អន្តរជាតិ
នាយករដ្ឋមន្ត្រីស៊ូដង់លាលែងពីដំណែង ស្របពេលវិបត្តិនយោបាយក្នុងប្រទេសជាប់គាំង
03, Jan 2022 , 5:40 pm        
រូបភាព
នាយករដ្ឋមន្ត្រីស៊ូដង់ លោក Abdalla Hamdok ។ រូបភាព៖ AP
នាយករដ្ឋមន្ត្រីស៊ូដង់ លោក Abdalla Hamdok ។ រូបភាព៖ AP
នាយករដ្ឋមន្ត្រីស៊ូដង់ Abdalla Hamdok បានប្រកាសលាលែងពីដំណែងនៅថ្ងៃទី២ ខែមករា ខណៈវិបត្តិនយោបាយបន្តកើតមានក្នុងប្រទេស ក្រោយការធ្វើរដ្ឋប្រហាររបស់យោធា។ ការលាលែងពីតំណែងនេះបានកើតឡើង ក្រោយលោក Hamdok និងមេដឹកនាំយោធាចុះហត្ថលេខាលើកិច្ចព្រមព្រៀងនយោបាយមួយកាលពីខែវិច្ឆកា កន្លងទៅ។

 
 
ក្នុងកិច្ចព្រមព្រៀងនយោបាយ ដែលបានចុះហត្ថលេខាកាលពីចុងខែវិច្ឆកា ឆ្នាំ២០២១ ដោយនាយករដ្ឋមន្ត្រីស៊ីវិល លោក  Abdalla Hamdok និងមេដឹកនាំយោធា លោក Abdel Fattah al-Burhan បានព្រមព្រៀងលើ ១៤ ចំណុច ដើម្បីរៀបចំប្រទេស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ។​​ កិច្ចព្រមព្រៀងនេះ ក៏អនុញ្ញាតឱ្យលោក Hamdok ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីវិញផងដែរ។ 
 
យ៉ាងណាមិញកិច្ចព្រមព្រៀងនោះ ត្រូវបានអន្តរជាតិដាក់សម្ពាធ ដោយអំពាវនាវឱ្យមានការត្រួតពិនិត្យដំណើរការអនុវត្តគោលការណ៍ទាំង ១៤ចំណុច។ លើសពីនេះ ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងប្រទេស បានច្រានចោលកិច្ចព្រមព្រៀងខាងលើ និងទទូចឱ្យយោធាប្រគល់អំណាចដល់រដ្ឋាភិបាលស៊ីវិល ពេញលេញ។ 
 
បន្ទាប់ពីឡើងកាន់តំណែងបានប្រមាណ ៦សប្តាហ៍ លោក Hamdok បានប្រកាសចុះចេញពីតំណែងវិញស្របពេលវិបត្តិនយោបាយជាប់គាំង។ «ខ្ញុំសម្រេចបោះបង់ការទទួលខុសត្រូវ និងប្រកាសលាលែងពីតំណែងជានាយករដ្ឋមន្រ្តី»។ លោក Hamdok បានសង្កត់ធ្ងន់បែបនេះ មុនបន្ថែមថា ការចុះចេញពីតំណែងនេះ នឹងផ្តល់ឱកាសឱ្យបុគ្គលផ្សេងទៀត ជួយដោះស្រាយបញ្ហាក្នុងអំឡុងពេលអន្តរកាលទៅរកប្រទេសដែលអនុវត្តប្រជាធិបតេយ្យស៊ីវិល។ 
 
ក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃទី២​ ខែមករា មេដឹកនាំរូបនេះ ក៏បានបន្ថែមផងដែរថា ស៊ូដង់ចាំបាច់ត្រូវមានកិច្ចចរចាតុមូលមួយ ដើម្បីឯកភាពលើរដ្ឋធម្មនុញ្ញថ្មី និងដាក់ចេញយុទ្ធសាស្រ្តមួយចំនួន ដើម្បីបញ្ចប់រយៈពេលអន្តរកាល។ ការលាលែងរបស់លោក Hamdok នឹងធ្វើឱ្យសូដង់កាន់តែធ្លាក់ចូលក្នុងបញ្ហាជាច្រើនទៀត។
 
