អន្តរជាតិ
និស្សិតសារព័ត៌មាន និងគមនាគមន៍ តែមិនចង់ក្លាយជាអ្នកសារព័ត៌មាន
04, Jan 2022 , 8:59 am        
រូបភាព
សិក្ខាកាម​នៃ​វគ្គ​បណ្ដុះបណ្ដាល​អ្នកសារព័ត៌មាន​វ័យក្មេងចំនួន១៧នាក់​ មកពី​១៣ស្ថាប័ន​​ បាន​ធ្វេីទស្សនកិច្ច​ស្វែងយល់ពី​សកម្មភាព​ការងារ​របស់​សារព័ត៌មានថ្មីៗ​ និង​វិទ្យុ​FM102 កាលពីឆ្នាំ២០១៩
សិក្ខាកាម​នៃ​វគ្គ​បណ្ដុះបណ្ដាល​អ្នកសារព័ត៌មាន​វ័យក្មេងចំនួន១៧នាក់​ មកពី​១៣ស្ថាប័ន​​ បាន​ធ្វេីទស្សនកិច្ច​ស្វែងយល់ពី​សកម្មភាព​ការងារ​របស់​សារព័ត៌មានថ្មីៗ​ និង​វិទ្យុ​FM102 កាលពីឆ្នាំ២០១៩
ដោយ៖ ហ៊ន ថូវ៉ាន
 
ភ្នំពេញ៖ និស្សិតមួយចំនួន ដែលកំពុងសិក្សាជំនាញសារព័ត៌មាន និងគមនាគមន៍ នៅតាមសកលវិទ្យាល័យនានា មិនចង់ក្លាយជាអ្នកសារព័ត៌មាននោះទេ។ ភាគច្រើនពួកគេចាប់អារម្មណ៍ទៅលើការងារផ្សេងៗ ដែលជាផ្នែកមួយនៃការផ្សព្វផ្សាយ ស្របតាមជំនាញនេះទៅវិញ។

 
ជានិស្សិតកំពុងសិក្សាក្នុងឆ្នាំទី៤ ជំនាញប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ យុវជន ជា តារាពេជ្រ បានបង្ហាញអារម្មណ៍ខ្លួនថា រូបគេមិនចង់ក្លាយជាអ្នកសារព័ត៌មាននោះទេ ទោះបីកំពុងសិក្សានៅក្នុងជំនាញនេះក្តី។
 
យុវជន ដែលកំពុងបម្រើការជាអ្នកថត និងកាត់​វីដេអូរូប​នេះ បានបន្តថា ជំនាញសារព័ត៌មាន មិនមែនផ្ដោតតែទៅលើជំនាញសារព័ត៌មាន បែបរាយការណ៍នោះទេ។ ប៉ុន្តែផ្នែកថតរូប និងកាត់វីដេអូ ដែលលោកកំពុងធ្វើសព្វថ្ងៃ ក៏ចាត់ទុកជាផ្នែកមួយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ឬហៅថា Mediaដែរ។
 
និស្សិតឆ្នាំទី៤ ជំនាញសារព័ត៌មាន និងគមនាគមន៍រូបនេះ បាននិយាយដូច្នេះថា៖« នៅក្នុងផ្នែក Media ខ្ញុំបានធ្វើជាអ្នកថតវីដេអូ ជាអ្នកកាត់វីដេអូ អ៊ីចឹងខ្ញុំគិតថាវានៅតែឈរ នៅក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយដដែល ក្នុងការផ្សព្វផ្សាយព័ត៌មានផ្សេងៗ ទោះបីជាខ្ញុំមិនមែនជាអ្នកសរសេរក៏ដោយ»។
 
ទោះបីមិនចង់ក្លាយជាអ្នកសារព័ត៌មានក៏ដោយ តែយុវជន ជា​ តារាពេជ្រ បានអះអាងថា លោកបានផលិតនូវវីដេអូជាច្រើន ដែលទាក់ទងនឹងការអប់រំ ការថែរក្សាសុខភាព អនាម័យ ដូចជា ការលាងសម្អាតដៃ ការប្រើប្រាស់ទឹកស្អាត ដែលនេះសុទ្ធសឹងតែជាការផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹងទៅកាន់ប្រជាពលរដ្ឋ។ 
 
យុវជន លាក់ សារ៉ាយ ជានិស្សិតម្នាក់ទៀត ដែលកំពុងសិក្សាជំនាញសារព័ត៌មាន និងគមនាគមន៍ នៅសកលវិទ្យាល័យកម្ពុជា។ និស្សិតរូបនេះ យល់ឃើញថា វិស័យសាព័ត៌មាននៅកម្ពុជា មានការរីកចម្រើន និងចូលរួមជួយដល់សង្គមជាច្រើន ។ តែយ៉ាងណា ក៏យុវជនរូបនេះ មិន​ចង់ក្លាយជាអ្នកសារព័ត៌មាននោះឡើយ។ ​​កំពុងសិក្សា​ឆ្នាំទី៣ ជំនាញសារព័ត៌មាន និស្សិត លាក់ សារ៉ាយ ចាប់អារម្មណ៍ទៅលើផ្នែកសរសេរមាតិកា ឬសរសេរគម្រោងផ្សេងៗ ជាជាងការសរសេរព័ត៌មាន ដែលតម្រូវឲ្យមានការចុះទៅតាមមូលដ្ឋានផ្ទាល់ជាក់ស្ដែង ព្រមទាំងមានការប្រឈមនានា។ 
 
