ជាតិ
យុវជនសកម្ម សេវាល្អ
អាណាព្យាបាលនៅឃុំជុំគ្រៀល បារម្ភពីសុវត្ថិភាពកូន ខណៈផ្លូវធ្វើដំណើរយប់ស្ងាត់ និងងងឹត
11, Jan 2022 , 2:59 pm        
រូបភាព
 ដោយ៖ ឡាយ ចិន្ដា 
 
កំពត៖ អាណាព្យាបាលនៅឃុំជុំគ្រៀល បារម្ភពីសុវត្ថិភាពរបស់កូន ខណៈផ្លូវធ្វើដំណើរស្ងាត់ និងពេលយប់មិនមានភ្លើងបំភ្លឺផ្លូវឡើយ។ អាណាព្យាបាលទាំងនោះបារម្ភ ព្រោះតែកូនៗរបស់ពួកគេ ពិសេសកូនស្រី ត្រូវធ្វើដំណើរចេញពីរៀនយប់ព្រលប់ ហើយអ្នកខ្លះ ត្រូវធ្វើដំណើរតែម្នាក់ឯង។

 
 
លោកស្រី ឯក គីម មានវ័យ ៤២ ឆ្នាំ ដែលមានកូនស្រីពីរនាក់ កំពុងរៀនថ្នាក់វិទ្យាល័យ។ កូនរបស់អ្នកស្រី ត្រូវធ្វើដំណើរមកផ្ទះនៅពេលយប់ជារៀងរាល់ថ្ងៃ។ អ្នកម្ដាយរូបនេះ មានក្ដីបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំង ពីសុវត្ថិភាពកូនស្រី ខណៈអ្នកស្រីតែងតែឃើញព័ត៌មានពីករណីអាក្រក់ផ្សេងៗលើក្មេងស្រីរហូតឈានដល់ការសម្លាប់ទៀតផង។ 
 
អ្នកស្រី គីម បានរៀបរាប់ដូច្នេះ៖ « ការរំលោភបំពានទៅលើស្រ្តី ដូចករណីដែលធ្លាប់កើតមាន ជាអំពើហិង្សា ដ៏ឃោរឃៅមួយទៅលើស្រ្តី ព្រោះវាជាការរំលោភសិទ្ធស្រ្តី និងមិនឱ្យតម្លៃស្រ្តី ហើយខ្ញុំបារម្ភពីសុវត្ថិភាពកូនខ្ញុំណាស់»។ 
 
អ្នកស្រី បន្តថា ក្នុងនាមម្ដាយ អ្នកស្រី បានបង្ហាញក្ដីបារម្ភពីសុវត្ថិភាពរបស់កូនៗ ដែលធ្វើដំណើរចេញពីរៀនពេលយប់ព្រោះខ្លាចកើតមានរឿងមិនល្អលើពួកគេ ទោះបីជាកន្លែងខ្លះ មានអាជ្ញាធរយាមល្បាតក៏ដោយ។ 
 
មិនខុសពី អ្នកស្រី ឯក គីម អ្នកស្រី សេក សារ៉ាន់ ក៏បារម្ភពីសុវត្ថិភាពរបស់កូនៗ ដែលធ្វើដំណើរពេលយប់ដែរ។ អ្នកស្រី បានឱ្យដឹងថា កូនស្រី របស់អ្នកស្រី តែងតែធ្វើដំណើរចេញពីសាលាពេលយប់ ដោយសារនាងរៀនគួរភាសាអង់គ្លេស។ ចំពោះអ្នកស្រី សប្បាយចិត្តពេលឃើញកូនស្រីខំរៀន តែទន្ទឹមនឹងនោះ អ្នកស្រីក៏តែងតែគិត និងទន្ទឹងរង់ចាំផ្លូវកូនស្រីត្រលប់មកផ្ទះវិញដែរ។ អ្នកស្រី បានបញ្ជាក់ដូច្នេះ៖ «ការបារម្ភនេះ ព្រោះតែផ្លូវស្ងាត់ និងងងឹតទៀត»។ 
 
ជាមួយគ្នានេះដែរ កញ្ញា ញ៉ែត សាន់នី វ័យ២២ឆ្នាំ ជានិស្សិតមួយរូបរស់នៅក្នុង ភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត បានលើកឡើងថា ជាញឹកញាប់កញ្ញាធ្វើដំណើរពីផ្ទះទៅសាលារៀនចាប់ពីម៉ោង ៥ល្ងាច ហើយត្រលប់មកផ្ទះវិញ នៅម៉ោង ៧កន្លះ ។  កញ្ញា ធ្វើដំណើរមានគ្នាពីរនាក់ តែជួនកាលធ្វើដំណើរម្នាក់ឯង។ យុវតីរូបនេះ បានឱ្យដឹងថា នៅពេលធ្វើដំណើរត្រឡប់មកផ្ទះវិញនៅតាមដងផ្លូវពុំមានប្រជាពលរដ្ឋធ្វើដំណើរច្រើននោះទេ ដែលជាហេតុធ្វើឲ្យកញ្ញាមានអារម្មណ៍ថាពុំសូវមានសុវត្ថិភាពព្រោះផ្ទះក៏ឆ្ងាយ ផ្លូវគ្មានភ្លើងបំភ្លឺនៅពេលយប់។ បើតាម កញ្ញា សាន់នី កន្លងមកធ្លាប់ជួបហេតុការណ៍មួយ គឺមានអ្នកចាំស្ទាក់ផ្លូវ ក្រោយកញ្ញាត្រឡប់មកពីសាលានៅពេលយប់ តែសំណាងល្អ នាងមិនមានគ្រោះថ្នាក់នោះទេ។ បញ្ហានេះ ធ្វើឱ្យយុវតីរូបនេះ កាន់តែភ័យខ្លាច។ 
 
តាម កញ្ញា សាន់នី  បានអះអាងដូច្នេះ៖ «ឪពុកម្ដាយខ្ញុំ ក៏ធ្លាប់បានហាមមិនឱ្យទៅសាលានៅពេលយប់ដែរ តែក្រោយមកដោយខ្ញុំ ប្រាប់ពីហេតុផលមួយចំនួនពួកគាត់ក៏យល់ព្រមឱ្យទៅរៀនធម្មតា តែពួកគាត់នៅតែណែនាំឱ្យខ្ញុំ មានការប្រុងប្រយត្ន័រាល់ពេលធ្វើដំណើរ»។
 
ដោយមានក្ដីបារម្ភពីសុវត្ថិភាពក្នុងការធ្វើដំណើរពេលយប់ ជាពិសេសក្មេងស្រី អាណាព្យាបាល និងយុវតីខាងលើ បានស្នើដល់អាជ្ញាធរ រៀបចំបង្គោលភ្លើងបំភ្លឺផ្លូវ និងឱ្យមានអ្នកយាមល្បាតពេលយប់កាន់តែច្រើន ដើម្បីសុវត្ថិភាព និងចៀសវាងបញ្ហាណាមួយកើតមាន។
 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង (អត្ថបទ/ វីដេអូ) នេះគឺជាការទទួលខុសត្រូវរបស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)៕ 

© រក្សាសិទ្ធិដោយ thmeythmey.com