ជាតិ
អតីតនិស្សិតកសិកម្ម១០រូប បើកកសិដ្ឋាន និងអភិវឌ្ឍន៍ភូមិស្រុកខ្លួន ដើម្បីជំរុញផលិតផលក្នុងស្រុក
09, Apr 2022 , 10:59 pm        
រូបភាព
ភ្នំពេញ៖ អតីតនិស្សិតកសិកម្ម១០រូប ដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម រយៈពេល៤ឆ្នាំ បានយកចំណេះជំនាញខ្លួន ទៅបើកកសិដ្ឋានខ្លួនឯង ដើម្បីជំរុញផលិតផលក្នុងស្រុក និងការនាំចេញទៅបរទេសថែមទៀតផង។


 


លោក សាយ ពន្លឺចិត្តករុណា 
លោក សាយ ពន្លឺចិត្តករុណា ជាអតីតនិស្សិតជំនាញកែច្នៃផលិតផលកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានដាំផ្លែម្នាស់ទឹកឃ្មុំ រយៈពេលជាង១៣ឆ្នាំហើយ។ ចម្ការម្នាស់របស់លោក ករុណា មានផ្ទៃដីជាង១០ហិកតា ដាំដុះផ្លែម្នាស់ទឹកឃ្មុំចំនួន២០ម៉ឺនដើម។ មិនត្រឹមតែផ្គត់ផ្គង់តម្រូវការក្នុងស្រុកឡើយ ម្នាស់ទឹកឃ្មុំរបស់កសិករខេត្តត្បូងឃ្មុំរូបនេះ ក៏នាំចេញទីផ្សារអន្តរជាតិទីក្រុងឌូបៃ (ប្រទេសអារ៉ាប់រួម) និងអ៊ីស្រាអែលផងដែរ។ បន្ទាប់ពីមានសុទិដ្ឋិនិយមទាំងបរទេស និងក្នុងស្រុក លោក ករុណា គ្រោងពង្រីកការដាំដុះឱ្យកើនដល់៤៥ម៉ឺនដើម នាបំណាច់ឆ្នាំ២០២១នេះផងដែរ។ 
 
មិនមែនមានតែចម្ការដាំម្នាស់នោះឡើយ និស្សិតបញ្ចប់ការសិក្សាកសិកម្ម លោក សាយ ពន្លឺចិត្តករុណា ក៏មានសិប្បកម្មកែច្នៃទឹកម្នាស់មួយកន្លែង ដែលមានលទ្ធភាពផលិតទឹកម្នាស់បានពី៣,០០០ ទៅ៤,០០០ដប ក្នុងមួយថ្ងៃផងដែរ។ សព្វថ្ងៃលោកកំពុងស្វែងរកដៃគូវិនិយោគលើការផលិតកម្មកែច្នៃម្នាស់ និងបង្កើតសហគមន៍អ្នកដាំម្នាស់នេះ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុក និងនាំចេញទៅក្រៅបរទេស។


កញ្ញា ម៉ូត សាយ
ងាកមកអតីតនិស្សិតកសិកម្មម្នាក់ទៀត កញ្ញា ម៉ូត សាយ បានបង្កើតកសិដ្ឋានដាំបន្លែសុវត្ថិភាពមួយកន្លែង ក្នុងភូមិកំណើតខ្លួន នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ម្ចាស់កសិដ្ឋានវ័យក្មេងរូបនេះ យល់ច្បាស់ពីអត្ថប្រយោជន៍នៃបន្លែសុវត្ថិភាព និងចង់ឱ្យពលរដ្ឋខ្មែរមានសុខភាពល្អ តាមរយៈបរិភោគបន្លែដែលខ្លួនបានដាំ។ អាជីវកម្មបន្លែសុវត្ថិភាពរបស់កញ្ញា សាយ មិនត្រឹមតែអាចរកចំណូលផ្គត់ផ្គង់ជីវភាពឡើយ តែកញ្ញា ក៏បើកឱកាសដល់កសិករ ដែលមានបំណងមករៀនសូត្រពីបច្ចេកទេសដាំ ពិសេសដាំបន្លែលើទឹក អាចមករៀនក្នុងកសិដ្ឋានខ្លួនបាន។ ចម្ការបន្លែសុវត្ថិភាពរបស់កញ្ញា ម៉ូត សាយ មានផ្ទៃដី២ហិកតា ក្នុងនោះមានរោងសំណាញ់២ សម្រាប់ដាំដំណាំហូបផ្លែ មានដូចជាល្ពៅ សណ្ដែក ប៉េងប៉ោះ សាឡាត់ និងខាត់ណាស្លឹកជាដើម។


