ជាតិ
ព្រឹត្តិការណ៍កសិកម្មប្រចាំឆ្នាំ៖ មៀនប៉ៃលិនបន្តរាំងស្ទះគ្មានទីផ្សារ ខណៈស្រូវ ត្រី និងជ្រូក ជួបបញ្ហាតម្លៃ
27, Dec 2021 , 10:38 am        
រូបភាព
ភ្នំពេញ៖ ២ឆ្នាំនៃវិបត្តិកូវីដ-១៩ បានធ្វើឲ្យវិស័យកសិកម្មកម្ពុជាធ្លាក់ចុះយ៉ាងគំហុ​ក។ ដោយឡែក នៅឆ្នាំ២០២១នេះ កម្ពុជាបានសម្រេចការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន ប្រមាណ៥០ម៉ឺនតោន ខណៈផលិតផលកសិកម្មមួយចំនួនបន្តរាំងស្ទះគ្មានទីផ្សារ និងមានតម្លៃថោក។

 
សារព័ត៌មានថ្មីៗ នឹងលើកយកព្រឹត្តិការណ៍កសិកម្មសំខាន់ៗប្រចាំឆ្នាំ ២០២១ចំនួន៤ ដូចជា ចិន​អនុញ្ញាត​​ឲ្យ​​កម្ពុជា​នាំ​​ចេញ​​ស្វាយ​​ស្រស់​ទៅ​​ប្រទេស​​ខ្លួន​ ។ ចំណែកមៀនប៉ៃលិនគ្មានទីផ្សារ និងមានតម្លៃថោកដោយសារថៃបិទមិនឲ្យនាំចូល ខណៈជ្រូកកកស្ទះ និងលក់បានថោក និងស្រូវថោកគ្មានទីផ្សារ។  
 
ចិនអនុញ្ញាតឲ្យកម្ពុជានាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសរបស់ខ្លួន
 
រដ្ឋាភិបាលចិន កាលពីថ្ងៃទី២៦មេសា បានអនុញ្ញាតឲ្យកម្ពុជាអាចនាំផ្លែស្វាយស្រស់ប្រមាណ ៥០ម៉ឺនតោន ទៅកាន់ទីផ្សាររបស់ខ្លួនជារៀងរាល់ឆ្នាំ។ ក្រោយការចរចាទីផ្សារអស់រយៈពេល៣ឆ្នាំ ទីបំផុតចិនបានអនុម័តទទួលស្គាល់ជាផ្លូវការនូវបញ្ជីឈ្មោះចម្ការស្វាយចំនួន៣៧ និងរោងចក្រវេចខ្ចប់ចំនួន៥ ដែលអាចមានសិទ្ធិនាំចេញផ្លែស្វាយ ទៅកាន់ប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះបាន។ 
 
ផ្លែ​ស្វាយ ដែលអាចនាំចេញទៅទីផ្សារចិនបាន គឺត្រូវឆ្លងកាត់ការវាយតម្លៃលើហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជា ការ​ធ្វើ​ប្រព្រឹត្តិកម្ម​សម្លាប់សមាសភាពចង្រៃ​​ ដោយ​​ប្រើ​​ចំហាយ​​ទឹកក្តៅ​ (Vapor Heat Treatment - VHT) ​ឬ​ ​ប្រព្រឹត្តិកម្ម​​ទឹក​ក្តៅ​ (Hot Water Treatment - HWT) ស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ។ 
 
ផ្លែស្វាយស្រស់របស់កម្ពុជា គឺជាកសិផលទី២ បន្ទាប់ពីផ្លែចេកដែលបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន កាលពីឆ្នាំ២០២០។ មិនតែប៉ុណ្ណោះ ផលិតផលកសិកម្មកម្ពុជា ៤មុខទៀត ត្រូវបានភាគីចិនអនុញ្ញាតឲ្យនាំចេញដោយផ្ទាល់ដូចជា អង្ករ ចំណិតដំឡូងមីក្រៀម ស្វាយចន្ទី និងចុងអង្ករ។ ថ្មីៗនេះ ភាគីចិនក៏កំពុងសិក្សា និងវិភាគហានិភ័យលើផ្លែមៀន និងត្រីប្រារបស់កម្ពុជា ដើម្បីឈានដល់ការសម្រេចនាំចេញ ដោយផ្ទាល់នៅក្នុងរយៈពេលដ៏ខ្លីខាងមុខ។ 
រយៈពេល១១ខែក្នុងឆ្នាំ២០២១នេះ​​ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ទៅក្រៅប្រទេសសរុបជាង២២ម៉ឺនតោន​ ក្នុងនោះចិនមានចំនួន៦៣៨១៤តោន។ នេះបើតាមរបាយការណ៍ប្រកាសដោយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មនៅថ្ងៃទី១ធ្នូ។
 
