អន្តរជាតិ
លោក មូន សន្យាដើរតាមផ្លូវសន្តិភាពជាមួយកូរ៉េខាងជើងរហូតដល់ផុតអាណត្តិ
03, Jan 2022 , 5:00 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បុង មូន ចេអ៊ីន ។ រូបថត Xinhua
ប្រធានាធិបតីកូរ៉េខាងត្បុង មូន ចេអ៊ីន ។ រូបថត Xinhua
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅថ្ងៃទី៣ ខែមករា ប្រកាសថា លោកនឹងបន្តដើរតាមផ្លូវ សន្តិភាពសម្រាប់ទំនាក់ទំនងទំនាក់ទំនងអន្តរកូរ៉េរហូតដល់ដាច់អាណត្តិរបស់លោក។ លោក​ មូន ក៏​ចង់​សម្រេចឱ្យមានកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើងផងដែរ។

 
 
ថ្លែងសុន្ទរកថាឆ្នាំថ្មីក្នុងនាមជាប្រធានាធិបតី លោក មូន ចេអ៊ីន ទទួលស្គាល់ថា ទោះបីជាលោកបាន សម្រេចសមិទ្ធផលជាច្រើនអំឡុងអាណត្តិប្រាំឆ្នាំ កូរ៉េខាងត្បូងនៅតែមានផ្លូវវែងឆ្ងាយទៅមុខទៀត ដើម្បីឆ្ពោះទៅរកភាពល្អប្រសើរឡើងនៃទំនាក់ទំនងអន្តរកូរ៉េ ។ លោក មូន បន្តថា លោកនឹង​មិន​បញ្ឈប់​កិច្ច​ខិត​ខំ​​ដើម្បី​បង្កើត​សន្តិភាព​ប្រកប​ដោយនិរន្តរភាព​ឡើយ ហើយកូរ៉េខាងត្បូងនឹង​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឱ្យទំនាក់ទំនងអន្តរកូរ៉េក្លាយជាទំនាក់ទំនងទ្វេភាគីមួយដូចប្រទេសដទៃទៀត។
 
កិច្ច​ខិត​ខំ​​ដើម្បី​បង្កើត​សន្តិភាពដែលលោក មូន លើកឡើងទំនងជាសំដៅលើគំនិតផ្តួចផ្តើម របស់លោក ដើម្បីអនុម័តសេចក្តីប្រកាសជាមួយកូរ៉េខាងជើង និងភាគីដទៃទៀតអំពីការបញ្ចប់សង្គ្រាម​កូរ៉េឆ្នាំ​១៩៥០-១៩៥៣ជាផ្លូវការ។ 
 
«រដ្ឋាភិបាល​នឹង​បន្ត​ធ្វើ​ឱ្យទំនាក់ទំនង​អន្តរ​កូរ៉េក្លាយជាប្រក្រតី និង​ស្វែងរកផ្លូវសម្រាប់​​សន្តិភាព​រហូត​ដល់​ទីបញ្ចប់»។ ប្រធានាធិបតីកូរ៉េខាងត្បូងបញ្ជាក់បែបនេះ មុនបង្ហាញសង្ឃឹមថា កិច្ចខិតខំ​សម្រាប់​កិច្ចសន្ទនាជាមួយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនឹងនៅតែបន្តសម្រាប់រដ្ឋបាលបន្ទាប់ផងដែរ។
 
កន្លងមក មន្ត្រីកូរ៉េខាងត្បូងបានអះអាងថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនបានឯកភាព​គ្នាជាគោលការណ៍​ចំពោះការប្រកាសបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ប៉ុន្តែភាគីកូរ៉េខាងជើងមិន​បា​ន​ឆ្លើយតបនៅឡើយ។ ចំណែកឯកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែររវាង​អាម៉េរិក​និង​កូរ៉េខាងជើង ​នៅតែ​ជាប់គាំង​ចាប់តាំងពី​កិច្ចប្រជុំកំពូល​នៅទីក្រុង​ហាណូយ​​ក្នុង​ឆ្នាំ២០១៩ ដែលបាន​បញ្ចប់ដោយគ្មាន​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ។
 
គួរបញ្ជាក់ថា អាណត្តិរយៈពេល៤ឆ្នាំរបស់ប្រធានាធិបតី មូន នឹងត្រូវបញ្ចប់នៅក្នុងខែឧសភា​ខាងមុខ ហើយការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មីនឹងធ្វើឡើងនៅថ្ងៃទី៩ ខែមីនា។ ជុំវិញរឿងនេះ លោក មូន សង្ឃឹមថា ការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ នឹងក្លាយទៅជាការបោះឆ្នោត​សម្រាប់​ការរួបរួម​ដែលរួមបញ្ចូលក្តីសង្ឃឹមរបស់ប្រជាជន ហើយនឹងមិនមែនក្លាយជាការប្រឈមមុខដាក់គ្នា ការស្អប់គ្នា ឬការបែកបាក់គ្នានោះទេ៕

Tag:
 កូរ៉េខាងត្បូង
  មូន ចេអ៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com