លោក វ៉ាន រ៉ានុត 
ចំណែកឯ លោក វ៉ាន រ៉ានុត ក៏ជាអតីតនិស្សិតកសិកម្មមួយរូប នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មផងដែរ។ ក្រោយបញ្ចប់ការសិក្សា យុវជនវ័យ២៤ឆ្នាំរូបនេះ បានយកចំណេះដឹងខ្លួនទៅអភិវឌ្ឍការដាំដុះបន្លែលើទឹក នៅទឹកដីកំណើតខ្លួននាខេត្តសៀមរាប។ លោក រ៉ានុត បានចាប់ផ្ដើមរៀបចំរោងដាំបន្លែហៃដ្រូផូនិក ឬបន្លែលើទឹកនេះ ក្រោយបញ្ចប់ថ្នាក់​បរិញ្ញាបត្រ នាដើមឆ្នាំ២០២០។ បច្ចុប្បន្ន បន្លែ​លើទឹក​របស់លោក រ៉ានុត មានដូចជា សាឡាត់​ស្រួយ និង​បន្លែ​ស្ពៃ​ផ្សេងៗទៀត ដោយ​ផ្គត់ផ្គង់​នៅក្នុង​ភូមិ និង​ទីតាំង​ដែល​នៅ​ជិត​ផ្ទះ​របស់ខ្លួន​។ កសិករវ័យក្មេងលោក វ៉ាន រ៉ានុត ពេញចិត្តនឹងការងារខ្លួន ហើយលោក ក៏មានគម្រោងពង្រីកអាជីវកម្មមួយនេះបន្ថែមផងដែរ។


លោក នូ សុធារិទ្ធិ
រីឯលោក នូ សុធារិទ្ធិ ក៏ជាអតីតនិស្សិតកសិកម្មមួយរូប បានបង្កើតផ្សារធម្មជាតិ ដែលទទួលទិញកសិផលខ្មែរដូចជា បន្លែ ត្រី សាច់ ផ្លែឈើ និងគ្រឿងផ្អាប់ ដូចជា ផ្អក ប្រហុក ពីកសិករតាមបណ្ដាខេត្តផ្សេងៗទូទាំងប្រទេស។ លោក សុធារិទ្ធិ ជាអ្នកភ្នំពេញ ហើយបានបញ្ចប់ការសិក្សាជំនាញកសិកម្មនេះ កាលពីឆ្នាំ២០១២។ ក្រោយមកលោក ក៏បង្កើតអាជីវកម្មទន្ទឹមនឹងជំនាញខ្លួន ដោយសារចិត្តស្រឡាញ់ និងមើលឃើញថា​វិស័យ​កសិកម្ម​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ ​សម្រាប់​ជួយ​កសិករ​ឲ្យ​មាន​ប្រាក់ចំណូល និង​ជា​ទីផ្សារការងារ​ដ៏​ធំ​សម្រាប់​និស្សិត​។ ផ្សារធម្មជាតិឈ្មោះថា «ចំការខ្មែរ» របស់លោក នូ សុធារិទ្ធិ បានធ្វើ​កុងត្រា​ជាមួយ​កសិករ ដើម្បី​ឲ្យ​ពួកគាត់​ដាំ​ដុះ​បន្លែ ផ្លែឈើ ដែល​មិន​ប្រើប្រាស់​សារធាតុ​គីមី និង​ឲ្យ​ពួកគាត់​ផលិត​ក្នុង​បរិមាណ ៣-៤​គីឡូ​ក្នុង​បន្លែ​មួយ​មុខ​សម្រាប់​កសិករ​ម្នាក់​។ ក្នុងនោះ​កសិករ​ដែល​បាន​ចុះ​កុងត្រា​ត្រូវ​ផ្ដល់​បន្លែ​ដល់​ហាង​ចំការ​ខ្មែរ​ជា​រៀងរាល់ថ្ងៃ​ ហើយ​កសិផល​របស់​ក​សិ​ករ ត្រូវតែ​ជា​កសិផល​ធម្មជាតិ ដោយមាន​ការពិនិត្យ​ត្រឹមត្រូវ​ពី​អ្នកជំនាញ​កសិកម្ម មុននឹង​យកមក​លក់​នៅ​ភ្នំពេញ​។

