ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ងាយៗ! ដុតបំផ្លាញជាតិខ្លាញ់កាន់តែលឿន បើធ្វើតាមគន្លឹះ ៦នេះ
05, Jan 2022 , 10:59 pm        
រូបភាព
ធ្លាប់ដឹងទេថាទម្លាប់មួយចំនួនអាចជួយដុតបំផ្លាញជាតិខ្លាញ់បានយ៉ាងប្រសើរ? មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលអ្នកមិនគួរមើលរំលងប្រសិនបើចង់ដុតបំផ្លាញជាតិខ្លាញ់ឆាប់រហ័សពីក្នុងរាងកាយ ៖

 
១. ទទួលទានខ្លាញ់សុខភាពល្អ
 
ត្រូវប្រាកដថាអ្នកទទួលទានខ្លាញ់ប្រភេទល្អរួមមានអាស៊ីតខ្លាញ់ monounsaturated និងអាស៊ីតខ្លាញ់អូមេហ្កា ៣ ផង។ ប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់ទាំងនេះរួមមានគ្រាប់ធញ្ញជាតិ, ស៊ុត, ត្រីសម្បូរខ្លាញ់ និងផ្លែបឺរជាដើម។
 
២. បង្កើនការទទួលទានប្រូតេអ៊ីន
 
ប្រូតេអ៊ីនក៏ចាំបាច់ណាស់ដើម្បីគ្រប់គ្រងភាពឃ្លានរបស់អ្នកនិងជួយបំពេញសារធាតុចិញ្ចឹមបន្ថែមក្នុងរបបអាហារ។ មិនត្រឹមតែប៉ុណ្ណឹងទេ ប្រូតេអ៊ីនក៏ជួយពន្លឿនការដុតរំលាយអាហារក្នុងរាងកាយផងដែរ។ ដូច្នេះប្រសិនបើអ្នកមិនទទួលទានអាហារសម្បូរប្រូតេអ៊ីនទេនោះ អ្នកក៏មិនអាចស្រកទម្ងន់បានប្រសើរដូចចិត្តដែរ។
 
៣. បង្កើនការទទួលទានជាតិសសៃ
 
ជាតិសសៃអាចជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរដែលជួយបានច្រើននៅពេលចង់ស្រកទម្ងន់។ ចូរព្យាយាមទទួលទានជាតិសសៃពីបន្លែផ្លែឈើឱ្យបានយ៉ាងហោចណាស់ ២០ក្រាមជាប្រចាំ។
 
៤. បង្កើនការទទួលទានអាហារសម្បូរវីតាមីន D
 
អាហារសម្បូរវីតាមីន D និងកាល់ស្យូមល្អសម្រាប់ឆ្អឹងរឹងមាំនិងពន្លឿនការស្រកទម្ងន់។ សារធាតុចិញ្ចឹមទាំងនេះមានផ្ទុកក្នុងផលិតផលអាហារផ្សំឡើងពីទឹកដោះគោ, យ៉ាអួរ និងទឹកដោះគោមានជាតិខ្លាញ់ទាប។
 
៥. ធ្វើលំហាត់ប្រាណ
 
ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា របបអាហារតែមួយមុខមិនអាចជួយឱ្យអ្នកស្រកទម្ងន់បានយ៉ាងប្រសើរឡើយ។ ការហាត់ប្រាណ គឺនៅតែជាគន្លឹះដ៏ចាំបាច់បំផុតមួយសម្រាប់រក្សាសុខភាពរឹងមាំ និងការស្រកទម្ងន់ដែលលើស។ ការធ្វើលំហាត់ប្រាណក៏សំខាន់សម្រាប់កសាងសាច់ដុំដែលនឹងជួយបង្កើនការដុតបំផ្លាញជាតិខ្លាញ់ផងដែរដោយសាររាងកាយត្រូវការដុតកាឡូរីកាន់តែច្រើនដើម្បីជួសជុលសាច់ដុំ។
 
៦. ទទួលទានតែ
 
មិនថាតែបៃតង ឬតែខ្មៅនោះទេ គឺសុទ្ធតែជួយក្នុងការដុតបំផ្លាញជាតិខ្លាញ់ដោយកាត់បន្ថយកម្រិតនៃអ័រម៉ូន cortisol។ ទោះជាយ៉ាងណាតែបៃតងនៅតែមានប្រសិទ្ធភាពខ្ពស់ជាងក្នុងការជួយឱ្យស្រកទម្ងន់ ខណៈដែលវាមានផ្ទុកបរិមាណនៃសារធាតុ epigallocatechin gallate ខ្ពស់។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com