ជាតិ
ពីនេះ ពីនោះ
កម្តៅផែនដី នឹងកើនឡើងពី ១,៨ ទៅ៣,៤ អង្សាបន្ថែម ពេញមួយសតវត្សរ៍ទី២១
17, Jan 2022 , 8:29 am        
រូបភាព
ភ្នំពេញ៖ បម្រែបម្រួលអាកាសធាតុកំពុងក្លាយជារឿងប្រឈមមួយដែលមនុស្សទូទាំងពិភពលោកកំពុងព្រួយបារម្ភ។ ភាព ប្រែប្រួលនៃអាកាសធាតុ នៅតាមប្រទេសនីមួយៗមានភាពខុសគ្នា ដោយប្រទេសខ្លះឡើងកម្តៅខុសធម្មតា។ បញ្ហាកម្តៅ កើនឡើងនេះ ត្រូវបានអង្គការសហប្រជាជាតិបង្កើតអង្គភាពមួយនៅឆ្នាំ១៩៨៨ ដើម្បីវាយតម្លៃចំណេះដឹងអំពីកំណើន កម្តៅសកល ផលប៉ះពាល់ និងវិធីដោះស្រាយ។

 
 
របាយការណ៍ចុងក្រោយរបស់អ្នកជំនាញ នៃអង្គការសហប្រជាជាតិដែលបោះពុម្ពផ្សាយនៅឆ្នាំ២០០៧ បញ្ជាក់ថា កំណើន កម្តៅសកលច្រើនបណ្តាលមកពីសកម្មភាពរបស់មនុស្ស។ ចំណែកឯអ្នកវិទ្យាសាស្រ្តមួយភាគតូចគិតថា មានមូលហេតុ សំខាន់ជាងនេះទៅទៀត ដែលធ្វើឱ្យកម្តៅផែនដីកើនឡើង ដូចជាព្រះអាទិត្យជាដើម។
 
បើតាមសៀវភៅខ្ញុំចង់ដឹងរបស់អង្គការស៊ីប៉ា ដែលមានចំណងថា«បរិស្ថាន» មានអ្នកវិទ្យាសាស្រ្តដែលបដិសេធថា គ្មានកំណើនកម្តៅសកលទេ ប៉ុន្តែអ្នកទាំងនោះមានតិចតួចណាស់។
 
និន្នាការចម្បងរបស់អ្នកវិទ្យាសាស្រ្ត បានសន្និដ្ឋានថា នៅអំឡុងពេលពេញមួយសតវត្សរ៍ទី២១នេះ សីតុណ្ហភាព នឹងកើន ឡើងពី ១,៨ ទៅ៣,៤ អង្សាសេបន្ថែមទៀត។ ពួកគេបានធ្វើសេណារីយ៉ូចំនួនជាង៤០ ដែលរៀបចំឡើងតាមរយៈ កំណើនសេដ្ឋកិច្ច កំណើនប្រជាជន ការប្រើប្រាស់ធនធាន និងបច្ចេកទេសថ្មីៗ ព្រមទាំងតាមរយៈការជួយគ្នារវាង បណ្តាប្រទេស និងជម្រើសអភិវឌ្ឍន៍របស់ពួកគេ។ 
 
សេណារីយ៉ូទាំងនេះបានគិតទុកមុននូវផលវិបាកនៃកំណើនកម្តៅសកលចំពោះផែនដី ដែលនៅក្នុងនោះមានកំណើន កម្ពស់ទឹកសមុទ្រ ការសម្បូរភ្លៀងនៅតំបន់ខ្លះតែខ្សត់ភ្លៀងនៅតំបន់ផ្សេងទៀត ការថយចុះនៃផែនទឹកកក និងទឹកកកសំឡី ការប្រែប្រួលចរន្តទឹកសមុទ្រ ការបាត់បង់ប្រភេទសត្វដែលគេស្គាល់ពី៤០ភាគរយ ទៅ៧០ភាគរយ ការបាត់បង់ប្រព័ន្ធអេកូឡូស៊ី និងព្រៃឈើមួយចំនួន។ 
 
ចំពោះ​ប្រទេសកម្ពុជា ក្រសួងបរិស្ថានក៏បានតាក់តែងសេណារីយ៉ូព្យាករមុនមួយសម្រាប់ប្រទេសដែរ។ យោងតាមការសិក្សារបស់ក្រសួងនេះ បរិមាណទឹកភ្លៀងអាចនឹងកើនឡើងពី ៣ភាគរយ ទៅ ៣៥ភាគរយ។ ទោះជាយ៉ាងនេះក្តី ភ្លៀងទាំងនេះមិនអាចបំបាត់ភាពរាំងស្ងួតនៅរដូវផ្សេងឡើយ ព្រោះសីតុណ្ហភាពអាចកើនឡើងពី ១,៣ ទៅ ២,៥អង្សាសេបន្ថែមទៀត។ 
បើកម្ពស់ទឹកសមុទ្រកើនឡើងមែននោះ វានឹងប៉ះពាល់ដល់ឆ្នេរសមុទ្រ។ នៅឆ្នាំ២១០០ ព្រៃកោងកាងមួយភាគធំនឹងត្រូវលិចលង់។ បើទឹកឡើង ១ម៉ែត្រ ឆ្នេរសមុទ្រប្រាកដជាត្រូវជន់លិច ជាពិសេសឆ្នេរទំហំ ៤៤គីឡូម៉ែត្រការ៉េ នៅក្នុងខេត្តកោះកុង និងត្រូវលិចទឹកជារៀងរហូត។ បើឆ្នេរសមុទ្របាត់បង់ នោះចលករមួយរបស់សេដ្ឋកិច្ច គឺវិស័យទេសចរណ៍ នឹងត្រូវទទួលរងផលប៉ះពាល់។
 
ការកើនឡើងនៃកម្ពស់ទឹកក៏នឹងមានផលវិបាកធ្ងន់ធ្ងរនៅវាលទំនាបតាមបណ្តោយទន្លេមេគង្គនិងក្នុងប្រព័ន្ធអេកូឡូស៊ីនៃទន្លេសាបទាំងមូលដែលជាដង្ហើមសេដ្ឋកិច្ចឱ្យមួយទៀតរបស់ប្រទេសយើង។  ប្រជាជនកម្ពុជាមិនទាន់ត្រៀមខ្លួន ដើម្បីប្រឈមមុខនឹងស្ថានភាពថ្មីនេះទេ។ ការខូចខាតដី ព្រៃឈើ និងតំបន់នេសាទ នឹងញុំាងជីវិតប្រជាជាតិឱ្យលំបាកឡើងៗ។ តម្រូវការទឹកក៏នឹងកើនឡើងតាមកំណើនប្រជាជនដែរ។
 
ក្នុងលក្ខខណ្ឌនេះ សុខភាពក៏នឹងអាចទ្រុឌទ្រោម ដោយសារប្រព័ន្ធសុខាភិបាលនៅមានកម្រិត ហើយប្រជាជនភាគច្រើនក្រីក្រ និងមានការយល់ដឹងតិចអំពីវិធានការអនាម័យ៕
 

Tag:
 អង្គការស៊ីប៉ា
  ពីនេះពីនោះ
  ខ្ញុំចង់ដឹង
  បរិស្ថានយើង
  កម្តៅ
© រក្សាសិទ្ធិដោយ thmeythmey.com