ជាមួយគ្នានេះ លោក តាន់ នរវិន្ទ ដែលជាអតីតនិស្សិតកសិកម្ម បានបង្កើតកសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី ស្ថិតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ កសិដ្ឋានរបស់លោក អាចបង្កាត់ពូជបង្កងអូស្រ្តាលីបានចន្លោះពី៥-១០ម៉ឺនកូនក្នុងមួយខែ។ ក្នុងកសិដ្ឋានរបស់កសិកររូបនេះ មានអាងបង្កាត់ពូជបង្កងចំនួន៦២អាង,ស្រះចិញ្ចឹមធំ-តូចចំនួន៦០ស្រះ,ស្រះបម្រុងទឹក,ស្រះបន្សុតទឹក,ស្រះទទួលកាកសំណល់ និងមានរៀបចំប្រឡាយបម្រុងទឹកជុំវិញកសិដ្ឋានផងដែរ។ បច្ចុប្បន្ន លោក នរវិន្ទ គ្មានលទ្ធភាពផ្គត់ផ្គង់តម្រូវការទីផ្សារគ្រប់ឡើយ ព្រោះមានកសិករចិញ្ចឹមច្រើន។
 
ដោយឡែកលោក ជឿក គឹមយ៉ាង អតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម ជំនាញក្សេត្រសាស្រ្ត បានទៅសិក្សានិង​ធ្វើការ​នៅ​ប្រទេស​អ៊ីស្រាអែល​រយៈពេល១១​ខែ​។ ក្រោយ​ត្រលប់​ពី​ប្រទេស​អ៊ីស្រាអែល នៅ​ឆ្នាំ​២០១៥ លោក​បាន​យកចំណេះ ជំនាញ និង​បទពិសោធ​ការងារ​ទាំងនោះ​ចែករំលែក​ដល់​កសិករ និង​និស្សិត​កសិកម្ម​ដែលមាន​បំណង​ទៅ​ហាត់​ការ​នៅ​ប្រទេស​អ៊ីស្រាអែល​។ លោក ជឿ​ក គឹម​យ៉ាង មាន​ស្រុកកំណើត​នៅ​ភូមិ​ធ្លក​យុល ឃុំ​ពន្លៃ ស្រុក​អង្គរ​បូរី ខេត្តតាកែវ ហើយ​បច្ចុប្បន្ន​ធ្វើការ​ជា​អ្នក​ផ្សព្វផ្សាយ​ថ្នាំ​កសិកម្ម​ដល់​កសិករ​។ ទោះបី​បច្ចុប្បន្ន​លោក​មិនទាន់​យក​បទពិសោធ​ដែល​ធ្លាប់​ទទួលបាន​នៅ​អ៊ីស្រាអែល មក​អនុវត្ត​ខ្លួនឯងក្តី តែ​ជានិច្ចកាល​លោក​បាន​ចុះ​បង្រៀន ​ចែករំលែក​ពី​របៀប​ដាំ​ដុះ ​និង​បច្ចេកទេស​កសិកម្ម​ដល់​កសិករ​ផងដែរ​។​


លោក ខឹម ធី 
ដោយឡែក លោក ខឹម ធី អតីតនិស្សិតកសិកម្មជំនាញពេទ្យសត្វ ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ ។លោក​ ធ្លាប់បានទៅ​ហាត់ការងារ និងសិក្សាបន្ថែមនៅប្រទេសអ៊ីស្រាអែល កាលពីឆ្នាំ២០១៤។ បន្ទាប់ពីត្រឡប់មកវិញអ្នកខេត្តកំពង់ស្ពឺរូបនេះ បានយកចំណេះជំនាញ និងបទពិសោធខ្លួនមកអនុវត្តផ្ទាល់ក្នុងការងារនៅក្រុមហ៊ុនមួយដែលទាក់ទងនឹងទីផ្សារសត្វ។ តាមរយៈបទពិសោធហាត់ការនៅប្រទេសអ៊ីស្រាអែល បានជំរុញឲ្យ លោក ខឹម ធី មានផែនការរយៈពេល៥ឆ្នាំខាងមុខ ដោយបង្កើតកសិដ្ឋានចិញ្ចឹមសត្វដោយខ្លួនឯង។ ដ្បិតគោលដៅរបស់លោក ខឹម ធី នៅរយៈវែងក្តី តែយុវជនរូបនេះ យល់ថាវាមិនយូរនោះទេ ព្រោះចង់ដកស្រង់បទពិសោធឲ្យបានច្រើនជាងនេះ ពិសេសទាក់ទងទីផ្សារសត្វរស់ក្នុងស្រុកបច្ចុប្បន្ន។ 
 
