អន្តរជាតិ
អ៊ីស្រាអែល នឹង​ផ្តល់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ដូសទី៤ ឱ្យពលរដ្ឋអាយុ​លើសពី​៦០​ឆ្នាំ​
03, Jan 2022 , 6:29 pm        
រូបភាព
បុគ្គលិកសុខាភិបាលអ៊ីស្រាអែលផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាជន។ រូបភាព៖ Reuters
បុគ្គលិកសុខាភិបាលអ៊ីស្រាអែលផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាជន។ រូបភាព៖ Reuters
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Naftali Bennett នៅថ្ងៃទី២ ខែមករា ប្រកាសថា អ៊ីស្រាអែល នឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ដល់ប្រជាជនដែលមានអាយុលើសពី ៦០ឆ្នាំ និងបុគ្គលិកសុខាភិបាល ខណៈករណីឆ្លងជំងឺកូវីដ-១៩ បង្កដោយវីរុសបំប្លែងខ្លួនអូមីក្រុង មានការកើនឡើងខ្លាំង។

 
 
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Bennett បានអះអាងថា រលកជំងឺកូវីដ-១៩ បង្កដោយវីរុសបំប្លែងថ្មី អូមីក្រុង បានរាលដាលក្នុងប្រទេស។ «រលកឆ្លងវីរុសអូមីក្រុង កើតមាននៅទីនេះ (អ៊ីស្រាអែល) ហើយយើងត្រូវតែការពារខ្លួន»។ ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល បានសង្កត់ធ្ងន់បែបនេះ មុនបន្តថា ក្រសួង​សុខាភិបាលអ៊ីស្រាអែល ​បាន​អនុម័ត​រួចហើយ លើការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៨ ដូសទី៤ ដល់​មនុស្ស​អាយុ​លើស​៦០​ឆ្នាំ និង​បុគ្គលិក​សុខាភិបាល។
 
ក្នុងសន្និសីទសារព័ត៌មានដដែល លោក Bennett បានព្រមានថា អ៊ីស្រាអែលអាចមានករណីឆ្លងជំងឺកូវីដ-១៩ រហូតដល់ ៥ ម៉ឺន ករណីក្នុងមួយថ្ងៃ   ហើយជំរុញកុមារទាំងអស់ ដែលមិនទាន់ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យប្រញាប់ទៅចាក់វ៉ាក់សាំងផងដែរ។ 
 
គួរបញ្ជាក់ថា នៅថ្ងៃទី៣០ ខែធ្នូកន្លងទៅ អាជ្ញាធរអ៊ីស្រាអែល បានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងទីបួនដល់ពលរដ្ឋដែលមានភាពប្រព័ន្ធស៊ាំចុះខ្សោយ។ ការប្រកាសនេះ បានធ្វើឱ្យអ៊ីស្រាអែលក្លាយជាប្រទេសដំបូងគេ ដែលអនុញ្ញាតឱ្យប្រជាជនចាក់វ៉ាក់សាំងដូសទី៤។​ មុនអនុញ្ញាតឱ្យប្រជាជនចាក់វ៉ាក់សាំង នៅចុងខែធ្នូនេះ បុគ្គលិកពេទ្យប្រមាណ ១៥០ នាក់បានចាក់វ៉ាក់សាំងដូសទី៤ ក្នុងគោលបំណងការសាកល្បងពីប្រសិទ្ធភាពនៃវ៉ាក់សាំងដូសបន្ថែមនេះ។ 
 
តាមទិន្នន័យនៅថ្ងៃទី២ ខែមករា អ៊ីស្រាអែល បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មី ជាង ៤ពាន់ករណី ដែលកើនឡើងជាង១៩៥ ភាគរយ បើធៀបនឹងចំនួនអ្នកឆ្លងនៅសប្តាហ៍មុន។ ទល់ពេលនេះ អ៊ីស្រាអែលមានករណីឆ្លងជំងឺកូវីដ-១៩សរុបជាង ១,៤ លានករណី និងចំនួនអ្នកស្លាប់មានប្រមាណ ៨ ពាន់នាក់។ មនុស្សជាង ៤ លាននាក់ ក្នុងចំណោមប្រជាជនអ៊ីស្រាអែលសរុប ៩,២ លាននាក់ បានចាក់វ៉ាក់សាំង ដូសទី៣ រួចហើយ​៕

Tag:
 អ៊ីស្រាអែល
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com