ជាតិ
ពីនេះ ពីនោះ
Sipar បានបង្កើតបណ្ណាល័យនៅក្នុងរោងចក្រចំនួន៣២ ដើម្បីជំរុញអាន និងរៀនដល់កម្មករ
18, Dec 2021 , 3:19 pm        
រូបភាព
ការសិក្សាក្នុងរោងចក្រ ក្នុងគម្រោង «អាន និងរៀននៅកន្លែងធ្វើការ តាមរយៈបណ្ណាល័យមណ្ឌលសិក្សានៅក្នុងរោងចក្រកាត់ដេរ»។ រូបភាពពី គេហទំព័រអង្គការSipar។
ការសិក្សាក្នុងរោងចក្រ ក្នុងគម្រោង «អាន និងរៀននៅកន្លែងធ្វើការ តាមរយៈបណ្ណាល័យមណ្ឌលសិក្សានៅក្នុងរោងចក្រកាត់ដេរ»។ រូបភាពពី គេហទំព័រអង្គការSipar។
ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២១នេះ អង្គការស៊ីប៉ា បានសហការបង្កើត«បណ្ណាល័យមណ្ឌលសិក្សា»(LLCs) នៅក្នុងរោងចក្រកាត់ដេរ ចំនួន៣២ ក្នុងខេត្តកណ្តាល កំពង់ស្ពឺ រាជធានីភ្នំពេញ ខេត្តសៀមរាប កំពង់ឆ្នាំង តាកែវ និងខេត្តកោះកុង។ «បណ្ណាល័យមណ្ឌលសិក្សា»បង្កើតឡើងក្នុងបំណង បណ្តុះទម្លាប់នៃការអាន និងការរៀនដោយខ្លួនឯង ដល់កម្មករកម្មការិនីរោងចក្រកាត់ដេរ។ អង្គការស៊ីប៉ា ក៏នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ការអនុវត្តគម្រោង «អាន និងរៀននៅកន្លែងធ្វើការ តាមរយៈបណ្ណាល័យមណ្ឌលសិក្សានៅក្នុងរោងចក្រកាត់ដេរ»នេះដែរ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។

 
តាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការស៊ីប៉ា សិក្ខាសាលានេះ ធ្វើឡើងដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផល បញ្ហាដែលបានប្រឈម និងមេរៀនដែលបានរៀន និងដើម្បីបញ្ចប់គម្រោង ដំណាក់កាលទី២ជាផ្លូវការ។ អង្គការស៊ីប៉ាបានបញ្ជាក់ថា គម្រោង «អាន និងរៀននៅកន្លែងធ្វើការ តាមរយៈបណ្ណាល័យមណ្ឌលសិក្សានៅក្នុងរោងចក្រកាត់ដេរ» មានគោលដៅកាត់បន្ថយភាពងាយរងគ្រោះ របស់កម្មករ-កម្មរិនីរោងចក្រកាត់ដេរ ក៏ដូចជាបង្កើនលទ្ធភាពទទួលបានការអប់រំ ការរៀនដោយខ្លួនឯង និងលើកកម្ពស់សមត្ថភាព សុខុមាលភាព និងស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ពួកគេ។ 
 
ចាប់តាំងពីឆ្នាំ២០១៤មក អង្គការស៊ីប៉ា និងដៃគូសហការដើម្បីបណ្តុះទម្លាប់នៃការអាន និងការរៀនដោយខ្លួនឯង ដល់កម្មករកម្មការិនីរោងចក្រកាត់ដេរ តាមរយៈការដំឡើង និងអនុវត្តគម្រោង «បណ្ណាល័យមណ្ឌលសិក្សា» (LLCs) នៅក្នុងរោងចក្រ។ គិតត្រឹមឆ្នាំ២០២១ បណ្ណាល័យមណ្ឌលសិក្សា មានវត្តមាននៅក្នុងរោងចក្រចំនួន៣២ ក្នុងខេត្តកណ្តាល កំពង់ស្ពឺ រាជធានីភ្នំពេញ ខេត្តសៀមរាប កំពង់ឆ្នាំង តាកែវ និងខេត្តកោះកុង ដើម្បីផ្តល់ឱ្យកម្មករនូវសៀវភៅអាន ឯកសារសោតទស្សន៍ ការពិគ្រោះយោបល់ និងឱកាសសិក្សា។ 
 
ចាប់តាំងពីការផ្ដួចផ្ដើមដំបូងនៃគម្រោងរហូតដល់ឆ្នាំ ២០២១នេះ មជ្ឈមណ្ឌលសិក្សាបណ្ណាល័យ បានផ្តល់អត្ថប្រយោជន៍ដល់កម្មករ កម្មការិនីរោងចក្រកាត់ដេរ ប្រមាណ ៩៥ ០០០ នាក់ និងគ្រួសារ។ ក្រោមភាពជាដៃគូ ជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បណ្ណាល័យមណ្ឌលសិក្សា ក៏បានក្លាយជាវេទិកា សម្រាប់កម្មករ កម្មការិនី ចូលរៀនថ្នាក់អក្ខរកម្ម និងគណិតវិទ្យា ព្រមទាំងវគ្គយល់ដឹងខ្លីៗអំពីអាហារូបត្ថម្ភ សុខភាព អនាម័យ ផែនការគ្រួសារ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ អំពើហិង្សាក្នុងគ្រួសារ ក៏ដូចជាប្រធានបទអប់រំផ្សេងៗទៀត៕
 

Tag:
 ThmeyThmey25
  ការអាន
  សៀភៅ
  កម្មករកាត់ដេរ
  អង្គការស៊ីប៉ា
© រក្សាសិទ្ធិដោយ thmeythmey.com