មៀនប៉ៃលិនគ្មានទីផ្សារ និងមានតម្លៃថោក ដោយសារថៃបិទមិនឲ្យនាំចូល
 
អស់រយៈ៥ខែហើយ ដែលមៀនប៉ៃលិន បន្តគ្មានទីផ្សារ និងលក់បានតម្លៃថោក ដោយសារថៃបិទមិនឲ្យនាំចូល ខណៈផ្លែមៀនកម្ពុជា ត្រូវពឹងលើទីផ្សាររបស់ប្រទេសថៃ។ កសិករជាច្រើន បានត្អូញត្អែរពីការខាតបង់របស់ខ្លួន និងស្នើឲ្យក្រសួងកសិកម្ម ពន្លឿនការនាំចេញផ្លែមៀនប៉ៃលិន ទៅកាន់ប្រទេសចិនដោយផ្ទាល់ ដើម្បីធានាឲ្យបាននូវទីផ្សារពិតប្រាកដ។ 
 
កាលពីថ្ងៃទី១២ខែសីហា កសិករនៅខេត្តប៉ៃលិន និងបាត់ដំបង ជាច្រើនរយនាក់ បានប្រមូលផ្ដុំតវ៉ានៅច្រកព្រំដែនដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីទាមទារឲ្យភាគីថៃ ជួយសម្រួលឲ្យពួកគេអាចនាំផ្លែមៀនទៅលក់នៅថៃឡើងវិញ។ 
 
កាលពីថ្ងៃទី១៧សីហា សម្ដេច ហ៊ុន សែន ក៏បានប្រកាសទទួលទិញផ្លែមៀនពីកសិករមួយចំនួន ដើម្បីដោះស្រាយបញ្ហាមៀនកំពុងមានបញ្ហាទីផ្សារ។ ដ្បិតមានការជួយទិញពីនាយករដ្ឋមន្រ្តីមែន ប៉ុន្តែជួយដោះស្រាយបញ្ហាកសិករបានឡើយ។ កសិករ លើកឡើងថា​ ការជួយទិញនេះ នឹងមិនអាចដោះស្រាយបញ្ហាទីផ្សារផ្លែមៀនប៉ៃលិន រយៈពេលវែងបានទេ ប្រសិនបើ រដ្ឋាភិបាលមិនអាចរកទីផ្សារ ដែលមានលំនឹងពិតប្រាកដសម្រាប់ពលរដ្ឋ។ 
 
មកដល់ពេលនេះថៃនៅតែបន្តបិទមិនឲ្យនាំផ្លែមានប៉ៃលិន ទៅកាន់ប្រទេសរបស់ខ្លួន ខណៈលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា ក្រសួង បានដឹងពីបញ្ហាប្រឈមរបស់កសិករ។ ប៉ុន្តែការដោះស្រាយមិនមែនជាការងារងាយស្រួលនោះទេ គឺត្រូវដោះស្រាយជាកញ្ចប់ ដែលមានការជាប់ពាក់ព័ន្ធជាលក្ខណៈអន្តរក្រសួង និងត្រូវពិនិត្យលើតម្លៃដឹកជញ្ជូន និងពេលវេលា ការលាងសម្អាតសមាសភាពចង្រៃ ការវិចខ្ចប់ ការស្តុកត្រជាក់ តម្លៃកុងទ័នឺរជាដើម រួមទាំងសមត្ថភាពវិស័យឯកជន គុណភាពផលិតផល និងលក្ខខណ្ឌតម្រូវទីផ្សារនៅក្រៅប្រទេសផងដែរ។
ទោះជាយ៉ាងនេះ ផ្លែមៀន​ប៉ៃលិន អាចនឹងមានសង្ឃឹមឡើងវិញ គឺបន្ទាប់រដ្ឋាភិបាលចិន សម្រេចសិក្សា និងវិភាគហានិភ័យលើផ្លែមៀន ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិននាពេលរដូវប្រមូលផលលើកក្រោយ៕ 
 
