ជាតិ
ពីនេះ ពីនោះ
គម្រោងអភិវឌ្ឍន៍៦៣ ក្នុងខេត្តកណ្ដាល ជំរុញដល់ការវិនិយោគ ទេសចរណ៍ និងដឹកជញ្ជូន
06, Jan 2022 , 9:59 pm        
រូបភាព
កិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍន៍គម្រោងរបស់រដ្ឋបាលខេត្តកណ្ដាលសម្រាប់ឆ្នាំ២០២២។ រូបភាពពី គេហទំព័ររដ្ឋបាលខេត្តកណ្ដាល។
កិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍន៍គម្រោងរបស់រដ្ឋបាលខេត្តកណ្ដាលសម្រាប់ឆ្នាំ២០២២។ រូបភាពពី គេហទំព័ររដ្ឋបាលខេត្តកណ្ដាល។
ភ្នំពេញ​៖ រដ្ឋបាលខេត្តកណ្ដាល បានបញ្ចេញគម្រោងអភិរឌ្ឍន៍ខេត្ត ចំនួន៦៣ សម្រាប់ឆ្នាំ២០២២ ។ គម្រោងអភិវឌ្ឍន៍ខាងលើនេះ ផ្តោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណ ដើម្បីជំរុញដល់ការវិនិយោគផ្នែកពាណិជ្ជកម្ម ទេសចរណ៍ និងដឹកជញ្ជូនផលិតផលកសិកម្ម។


 
រដ្ឋបាលខេត្តកណ្ដាល បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ទាំងនោះ មាន២៦គម្រោង អនុវត្តន៍ក្នុងក្រុងតាខ្មៅ, ០៦គម្រោង អនុវត្តក្នុងខេត្ត, ស្រុកពញាឮ ០៥គម្រោង, ស្រុកកណ្ដាលស្ទឹង ០៤គម្រោង, ស្រុកកៀនស្វាយ ០៤គម្រោង, ស្រុកខ្សាច់កណ្ដាល ០៤គម្រោង, ស្រុកកោះធំ ០៣គម្រោង, ស្រុកលើកដែក ០៣គម្រោង, ស្រុកស្អាង ០៣គម្រោង និង ស្រុកអង្គ​ស្នួល ០២គម្រោង។ 
 
លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលខេត្តកណ្ដាល ថ្លែងប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរស័ព្ទ នៅថ្ងៃទី០៦មករា ថា គម្រោងអភិវឌ្ឍន៍ខេត្តនេះ ផ្ដោតសំខាន់លើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ឧបត្ថម្ភគាំទ្រ​លើសេវាសាធារណ និងសកម្មភាពអភិវឌ្ឍន៍នានាក្នុងខេត្តកណ្ដាល។ លោកបន្តថា គម្រោងអភិវឌ្ឍន៍នេះ ទទួលបានថវិកាពី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 

  លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលខេត្តកណ្ដាល ក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ រូបភាពពីទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តកណ្ដាល។
 
តាមរយៈផែនការអភិវឌ្ឍឆ្នាំ២០២២ លោក គ្រុយ ម៉ាឡែន រំពឹងថា នឹងចូលរួមជំរុញទាំងផ្នែកពាណិជ្ជកម្ម និងទេសចរណ៍ មកកាន់ខេត្តកណ្ដាលបន្ថែមទៀត។ លោកពន្យល់បន្ថែមដូច្នេះ៖ «គម្រោង(អភិវឌ្ឍន៍) ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការកែលម្អ និងអភិវឌ្ឍន៍ក្នុងខេត្តទាំងមូល គឺយើងចង់ឱ្យខេត្ត មានលទ្ធភាពទាក់ទាញការវិនិយោគ ក៏ដូចជាវិស័យទេសចរណ៍។ ហើយសង្ឃឹមថា(គម្រោងនេះ) នឹងផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ អាចមានលទ្ធភាពក្នុងដឹកជញ្ជូន ភោគផលកសិកម្ម ទំនិញ អាជីវកម្ម ឱ្យមានភាពល្អប្រសើរ»។ 
 
បើតាមរដ្ឋបាលខេត្ត រាល់គម្រោងទាំងនោះ ភាគច្រើនសំខាន់ និងមានអទិភាពខ្ពស់ សំដៅបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។ នាកិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍន៍គម្រោងរបស់រដ្ឋបាលខេត្តកណ្ដាលសម្រាប់ឆ្នាំ២០២២ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់អភិបាលក្រុង-ស្រុក យកចិត្តទុកដាក់រាល់គម្រោង ដែលរដ្ឋបាល បានដាក់ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយការទទួលខុសត្រូវ៕

Tag:
 ThmeyThmey25
  ខេត្តកណ្ដាល
  គម្រោងអភិវឌ្ឍន៍ខេត្តកណ្ដាលឆ្នាំ២០២២
  គ្រុយ ម៉ាឡែន
© រក្សាសិទ្ធិដោយ thmeythmey.com