យុវជន លាក់ សារ៉ាយ បានបញ្ជាក់ដូច្នេះថា៖« មិនមែនខ្ញុំមិនចង់ធ្វើជាអ្នកសារព័ត៌មាននោះទេ ប៉ុន្តែថាចំណង់ចំណូលចិត្តយើង វាទៅផ្នែកនោះខ្លាំងជាង។ បើសិនជាមានឱកាស ខ្ញុំក៏នឹងចាប់យកវិស័យហ្នឹងដែរ គ្រាន់តែថាវារាងពិបាកបន្តិចចំពោះវិស័យព័ត៌មាន យើងឃើញថា យើងត្រូវចុះទៅខេត្តយកព័ត៌មាន ណាមួយខ្ញុំជាមនុស្សម្នាក់ចូលចិត្តធ្វើការមួយកន្លែង ជាជាងការដើរច្រើន»។
 
ទោះជាយ៉ាងនេះក្ដី ក៏យុវជនលាក់សារ៉ាយ លើកទឹកចិត្តដល់និស្សិតដទៃទៀត ឲ្យអភិវឌ្ឍខ្លួនដើម្បីក្លាយទៅជាអ្នកសារព័ត៌មាន ព្រោះថាវិស័យមួយនេះ នឹងចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គមជាក់ជាមិនខាន។ 
 
បញ្ហាប្រឈមមុខរបស់អ្នកសារព័ត៌មាន នៅក្នុងការធ្វើសេចក្តីរាយការណ៍នោះ ជាផ្នែកមួយធ្វើឲ្យនិស្សិតជំនាញសារព័ត៌មាន ហាក់ខ្លាចរអាល នៅក្នុងការចាប់យកអាជីពមួយនេះ។ សាស្ត្រាចារ្យជំនាញសារព័ត៌មាននិងគមនាគមន៍ នៅសកលវិទ្យាល័យកម្ពុជា លោកម៉ៃ ទិត្យថារ៉ា លើកឡើងថា កត្តាដែលបណ្ដាលឲ្យសិស្សនិស្សិត ដែលសិក្សានៅក្នុងជំនាញមួយនេះ មិនចង់ក្លាយជាអ្នកសារព័ត៌មាន មានមូលហេតុសំខាន់បីយ៉ាង គឺកត្តាយេនឌ័រ កត្តាគ្រួសារ និងកត្តាសង្គម។ 
 
សាស្ត្រាចារ្យ និងជាអតីតអ្នកកាសែតល្បីនៅកម្ពុជារូបនេះ បាននិយាយដូច្នេះថា៖«ទីមួយបើសិនគាត់ជាមនុស្សស្រី គាត់គិតថាការងារនឹងវាមានបញ្ហាប្រឈមសម្រាប់គាត់។ ទីពីរ គ្រួសារគាត់គិតថា បើធ្វើការងារហ្នឹង វាហ្នឹងមានបញ្ហាប្រឈម... អ៊ីចឹងបើឲ្យរៀនខាងហ្នឹងមែន ក៏គាត់ឲ្យចាប់យកជំនាញផ្សេង។ ទីបីគាត់គិតថា សារព័ត៌មានវាក្លែងក្លាយច្រើនពេក ធ្វើឲ្យពួកគាត់ ពិបាកនៅក្នុងការចាប់យកអាជីពហ្នឹង»។
 
បើតាមការកត់សម្គាល់របស់លោក ថារ៉ា និស្សិតភាគច្រើន ដែលបានបញ្ចប់ការសិក្សានៅក្នុងជំនាញមួយនេះ ច្រើនតែនាំគ្នាទៅចាប់អាជីពផ្សេងក្រៅពីអ្នកសារព័ត៌មាន ដូចជាមន្ត្រីនៅក្នុងអង្គការសង្គមស៊ីវិល មន្ត្រីទំនាក់ទំនង និងជាអ្នកផលិតវីដេអូ ផលិតឯកសារផ្សេងៗជាដើម។ 
 
លោក Sardar Umar Alam តំណាងយូណេស្កូប្រចាំភ្នំពេញ បានលើកឡើងថា  អ្នកសារព័ត៌មាន គឺសរសេរនិងរាយការណ៍ព័ត៌មានពិត ដើម្បីឲ្យពលរដ្ឋដឹងពីរឿងរ៉ាវសង្គម ប៉ុន្តែជាអកុលស ពួកគេត្រូវជួបបញ្ហាប្រឈមច្រើន ពិសេសគឺការបាត់បងជីវិត។ តំណាងយូណេស្កូប្រចាំភ្នំពេញរូបនេះ មើលឃើញថា អ្នកសារព័ត៌មានកម្ពុជា ក៏កំពុងរងបញ្ហានេះដែរ ហើយវាត្រូវការអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមដោះស្រាយ ពិសេសរដ្ឋាភិបាល ដើម្បីឲ្យអ្នកសារព័ត៌មាន មានសេរីភាពពេញលេញ ក្នុងការបំពេញកិច្ចការ។
 
