ពីនេះ ពីនោះ
សទិសសព្ទ​ សួរ, សួគ៌ និង សួ
02, Jan 2022 , 7:29 am        
រូបភាព
«សួរ», «សួគ៌» និង «សួ» ជាសទិសសព្ទ ដោយមាន​សូរដូចគ្នា ប៉ុន្តន័យ​ខុសគ្នាទាំងស្រុង។ សារព័ត៌មាន​ថ្មីៗ សូម​លើកយកពាក្យទាំងនេះ មកពន្យល់ដោយផ្អែកតាមវចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
«សួរ»៖ ពោលពាក្យឆ្ពោះទៅរកអ្នកដទៃឲ្យគេឆ្លើយតប, ឲ្យគេប្រាប់។ សួរដំណឹង, សួរឲ្យដឹងការណ៍ ។ សួរនាំ សួរឲ្យណែនាំ ។ សួរមាត់សួរពាក្យ សួរបញ្ជាក់ឲ្យដឹងថាបាននិយាយមែនឬទេ?។ សួរសុខទុក្ខ សួរឲ្យដឹងអំពីសុខទុក្ខ ។ ល ។
 
«សួគ៌»៖ ទេវលោក, លោកទិព្វ, ឋានទេវតា។ ទៅសួគ៌, ឋានសួគ៌, ផ្លូវសួគ៌។ ឆកាមាវចរសួគ៌ មានន័យថា ឋានសួគ៌ក្នុងពួកកាមាវចរ ៦ជាន់។ សម្រាប់ប្រើក្នុងកាព្យ ជា សួគ៌ា ក៏មាន; ( ព. កា. ) អ្នកធ្វើបុណ្យទាន គេតែងតែបាន ផលានិសង្ស ជិតអស់ជីវិត ចិត្តគិតឆ្ពោះត្រង់ បុណ្យដែលផ្ចិតផ្ចង់ ផ្ដល់សួគ៌ាឲ្យ ។ ឃើញក្នុងមនោ បុណ្យលេចចេញធ្លោ ព្រោះផលអំណោយ បុណ្យទានដែលធ្វើ ជួនឮដង្ហោយ ស្រែកហៅថាឲ្យ លះលោកនេះទៅ ។ ទៅនៅភពថ្មី ដែលជាបុរី សួគ៌សុខមាននៅ ជានិច្ចនិរន្ដ៍រ ឥតមានក្ដីក្ដៅ អ្នកកុំទ្រាំនៅ ឋានមនុស្សយូរពេក ។ 
 
«សួ»៖ ដើរលើស្នួឬលើអ្វីៗដែលមានគ្រឿងតោងផង។ សួស្ពានឫស្សី, សួស្នួ, សួមែកឈើ ។ សួព្រ័ត្រ កាន់សំណុំកន្ទុយក្ងោករាំដើរសួលើព្រ័ត្រចងខ្វែង។ ល្បែងសួព្រ័ត្រ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com