ជាតិ
និទ្ទេស A ៣៣នាក់ ក្នុងនោះស្រី២២នាក់ នៅកំពង់ស្ពឺ នឹងបានម៉ូតូ Zoomer-X ម្នាក់១គ្រឿង
15, Jan 2022 , 2:19 pm        
រូបភាព
លោក វ៉ី សំណាង អបអរសាទរបេក្ខជន​ដែលប្រឡងជាប់បាក់ឌុបក្នុងខេត្តកំពង់ស្ពឺ
លោក វ៉ី សំណាង អបអរសាទរបេក្ខជន​ដែលប្រឡងជាប់បាក់ឌុបក្នុងខេត្តកំពង់ស្ពឺ
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នឹងផ្ដល់ម៉ូតូ Zoomer-X ដល់សិស្សនិទ្ទេស A ចំនួន៣៣នាក់ ម្នាក់១គ្រឿង។ លោក បានបញ្ជាក់ រង្វាន់ម៉ូតូនេះជាកាដូលើក ទឹកចំពោះ ការខិតខំប្រឹងប្រែងរបស់បេក្ខជនប្រឡង ហើយវាក៏ជាមោទកភាពសម្រាប់សហគមន៍ផងដែរ។



ក្រោយក្រសួងបានចេញលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ របស់សិស្សតាមបណ្ដាខេត្ត នៅព្រឹកថ្ងៃទី១៥ ខែមករានេះ លោក វ៉ី សំណាង បានប្រាប់សារព័ត៌មានថ្មីៗថា លោក នឹងផ្ដល់រង្វាន់ម៉ូតូ Zoom-X ដល់សិស្សនិទ្ទេស A ចំនួន៣៣នាក់ ម្នាក់១គ្រឿង ជាកាដូលើកទឹកចិត្ត។

លោក បញ្ជាក់ដូច្នេះថា៖«បច្ចុប្បន្នខេត្តកំពុងរៀបចំ រង្វាន់សម្រាប់ផ្ដល់ឱ្យសិស្សនិទ្ទេស A ព្រោះច្រើនដែរ ដល់ទៅជាង៣០នាក់»។ ទន្ទឹមនឹងនេះ លោក វ៉ី សំណាង ក៏លើកទឹកចិត្តដល់សិស្សទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមផងដែរ។

អភិបាលខេត្ត​រូបនេះ បានអះអាងថា លោកត្រូវតែគោរពតាម​ការសន្យា ហើយ​រង្វាន់ទាំងនោះ ក៏មាន​ការចូលរួមពីសប្បុរសជន​នៅក្នុងខេត្ត​ផងដែរ។

នៅកំពង់ស្ពឺ បេក្ខជន​ប្រឡងបាក់ឌុបឆ្នាំ២០២១ មាន​៤៥៥៥នាក់ (ស្រី ២៣៨០នាក់) ក្នុងនោះអ្នកប្រឡង​ជាប់មានចំនួន​២៩៧៩នាក់ (ស្រី​១៧២២នាក់)។ ក្នុងចំណោមនិទ្ទេស​ A ទាំង៣៣នាក់ មាន​ស្រី២២នាក់ ប្រុស១១នាក់។

បើតាមក្រសួងអប់រំ លទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២១ មានបេក្ខជនជាប់ ៧២ ០១៦នាក់ ស្មើ៦៥,៦៥ភាគរយ ក្នុងចំណោមសិស្សប្រឡងចំនួន១១៤ ១៨៧នាក់។ ក្នុងនោះបេក្ខជនប្រឡងជាប់នេះ មានសិស្សនិទ្ទេស A ចំនួន ១,៧៥៣នាក់៕



Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com