ជាតិ
សេដ្ឋកិច្ច
កំណាត់ផ្លូវជាតិលេខ៥ តម្លៃជិត១៦៦លានដុល្លារ ក្រោមកម្ចីរបស់ជប៉ុន ត្រូវបានដាក់ឱ្យដំណើរការ
10, Jan 2022 , 9:29 pm        
រូបភាព
កំណាត់ផ្លូវជាតិលេខ៥ តម្លៃជិត១៦៦លានដុល្លារ ត្រូវបានដាក់ឱ្យដំណើរការ
កំណាត់ផ្លូវជាតិលេខ៥ តម្លៃជិត១៦៦លានដុល្លារ ត្រូវបានដាក់ឱ្យដំណើរការ
ភ្នំពេញ៖ កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរីសោភ័ណនៃខេត្តបន្ទាយមានជ័យ មានតម្លៃជិត១៦៦លានដុល្លារ ត្រូវបានសម្ពោធប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១០មករា។​ បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ​និងដឹកជញ្ជូន កំណាត់ផ្លូវដែលមានប្រវែងជិត៨៥គីឡូម៉ែត្រនេះ គឺស្ថិតក្រោមឥណទានសម្បទានពីរដ្ឋាភិបាលប្រទេសជប៉ុន។

 
 
កំណាត់ផ្លូវជាតិលេខ៥ ចំណុចពីបាត់ដំបង-ក្រុងសិរីសោភ័ណនេះ មានតម្លៃសរុប១៦៥.៧៨លានដុល្លារ ដែលកម្ពុជាទទួលបានកម្ចីពីរដ្ឋាភិបាលជប៉ុន ក្នុងការចំណាយពេលសាងសង់ រយៈពេល​៥៥ខែ កន្លងមក។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ដោយបានបន្ថែមថា កំណត់ផ្លូវនេះ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC)ដែលមានកម្រាស់១៥សង់ទីម៉ែត្រ។
 
បើតាមលោក ស៊ុន ចាន់ថុល​ ផ្លូវនេះ ត្រូវបានពង្រីកទំហំ ផ្លូវមេប្រវែង៥១,៤៨គីឡូម៉ែត្រ ទទឹងមានប្រវែង ២៣ម៉ែត្រ ដោយមាន៤គន្លង (គន្លងនីមួយៗ មានទទឹង៣ម៉ែត្រកន្លះ និងមាន២គន្លងទៅនិង២គន្លងមក)។​ លោកបានបញ្ជាក់ថា កំណាត់ផ្លូវជាតិខេត្ត៥ពីបាត់ដំបង-ក្រុងសិរីសោភ័ណនេះ ក៏បានធ្វើផ្លូវវាងក្រុងចំនួន២ខ្សែ ដែលមានប្រវែង៣៣,២៦គីឡូម៉ែត្រ ផងដែរ។​  
 
បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនរូបនេះ កំណាត់ផ្លូវពីបាត់ដំបងទៅមកក្រុងសិរីសោភ័ណ នេះ គឺជាកំណាត់ផ្លូវទីមួយក្នុងចំណោមកំណាត់ផ្លូវទាំងបី នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ៥ ដែលចាប់ផ្តើមពីព្រែកក្តាមស្រុកពញាឮ ខេត្តកណ្តាល រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយគ្រោងប្រើប្រាស់ថវិកាប្រមាណ ៥០០លានដុល្លារ។ 
 
កំណាត់ផ្លូវទាំងបីនោះរួមមាន៖ កំណាត់ទីមួយស្ថិតនៅភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែង ៨៤,៧៤គីឡូម៉ែត្រ ដែលត្រូវបានសម្ពោធឱប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១០មករា ខណៈកំណាត់ទីពីរ ពីព្រែកក្តាម-ធ្លាម្អម ប្រវែង១៣៥,២៥គីឡូម៉ែត្រ សម្រេចការសាងសង់បានជាង៦៤ភាគរយ និងកំណាត់ទីបី ស្ថិតនៅភាគកណ្តាលពីធ្លាម្អម-បាត់ដំបង សម្រេចសាងសង់បានប្រមាណ៥៥ភាគរយ។ ដោយឡែក​ ត្រូវកំណាត់ផ្លូវសិរីសោភ័ណ-ប៉ោយប៉ែត គឺកំពុងរៀបចំនីតិវិធីដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់។
 
លោក ស៊ុន ចាន់ថុល បានអះអាងថា  ផ្លូវជាតិលេខ៥ គឺជាខ្សែផ្លូវដ៏មានសក្តានុពលតភ្ជាប់ទំនាក់ទំនងរូបវន្ត ស្ថាប័ន និងប្រជាជននៃខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តជាប់ព្រំប្រទល់គ្នា ហើយក៏ជាខ្សែផ្លូវយុទ្ធសាស្រ្តយ៉ាងសំខាន់តភ្ជាប់ពីរាជធានីភ្នំពេញ ទៅច្រកទ្វារព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត (ព្រំដែនកម្ពុជា-ថៃ)។  ផ្លូវជាតិនេះ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។  លោកបានបញ្ជាក់ថា ផ្លូវជាតិនេះ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលតភ្ជាប់គ្នា រវាងរាជធានីភ្នំពេញទីក្រុងបាងកក និងទីក្រុងហូជីមិញ និងជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចខាងត្បូងដ៏មានសក្តានុពល និងការប្រកួតប្រជែងខ្លាំងសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ ភស្តុភារកម្ម និងសេដ្ឋកិច្ចរបស់អាស៊ាន ក៏ដូចជាមហាអនុតំបន់មេគង្គ(GMS) ផងដែរ៕

Tag:
 ផ្លូវជាតិ
  កម្ចី
  បាត់ដំបង
  បន្ទាយមានជ័យ
  លោក ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com