ពីនេះ ពីនោះ
«រង្គសាល» មានន័យថា រោងរាំ រីឯ «រង្គ​ភូមិ» សំដៅលើ ទីលេងមហោស្រព
28, Dec 2021 , 7:29 am        
រូបភាព
តាមវចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «រង្គ» មានន័យពីរផ្សេងគ្នា។ ន័យទីមួយ សំដៅលើ​គ្រឿងជ្រលក់, ទឹកជ្រលក់; ថ្នាំព័ណ៌។ ជ័រមានសម្បុរលឿង សម្រាប់ប្រើជាថ្នាំគំនូរឬប្រើជាថ្នាំរម្ងាប់រោគខ្លះក៏បាន។ រីឯន័យ​ទីពីរ មានន័យថា ការរីករាយសប្បាយ, ល្បែងរបាំ, ល្ខោន; ចម្បាំង។ ទៅកាន់ទីរង្គ, កណ្ដាលរឿនរង្គ ។

 
បទសមាស ជាមួយ​នឹង​សព្ទ «រង្គ» មានដូចជា រង្គភូមិ ( រង់-គៈភូម ) ដែលមានន័យថា ទីលេងមហោស្រព; សមរភូមិ ( ទីចម្បាំង ) ។ រង្គសាល ឬ រង្គសាលា ( រង់គៈ—  ) រោងរាំ, រោងល្ខោន ។ល។ នេះ​បើតាមការពន្យល់​ក្នុង​វចនានុក្រម។ រោងកុន រោងធំទូលាយសម្រាប់លេងកុន ក៏មានន័យស្មើ រង្គសាល ផងដែរ ។ រោងក្រសាល រោងសម្រាប់ទទួលភ្ញៀវ, សម្រាប់អង្គុយលំហែតាមសប្បាយ ( ហៅ រោងត្រសាល ក៏មាន ) ។
 
បច្ចុប្បន្នពាក្យ​ «រង្គសាល» មានន័យ​ទូលំទូលាយជាងនេះ ពោល​គឺមិនត្រឹមតែ​រោង​រាំ ឬ រោងល្ខោននោះឡើយ។ វាជាកន្លែង​បម្រើ​ការ​សប្បាយ​ដូចជា ក្លឹបកម្សាន្ត ខារ៉ាអូខេ ឌីស្កូតែក និង​បៀរហ្គាឌិន យ៉ាងដូច្នោះដែរ។ 
 
រីឯ «រង្គាជីព» ចេញពីពាក្យ​ «រង្គ» បូកនឹង «អាជីវ» ដែលមានន័យថា អ្នកចិញ្ចឹមជីវិតដោយការលេងមហោស្រព ( អ្នករាំ, តួល្ខោន ); អ្នកចិញ្ចឹមជីវិតដោយការផាត់ថ្នាំ ( ជាងលាបថ្នាំ, ជាងគំនូរ)៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com