើបានឃើញហើយព្រមកាន់តាម ។ ឲ្យអហិង្សាមានរាល់ទ្វីប ភ្លឺដូចប្រទីបនៃលោកភ្លាម នោះលោកទាំងមូលនឹងមាននាម ថាបានរួចផុតចាកហិង្សា ។ ល ។ ( ប្រទីបនៃលោក គឺព្រះអាទិត្យ )៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com