ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជួយចែករំលែក! ស្បែកមានសំណើមមិនស្ងួត បើឧស្សាហ៍ញ៊ាំ ឪឡឹក និងអាហារ ៥មុខនេះ
06, Jan 2022 , 6:59 am        
រូបភាព
ទោះបីជាឧស្សាហ៍ទទួលទានក៏ដោយ ប៉ុន្តែប្រហែលជាភាគច្រើននៃពួកយើងមិនធ្លាប់ដឹងទេថាក្រៅពីទឹក ក៏នៅមានអាហារមួយចំនួនទៀតអាចជួយរក្សានិងផ្ដល់សំណើមដល់ស្បែកបានយ៉ាងប្រសើរ។ មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីស្បែកមានសំណើម ៖

 
១. ឪឡឹក
 
ផ្លែឈើនេះមានផ្ទុកជាតិទឹកដល់ទៅ ៩៣ភាគរយឯណោះដែលល្អណាស់សម្រាប់រក្សានិងផ្ដល់សំណើមស្បែក។ វាក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន A, វីតាមីន B6 ​និងវីតាមីន C ដែលស្បែកត្រូវការចាំបាច់ដើម្បីរក្សាសំណើម។ ឪឡឹកក៏អាចជួយក្នុងការជួសជុលនិងការពារស្បែកផងដែរ។
 
២. ត្រីសម្បូរខ្លាញ់
 
រួមមានត្រីសាលម៉ុន, ត្រីធូណា និងត្រីសាឌីនជាដើមសុទ្ធតែជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលមិនត្រឹមតែជួយពង្រឹងរបាំងការងារស្បែកប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យសមត្ថភាពរបស់ស្បែកក្នុងរាងកាយស្រូបយកនិងរក្សាសំណើមកាន់តែមានលក្ខណៈប្រសើរឡើងគួតឱ្យកត់សម្គាល់។ អ្នកគួរព្យាយាមទទួលទានត្រីសម្បូរខ្លាញ់ឱ្យបានយ៉ាងហោចណាស់ពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។
 
៣. ប្រេងអូលីវ
 
អ្នកគួររួមបញ្ចូលប្រេងអូលីវក្នុងរបបអាហារប្រចាំថ្ងៃដោយវាមានសមត្ថភាពក្នុងការស្ដារឡើងវិញនូវកម្រិតអាស៊ីតបាសរបស់ស្បែក ក៏ដូចជារក្សាសំណើមផងដែរ។ អ្នកអាចលាយប្រេងអូលីវក្នុងម្ហូបសាលាដ ឬប្រើប្រាស់ចម្អិនអាហារ។
 
៤. ដំឡូងផ្អែម
 
មានផ្ទុកសម្បូរដោយសារធាតុ beta-carotene ឬវីតាមីន A ដែលដើរតួនាទីសំខាន់មួយក្នុងការទប់ស្កាត់ស្បែកមិនឱ្យស្ងួត។ សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងដំឡូងផ្អែមអាចជួសជុលរាល់ជាលិកាស្បែកដែលខូចខាត ដូច្នេះក៏មិនចាំបាច់បារម្ភពីបញ្ហាស្បែកចាស់មុនវ័យផងដែរ។
 
៥. គ្រាប់ជី
 
ជាប្រភពដ៏ប្រសើរនៃជាតិសសៃ, អាស៊ីតខ្លាញ់អូមេហ្កា ៣, ប្រូតេអ៊ីន និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានអត្ថប្រយោជន៍សម្រាប់ស្បែក។ ការរួមបញ្ចូលគ្រាប់ជីក្នុងរបបអាហារក៏ជួយឱ្យស្រកទម្ងន់ទៀតផង។
 
៦. ផ្លែបឺរ
 
មានផ្ទុកសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងវីតាមីន E ដែលដើរតួនាទីចាំបាច់សម្រាប់សុខភាពស្បែក។ មូលហេតុមួយទៀតដែលអ្នកគួរញ៊ាំផ្លែបឺរនោះ គឺផ្លែឈើនេះមានផ្ទុកអាស៊ីតខ្លាញ់សុខភាពល្អ monounsaturated ដែលមិនត្រឹមតែជួយរក្សាសំណើមស្បែកប៉ុណ្ណោះទេ ប៉ុន្តែក៏កាត់បន្ថយការរលាកដែលបង្កបញ្ហាមុននិងបញ្ហាស្បែកផ្សេងៗទៀត។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com