ជ្រូកកកស្ទះ និងលក់បានថោក 
 
ជាង ៣ខែហើយទីផ្សារជូករស់កម្ពុជា នៅតែបន្តធ្លាក់ថ្លៃ ខណៈសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា តម្លៃជ្រូករស់នឹងងើបឡើងវិញ នៅពាក់កណ្ដាលខែធ្នូ ឬដើមខែមករា បន្ទាប់ពីរដ្ឋាភិបាលបើកឲ្យដំណើរការប្រទេស។ ស្របពេលនេះ ក្រសួងកសិកម្ម បានបិទការនាំចូលពីប្រទេសជិតខាងទាំងស្រុង ដូច្នេះ ជ្រូករស់អាចនឹងឡើងថ្លៃដល់១១០០០ ទៅ១២០០០រៀលក្នុងមួយគីឡូ។
 
ទីផ្សារជ្រូកបានធ្លាក់ចុះយ៉ាងគំហុក តាំងបុណ្យពិធីបុណ្យភ្ជុំបិណ្ឌមក។ សព្វថ្ងៃ កសិករចិញ្ចឹមជ្រូកក្នុងស្រុករងការខាតបង់យ៉ាងខ្លាំងដោយសារតម្លៃថោក និងគ្មានទីផ្សារ រីឯចំណីឡើងថ្លៃ។ ដូច្នេះ ប្រសិនបើ តម្លៃជ្រូករស់ឡើងមិនដល់១២០០០រៀលនោះទេ កសិករនឹងប្រឈមខាតបង់ទៀត។ លោក ស្រ៊ុន ពៅ ប្រធានសមគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗកាល២៥ពីថ្ងៃទី១៧ ខែវិច្ឆិកា។
 
ទោះជាយ៉ាងណា លោក ស៊្រុន ពៅ អះអាងថា តម្លៃជ្រូករស់នៅកម្ពុជានឹងងើបឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលបើកឲ្យរៀបចំពិធីមង្គលការ បុណ្យ និងទេសចរណ៌ទូទាំងប្រទេស ខណៈក្រសួងកសិកម្ម បានបិទការនាំចូទាំងស្រុងពីប្រទេសជិតខាង។
 
លោក ប្រាប់ដូច្នេះថា៖«ខ្ញុំជឿជាក់ថា មិនឲ្យហួស១ខែទៀតទេ ជ្រូករស់នឹងឡើងថ្លៃវិញ។ អ៊ីចឹង! យើងសង្ឃឹមថាវានឹងឡើងថ្លៃ ក្រោមមូលហេតុ យើងបិទមិនឲ្យប្រទេសជិតខាងចូល។ យើងបិទការនាំចូលទាំងស្រុក កាលពីអាទិត្យមុន ហើយខ្ញុំក៏បានចុះល្បាត ដើម្បីយកព័ត៌មានតាមព្រំដែនដែរ ឃើញថាពិតជាមានការបិទ១០០ភាគរយមែន»។ 
 
ស្រូវថោកគ្មានទីផ្សារ ខណៈជី និង​ថ្នាំឡើងថ្លៃ
 
ជិត១ឆ្នាំមកនេះ មានពលរដ្ឋជាច្រើននៅតែត្អូញត្អែពីស្រូវគ្មានទីផ្សារ និងតម្លៃថោក ស្របពេលជី និងថ្នាំកសិកម្ម បន្តឡើងថ្លៃជាបន្តបន្ទាប់ ដែលបានធ្វើឲ្យកសិករមួយចំនួន រងការខាតបង់ប្រាក់ចំណូលកាន់តែខ្លាំង ។ កសិផល គ្មានឈ្មួញទិញ និងលក់បានតម្លៃថោក។ កសិករខ្លះ ចង់បោះបង់មុខរបរធ្វើស្រែចម្ការ ដោយងាកទៅធ្វើការងាររោងចក្រ ឬសំណង់វិញ ប្រសិនបើរដ្ឋមិនជួយដោះស្រាយ។


