ជាតិ
បាក់ឌុប៖ សិស្សវិទ្យាសាស្រ្តសង្គម២នាក់នៅភ្នំពេញ និង១នៅកណ្តាល បាន​និទ្ទេស A
14, Jan 2022 , 6:28 pm        
រូបភាព
សិស្សវិទ្យាសាស្រ្តសង្គម នៅខេត្តកណ្ដាល និងរាជធានីភ្នំពេញ ៣នាក់ ជាប់និទ្ទេស A ​ពីការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២១នេះ។ ក្នុងចំណោមសិស្សទាំង៣នាក់នោះ មាន២នាក់ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល១នាក់។ នេះជាលើកដំបូងហើយដែល​បេក្ខជន​ប្រឡងមុខវិជ្ជានេះ បាននិទ្ទេស A។


 
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ របស់សិស្សនៅខេត្តកណ្ដាល និងរាជធានីភ្នំពេញ។ ក្នុងនោះមានសិស្សវិទ្យាសាស្រ្តសង្គម៣នាក់ បានជាប់និទ្ទេស A។ 
 
ក្នុងចំណោមបេក្ខជនទាំង៣នាក់នេះ មានឈ្មោះ នាង មករា ជាសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ពាមរាំង ហើយបានប្រឡងនៅមណ្ឌល​ អនុវិទ្យាល័យ ហ៊ុន សែន ខ្ពបវែង ខេត្តកណ្ដាល។ ចំណែកឯបេក្ខជន១នាក់ទៀត ឈ្មោះ ឆោម ច័ន្ទថៃ ជាសិស្សមកពីវិទ្យាល័យ ហេបភីច័ន្ទតារានារីព្រែកថ្មី ហើយបានប្រឡងនៅមណ្ឌលទួលទំពូង រាជធានីភ្នំពេញ និងបេក្ខជនរាជធានីម្នាក់ទៀត ឈ្មោះ សិលា លីតា ជាសិស្សមកពីវិទ្យាល័យ ប៊ុន​ រ៉ានី វត្តភ្នំ ហើយបានប្រឡងនៅមណ្ឌលបឋមសិក្សា ចតុមុខ។
 
បើតាមក្រសួងអប់រំ លទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២១ មានបេក្ខជនជាប់ ៧២ ០១៦នាក់ ស្មើ៦៥,៦៥ភាគរយ ក្នុងចំណោមសិស្សប្រឡងចំនួន១១៤ ១៨៧នាក់។ ក្នុងនោះបេក្ខជនប្រឡងជាប់នេះ មានសិស្សនិទ្ទេស A ចំនួន ១,៧៥៣នាក់៕
 

Tag:
 អប់រំ
  បាក់ឌុប២០២១
© រក្សាសិទ្ធិដោយ thmeythmey.com