ម្យ៉ាងការចុះចេញពីតំណែងរបស់លោក Hamdok បានធ្វើឡើង បន្ទាប់ពីកងកម្លាំងសន្តិសុខស៊ូដង់ប៉ះទង្គិចជាមួយក្រុមបាតុករជាថ្មី។ ការប៉ះទង្គិចនេះ បានបណ្ដាលឱ្យមនុស្សយ៉ាងតិច ៣ នាក់បាត់បង់ជីវិត។ គណៈកម្មាធិការកណ្តាលនៃវេជ្ជបណ្ឌិតស៊ូដង់ (CCSD) ដែលគាំទ្រចលនាទាមទារលទ្ធិប្រជាធិបតេយ្យ​នៅថ្ងៃទី២ ខែមករាបានលើកឡើងថា មនុស្សម្នាក់ក្នុងចំណោមអ្នកស្លាប់ ត្រូវបានគេវាយចំក្បាល ខណៈពេលដែលចូលរួមក្នុងការហែក្បួនតវ៉ានៅទីក្រុង Khartoum ។
 
ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ២៥ ខែតុលាមក ប្រជាជនរាប់ពាន់នាក់បានធ្វើបាតុកម្មស្ទើររាល់ថ្ងៃនៅតាមដងផ្លូវក្នុងទីក្រុង Khartoum និងទីក្រុងផ្សេងទៀតនៅទូទាំងប្រទេស។ បាតុកម្មជាហូរហែរនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញការមិនគាំទ្រនៃការកាន់កាប់អំណាចរបស់យោធា និងបដិសេធកិច្ចព្រមព្រៀងជាបន្តបន្ទាប់រវាងយោធានិងលោក Hamdok។ 
 
ក្រោយការស្លាប់របស់ក្រុមបាតុករ នៅថ្ងៃទី២ ខែមករា ចំនួនប្រជាជនស៊ីវិលសរុបដែលបានស្លាប់ចាប់តាំងពីរដ្ឋប្រហារ បានកើនឡើងដល់ចំនួនយ៉ាងហោចណាស់ ៥៦ នាក់។ នេះបើតាមទិន្នន័យពីក្រុមគ្រូពេទ្យ CCSD។ រដ្ឋប្រហារយោធាកាលខែតុលា​នេះ ក៏ត្រូវបានគេមើលឃើញថាជាសកម្មភាពមួយរារាំងការផ្លាស់របបដឹកនាំនៅស៊ូដង់ ទៅរកផ្លូវប្រជាធិបតេយ្យ ក្រោយផ្តួលរំលំមេដឹកនាំផ្តាច់ការ​ អូម៉ា ម៉ាល់-បាសៀ នៅឆ្នាំ២០១៩កន្លងទៅ។ 
 
គួរបញ្ជាក់ថា កិច្ចព្រមព្រៀង ១៤​ ចំណុចដែលបានចុះហត្ថលេខារវាងលោក Hamdok និង​ក្រុមយោធា មានខ្លឹមសារដូចជា ការបង្កើតក្រុមប្រឹក្សានីតិបញ្ញត្តិអន្តរកាល រចនាសម្ព័ន្ធតុលាការ ស្ថាប័នរៀបចំការបោះឆ្នោត និងរដ្ឋធម្មនុញ្ញជាដើម។ លើសពីនេះដែរ កិច្ចព្រមព្រៀងក៏នឹងតម្រូវឱ្យយោធាក៏ដោះលែងអ្នកទោសនយោបាយទាំងអស់ដែលត្រូវបានឃុំខ្លួនក្នុងអំឡុងពេលធ្វើរដ្ឋប្រហារផងដែរ៕

Tag:
 ស៊ូដង់
© រក្សាសិទ្ធិដោយ thmeythmey.com