 
អ្នកជំនាញកសិកម្ម លោកបណ្ឌិត យ៉ង សាំងកុមារ បានលើកឡើងថា វិស័យកសិកម្មនៅកម្ពុជា កំពុងធ្លាក់ចូលក្នុងស្ថានភាពដ៏អាក្រក់​ ដោយសារ ជី ថ្នាំកសិកម្ម និងសាំងឡើងថ្លៃ ខណៈកសិករប្រឈមគ្មានទីផ្សារ និងលក់បានតម្លៃថោក។ ជាក់ស្ដែង ដូចជាស្រូវជាដើម ដែលមានតម្លៃត្រឹម៦០០ ឬ៧០០រៀល។ លោក លើកឡើងថា រដ្ឋគួរតែជួយជំរុញឲ្យតម្លៃលក់ចេញថ្លៃជាង តម្លៃដើមផលិត ដើម្បីកុំឲ្យកសិកររងខាតបង់បន្តទៀត។
 
លោក យ៉ង សាំងកុមារ បានបញ្ជាក់ដូច្នេះ៖«ការឡើងថ្លៃនេះ ប៉ះពាល់ធ្ងន់ធ្ងរណាស់ ជាពិសេសអ្នកធ្វើស្រែប្រាំង ដោយសារ​គាត់(កសិករ)​ត្រូវប្រើប្រាស់ជី និងប្រេងបូមទឹកច្រើន។ អ៊ីចឹង! នៅរដូវប្រាំងខាងមុខនេះ បើតម្លៃស្រូវនៅតែ ៦០០ ឬ៧០០រៀលទេ នោះកសិករច្បាស់ជាខាតបង់។ អ៊ីចឹង! ស្ថានភាពនេះ វាអាក្រក់មែនទេ ត្រង់ជីក៏ថ្លៃ ប្រេងក៏ថ្លៃ ហើយស្រូវថោក»។  
 
ជុំវិញបញ្ហានេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានប្រាប់ពីមូលហេតុ ដែលធ្វើឲ្យជី និងថ្នាំកសិកម្ម នៅកម្ពុជាបន្តឡើងថ្លៃ គឺដោយសារនៅបណ្តាប្រទេសផលិត ថ្នាំកសិកម្ម និងជីកសិកម្មនាំចេញ មានបញ្ហារអាក់រអួលផ្នែកផលិតកម្ម។ វត្ថុធាតុដើមមានការខ្វះខាតក្នុងការផ្គត់ផ្គង់ពីប្រទេសផលិតធំៗ មានដូចជា ចិន ម៉ាឡេស៊ី និងអារ៉ាប់។
 
រដ្ឋមន្រ្តីក្រសួងកសិកម្មរូបនេះ បន្ថែមថា ផលិតកម្មជីកសិកម្ម ត្រូវបានកាត់បន្ថយ ដោយសារកម្លាំងពលកម្មថយចុះ ខណៈការដឹកជញ្ជូនប្រើពេលវេលាយូរ និងមានតម្លៃខ្ពស់ ដែលបណ្ដាលមកបញ្ហាកូវីដ-១៩។ មិនតែប៉ុណ្ណោះ ការចំណាយលើការរៀបចំវេចខ្ចប់ឡើងវិញ ក៏ជាបន្ទុកមួយទៀត ដែលត្រូវការសំបកវេចខ្ចប់បោះពុម្ពជាភាសាខ្មែរ។ ក្រុមហ៊ុនផ្គត់ផ្គង់ជី ថ្នាំកសិកម្មមួយចំនួនធំ មិនបានទៅទិញដល់រោងចក្រផលិតផ្ទាល់ ដោយទិញតាមរយៈឈ្មួញកណ្តាល ដែលជាហេតុធ្វើឱ្យជី និងថ្នាំកសិកម្មថ្លៃជាងតម្លៃនៅរោងចក្រផលិត។ 
 
ជំងឺដុំពកលើស្បែក បានធ្វើឲ្យសត្វគោប្រមាណ៣ម៉ឺនក្បាលឈឺ 
 
ជំងឺដុំពកលើស្បែកគោ ឬក្របី បានបង្កផលប៉ះពាល់លើសុខមាលភាពសត្វ និងខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងដល់កសិករចិញ្ចឹមគោ ក្របី ស្ទើទូទាំងប្រទេស។ ជាក់ស្ដែង កាលពីខែសីហាកន្លងទៅ មានសត្វគោជាង ៣ម៉ឺនក្បាលបានឈឺ និងគោមួយចំនួនទៀតងាប់ ដោយសារជំងឺដុំពកលើស្បែកនេះ។
 