មិនខុសគ្នាពីលោក ខឹម ធី អតីតនិស្សិតកសិកម្មម្នាក់ទៀត កញ្ញា យុង ណៃហេង ក៏បម្រើការងារឱ្យក្រុមហ៊ុនឯកជនលើវិស័យកសិកម្មផងដែរ ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ។ កញ្ញា យុង ណៃហេង ធ្វើការជាអ្នកសរសេរ​របាយការណ៍​ពី​ទិន្នន័យ​កសិកម្ម នៅក្នុងកសិដ្ឋានដាំចេកមួយកន្លែង នៅស្រុកឈូក ខេត្តកំពត។ ការសម្រេចចិត្តរៀនជំនាញកសិកម្មនេះ គឺកើតចេញពីក្ដីស្រឡាញ់របស់កញ្ញា ដោយយល់ថាវា​នឹង​អាច​ឲ្យ​នាង មានលទ្ធភាព​ជួយ​ផ្នែក​កសិកម្ម​នៅ​កម្ពុជា តាមរយៈ​ការបើក​កសិដ្ឋាន​ផ្ទាល់ខ្លួន​មួយ​នៅ​ថ្ងៃ​អនាគត​។ កញ្ញា ណៃ​ហេង ដែល​មានកូន​ចិត្ត​ចង់​បើក​កសិដ្ឋាន​ចម្រុះ​ផ្ទាល់ខ្លួន​មួយ​នោះ បាន​ជំរុញ​ឲ្យ​យុវជន​ចូលរួម​លើ​ផ្នែក​កសិកម្ម​ឲ្យ​ច្រើន ដើម្បី​ជួយ​ស្ដារ​លទ្ធភាព​ប្រកួតប្រជែង​របស់​កម្ពុជា ជាមួយ​ប្រទេសជិតខាង​លើ​វិស័យ​កសិកម្ម​នេះ​។

 កញ្ញា យុង ណៃហេង 
ចំណែកឯ អតីតនិស្សិតកសិកម្ម២រូបទៀត ដែលមានឱកាសទៅសិក្សា និងហាត់ការងារកសិកម្មបន្ថែម នៅប្រទេសអ៊ីស្រាអែល បានប្ដេជ្ញាស្រូបចំណេះដឹងពីបរទេស និងបទពិសោធថ្មីៗ មកចូលរួមអភិវឌ្ឍវិស័យកសិកម្ម នៅប្រទេសកំណើតខ្លួនឱ្យកាន់តែប្រសើរជាងមុនផងដែរ។ កញ្ញា សម្បត្តិ កញ្ញារ៉ា ជានិស្សិតខ្មែរមួយរូប បានទៅហាត់ការផ្នែកបណ្តុះកូនដំណាំ (បន្លែ និងផ្កា)​ នៅក្នុងប្រទេសអ៊ីស្រាអែល។ នៅទីនោះរយៈពេលជិត១ឆ្នាំ អតីតនិស្សិតកសិកម្មរូនេះ ទទួលបានបទពិសោធផ្ទាល់ និងចំណេះដឹងថ្មីៗ ពីបច្ចេកទេសទំនើបផ្នែកកសិកម្មជាច្រើន ពិសេសការអនុវត្តជាក់ស្តែង នូវការបណ្តុះកូនដំណាំនៅក្នុងកសិដ្ឋានធំមួយ ដោយប្រើប្រាស់កម្លាំងម៉ាស៊ីនស្វ័យប្រវត្តិ ដែលមានលក្ខណៈខុសប្លែកឆ្ងាយ ពីការបណ្តុះកូនដំណាំនៅកម្ពុជា ដែលប្រើដោយដៃ។ ក្រោយត្រឡប់មកវិញ យុវតីរូបនេះ មានបំណងយកចំណេះផ្នែកបច្ចេកទេសទំនើប ដែលខ្លួនទទួលបានពីប្រទេសអ៊ីស្រាអែល  មកអនុវត្តលើផ្នែកដុះដាំបន្លែ-ផ្លែឈើ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។​ រីឯលោក ថេង យ៉ានី ក៏មានឆន្ទៈមិនខុសពីកញ្ញា សម្បត្តិ កញ្ញារ៉ា ដែរ ក្នុងការនាំយកចំណេះដឹងនិងបទពិសោធរបស់ខ្លួន ដែលទទួលបានពីអ៊ីស្រាអែល មកលើកស្ទួយវិស័យកសិកម្មកម្ពុជា។ ថ្វីត្បិតចំណាយ១១ខែទៅហាត់ការនៅប្រទេសអ៊ីស្រាអែល ដោយមិនត្រូវនឹងជំនាញរបស់ខ្លួនដែលសិក្សានៅស្រុកខ្មែរក្តី ក៏ប៉ុន្តែយុវជនរូបនេះ បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការចែករំលែកចំណេះដឹងរបស់ខ្លួនដល់ពលរដ្ឋ និងកសិករក្នុងស្រុកអំពីផ្នែកកសិកម្ម៕

កញ្ញា សម្បត្តិ កញ្ញារ៉ា
លោក ថេង យ៉ានី 

© រក្សាសិទ្ធិដោយ thmeythmey.com