ជាតិ
សេដ្ឋកិច្ច
កិច្ចព្រមពៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន «CCFTA» និង «RCEP» ចូលជាធរមាន នៅដើមឆ្នាំ២០២២
26, Dec 2021 , 11:19 am        
រូបភាព
 សម្តេច ហ៊ុន សែន(ឆ្វេង) កំពុងចាប់ដៃជាមួយលោក ស៊ី ជីនពីង ដែលជាប្រធានាធិបតីចិន។ រូបថត៖ ហ្វេសប៊ុកផេក សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន(ឆ្វេង) កំពុងចាប់ដៃជាមួយលោក ស៊ី ជីនពីង ដែលជាប្រធានាធិបតីចិន។ រូបថត៖ ហ្វេសប៊ុកផេក សម្តេច ហ៊ុន សែន
ភ្នំពេញ៖  កិច្ចព្រមពៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន(CCFTA) ត្រូវបានចូលជាធរមាននៅថ្ងៃទី១មករា ឆ្នាំ២០២២។ ក្នុងថ្ងៃជាមួយគ្នានេះ កិច្ចព្រមពៀងពាណិជ្ជកម្មសេរីក្នុងតំបន់ «RCEP» រវាងប្រទេសទាំង១០នៅអាស៊ាន ជាមួយនឹងប្រទេសចំនួន៥ទៀត ក៏នឹងបានចូលធរមាន ផងដែរ។ តាមរយៈកិច្ចព្រមព្រៀងទាំង២នេះ គឺបានបើកផ្លូវពាណិជ្ជកម្មយ៉ាងធំរបស់កម្ពុជា ក្នុងការនាំចេញផលិតផលកសិកម្ម ដែលមានសក្កានុពលទៅកាន់ទីផ្សារនៃប្រទេសគោលដៅបានដោយត្រង់។

សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា គឺជាព្រឹត្តិការណ៍ថ្មីមួយទៀត ក្នុងការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគី និងជួយជំរុញសហគ្រាសក្រុមហ៊ុន និងបង្កើតអត្ថប្រយោជន៍កាន់តែច្រើន សម្រាប់ប្រជាជននៃប្រទេសទាំងពីរនេះ។ 
 
យោងតាមការរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ សមាមាត្រលើកលែងពន្ធលើទំនិញពាណិជ្ជកម្ម នៃភាគីទាំងពីរមានជាង៩០ភាគរយ។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ កម្ពុជារំពឹងថា ការនាំចេញពីកម្ពុជាទៅចិន នឹងមានការកើនឡើងប្រមាណ២៥ភាគរយ។  លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ធ្លាប់អះអាងថា ទំនិញកម្ពុជាជាង៣០០មុខ អាចនាំទៅចិនបានដោយមិនគិតពន្ធ នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ចូលជាធរមាន។ លោកបានបញ្ជាក់ថា ក្នុងចំណោមមុខទំនិញជាង៣០០មុខនេះ គឺមានផលិតផលកសិកម្ម៩៥ភាគរយ ត្រូវរួចពន្ធសម្រាប់ការនាំចេញទៅចិន។ ប៉ុន្តែ ផលិតផលគ្រឿងចក្រ និងយានយន្តផ្សេងៗវិញ ចិននៅតែបន្តយកពន្ធនាំចូលដដែល។
 
ចំពោះ Regional Comprehensive Economic Partnership (RCEP) គឺជាកិច្ចព្រមពៀងពាណិជ្ជកម្មសេរីក្នុងតំបន់ដែលមានប្រទេសចំនួន១៥ចូលរួម ដោយនៅក្នុងនោះមានប្រទេស១០ទាំងរបស់អាស៊ាន រួមជាមួយ ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ ក្រោយពី RCEP ចូលជាធរមាននៅថ្ងៃទី១មករា ឆ្នាំ២០២២ កម្ពុជាក៏ដូចប្រទេសទាំង១៤ទៀត គឺមានសិទ្ធិស្មើគ្នាក្នុងការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារប្រទេសណាដែលមានសក្កានុពល។ 
 

 រូបតំណាង៖ ទិដ្ឋភាពមហាញឹមនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីថ្ងៃទី៣០វិច្ឆិកា ឆ្នាំ២០២១។ រូបថត៖ អ៊ូ សុខមាន

កន្លងមក លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រោយRCEP លេចចេញរូបរាង កម្ពុជានឹងអាចដោះស្រាយនូវបញ្ហានាំចេញ ជាពិសេសកសិផលដែលមានសក្កានុពលតែម្តង។ លោក មានប្រសាសន៍ដូច្នេះ៖«ខ្ញុំជឿថានៅឆ្នាំ២០២២ នឹងមានការផ្លាស់ប្តូរច្រើនដើម្បីជំរុញនូវការនាំចេញកសិផលស្រស់ឬកែច្នៃរបស់យើង ទៅកាន់ប្រទេសគោលដៅដោយត្រង់»។  
 
ផលិតផលកសិកម្មរបស់កម្ពុជា ដែលមានសក្កានុពលក្នុងការនាំចេញទៅប្រទេសទាំងនោះ រួមមានផ្លែមៀនប៉ៃលិន(តាង៉ែន) ប័រ ស្វាយ ស្ករត្នោត គ្រាប់ស្វាយចន្ទី ម្ទេស ល្ង  ដំឡូវជ្វា និងចេកក្រៀម រួមទាំងផលិតផលកសិកម្មផ្សេងទៀត ដែលស្ថិតនៅក្នុងបញ្ជីឈ្មោះរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើតាមលោក ប៉ាន សូរស័ក្ត។ 
 
សូមជម្រាបថា RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតមិនធ្លាប់មានពីមុនមក។  កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ បានគ្របដណ្តប់លើប្រជាជនជាង២ពាន់លាននាក់(ប្រមាណ៣០ភាគរយ)នៃចំនួនប្រជាជនពិភពលោក ខណៈផលិតផលក្នុងស្រុកសរុប(GDP)របស់ប្រទេសជាសមាជិកទាំង១៥នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ គឺស្មើនឹងជាង៣៣ភាគរយឬមួយភាគបីនៃGDPរបស់ពិភពលោក ហើយក៏ស្មើនឹងមួយភាគបីនៃពាណិជ្ជកម្មពិភពលោក ផងដែរ៕
 

Tag:
 ពាណិជ្ជកម្ម
  CCFTA
  RCEP
© រក្សាសិទ្ធិដោយ thmeythmey.com