ជំងឺដុំពកស្បែកគោបានផ្ទុះឡើងលើកដំបូង កាលពីដើមមិថុនាឆ្នាំ២០២១ នៅខេត្តព្រះវិហារ និងឧត្តរមានជ័យ និងខេត្តមួយចំនួនទៀតជាប់ព្រំដែនថៃ។រហូតមកដល់ថ្ងៃទី ២៩កក្កដា មានករណីគោឈឺចំនួន ៦,៨០៤ករណី ក្នុងនោះជាសះស្បើយចំនួន៦៥ភាគរយ និង ឈឺនៅឡើយមាន៣៥
ភាគរយ សត្វបានងាប់ចំនួន១ភាគរយ (ភាគច្រើនលើកូនគោ)។ ការផ្ទុះនូវជំងឺពកស្បែកគោននេះ បានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់សេដ្ឋកិច្ចនៃអ្នកចិញ្ចឹម ជាពិសេសក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដ ១៩។ នេះបើតាមលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។


 
នៅថ្ងៃទី២៩សីហា លោក វេង សាខុន បានបន្តថា ជំងឺដុំពកគោបានឆ្លងរីរាលដាលយ៉ាងលឿន ពីខេត្តជាប់ព្រំដែនថៃ ទៅតំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា ជាពិសេសនៅខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តព្រៃវែង ដែលបានធ្វើឲ្យសត្វគោឈឺជាង ៣ម៉ឺនក្បាល ជាពិសេសបានឆ្លងទៅលើកូនគោ ។ 
 
ត្រីចុះថោក និងគ្មានទីផ្សារ ធ្វើឲ្យកសិករមួយចំនួនចង់បោះបង់ការចិញ្ចឹម
 
ត្រីចិញ្ចឹមក្នុងស្រុកគ្មានទីផ្សារ កំពុងក្លាយជាបញ្ហាដ៏ចម្បងមួយ ដែលធ្វើឱ្យកសិករខ្លះ ចង់បោះបង់មុខរបរចិញ្ចឹមត្រីនេះចោល។ កសិករមួយចំនួន លើកឡើងថា វិបត្តិកូវីដ១៩ រយៈពេល២ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យតម្លៃត្រីក្នុងស្រុកបន្តចុះថោកខ្លាំង ការនាំចូលពីវៀតណាមមានទំហំច្រើន។ 
 
កាលពីខែមិថុនាកន្លងទៅ សមាគមវារីវប្បករនៅកម្ពុជា បានអះអាងថា ត្រីក្នុងស្រុកជាង១ម៉ឺនតោន បានកកស្ទះមិនមានទីផ្សារលក់ចេញ ដោយសារនៅតែមានការនាំចូលត្រីខុសច្បាប់ពីប្រទេសវៀតណាម។ ប៉ុន្តែលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានប្រតិកម្មថា សមាគមវារីវប្បកម្មនៅតែលើកឡើងពីបញ្ហាត្រីនាំចូលពីវៀតណាមដដែលៗ ខណៈតាមរបាយការណ៍ ដែលលោកទទួលបានពីរដ្ឋបាលជលផល ថា ឈ្មួញមិនមានការនាំចូលពីវៀតណាមនោះទេ ដូចជាត្រីប្រា ត្រីពោ និងត្រីឆ្តោ ជាដើម។
 
កម្ពុជាមានតម្រូវការត្រីដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក្នុងមួយឆ្នាំចំនួន៩០០ពាន់តោន ក្នុងនោះ ៦០០ពាន់តោនជាទិន្នផលបានមកពីប្រភពធម្មជាតិ និង២០០ពាន់តោន បានមកពីវិស័យវារីវប្បកម្ម។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម៕ 

Tag:
 មៀនប៉ៃលិន
 ផ្លែស្វាយស្រស់
 ជ្រូកកកស្ទះ
© រក្សាសិទ្ធិដោយ thmeythmey.com