ថ្លែងក្នុងកិច្ចពិភាក្សាជាមួយតំណាងរដ្ឋាភិបាល អង្គទូត និងកាសែត កាលពីថ្ងៃទី២៩ វិច្ឆិកា ២០២១ តំណាងយូណេស្កូប្រចាំភ្នំពេញរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖«ត្រូវតែមានការទទួលខុសត្រូវ លើសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន ពិសេសគឺរដ្ឋ ព្រោះរដ្ឋជាអ្នកទទួលខុសត្រូវលើសន្តិសុខរបស់ពលរដ្ឋ និងរក្សាសិទ្ធិរបស់ពួកគេ»។
 
បើតាមលោក Sardar Umar Alam អ្នកកាសែតបានក្លាយជាគោលដៅនៃការវាយប្រហារ ប្រសិនបើពួកគេចេញផ្សាយទៅបះពាល់ដល់រដ្ឋាភិបាល ឬក្រុមអ្នកមានអំណាចណាមួយ។ លើសពីនេះ សាច់ញាតិរបស់អ្នកកាសែត ក៏រងការបំភិតបំភ័យដែរ។
 
លោក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានចូលរួមកិច្ចពិភាក្សានោះ បានបញ្ជាក់ថា អ្នកសារព័ត៌មាន មានសេរីភាពក្នុងការបញ្ចេញមតិ។ ប៉ុន្តែមិនត្រូវយកសិទ្ធិសេរីភាពនេះ ទៅប្រព្រឹត្តរឿងណាដែលប៉ះពាល់ដល់សន្តិសុខជាតិ ស្ថិរភាពនយោបាយ រួមទាំងស្ថាប័នរដ្ឋ និងតុលាការ និងឯកជនភាព ។ ជាពិសេសប៉ះពាល់ដល់ទំនៀមទម្លាប់ក្នុងសង្គម និងការរើសអើងពូជសាសន៍នោះទេ។ លោក បានបកស្រាយក្នុងពិធីសម្ពោធសៀវភៅគោលកាណ៍ណែនាំ សម្រាប់ព្រះរាជអាជ្ញាក្នុងសំណុំរឿងបទល្មើសប្រឆាំងអ្នកសារព័ត៌មាន ដូច្នេះថា ៖«ដូច្នេះ តម្រូវឲ្យអ្នកសារព័ត៌មានយល់ឲ្យច្បាប់ និងមានវិជ្ជាជីវៈត្រឹមត្រូវ»។
 
 
កន្លងមក សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ថា អ្នកកាសែត ក៏ស្ថិតនៅក្រោមច្បាប់ដែរ។ ដូច្នេះបើពួកគេមានការផ្សព្វផ្សាយណាមួយ ដែលប្រាស់ចាកក្រមសីលធម៌ និងវិជ្ជាជីវៈនោះ ពួកគេនឹងត្រូវរងទោសទណ្ឌ ដែលមានចែងក្នុងច្បាប់ក្រមព្រហ្មទណ្ឌ។ ប៉ុន្តែបញ្ហានេះ ត្រូវបានអ្នកជំនាញសារព័ត៌មាន លើកយកមកជជែកដេញដោលគ្នាថា ការអនុវត្តវិធានការលើអ្នកសារព័ត៌មាន គួរតែប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មាន ជាជាងប្រើប្រាស់ច្បាប់ក្រមព្រហ្មទណ្ឌ មកកម្រិតទោសធ្ងន់ធ្ងរ។
 
បើតាមរបាយការណ៍ខេមបូចា ឆ្នាំ២០២១ អ្នកកាសែត២១នាក់ បានជួបបញ្ហារិតត្បិតសេរីភាព ដោយក្នុងនោះ៩នាក់ ត្រូវបានយីយា និងគំរាមកំហែងជាដើម។ ចំណែកអ្នកកាសែត៨រូបទៀត កំពុងជាប់ឃុំក្នុងពន្ធនាគារ។ របាយការណ៍ខេមបូចា និងCCIM ក៏បានបង្ហាញថា អ្នកសារព័ត៌មាននៅកម្ពុជា ចន្លោះពី១៣ ទៅ១៧ នាក់ ត្រូវបានគេសម្លាប់ គិតត្រឹមឆ្នាំ១៩៩៤ ដល់២០២១នេះ ក្នុងនោះ១២នាក់ មិនទាន់វែកមុខរកឃាតករបានឡើយ៕

Tag:
 អ្នកសារព័ត៌មាន
  គមនាគមន៍
© រក្សាសិទ្ធិដោយ thmeythmey.com