ជាតិ
ពីនេះ ពីនោះ
ពិព័រណ៍ស្នាដៃសិល្បៈ«ម្ចាស់ទឹកម្ចាស់ដី» បង្ហាញជំនឿអរូបី និងបញ្ហាសង្គម
18, Jan 2022 , 7:59 am        
រូបភាព
 លោក ខ្វៃ សំណាង(ស្ដាំ) លោក លីម សុខចាន់លីណា(កណ្ដាល) និង លោក វិធី លីណូ(ឆ្វេង) ស្ថិតក្នុងវិចិត្រសាលគម្រោងសិល្បៈ ស.ស។រូបភាពពី គម្រោងសិល្បៈ ស
លោក ខ្វៃ សំណាង(ស្ដាំ) លោក លីម សុខចាន់លីណា(កណ្ដាល) និង លោក វិធី លីណូ(ឆ្វេង) ស្ថិតក្នុងវិចិត្រសាលគម្រោងសិល្បៈ ស.ស។រូបភាពពី គម្រោងសិល្បៈ ស
ភ្នំពេញ៖ សិល្បករខ្មែរបីរូប  បានបង្ហាញស្នាដៃសិល្បៈក្រោមប្រធានបទ« ម្ចាស់ទឹកម្ចាស់ដី» ក្នុងពិព័រណ៍សិល្បៈ នៅវិចិត្រសាល របស់គម្រោងសិល្បៈ ស.ស ចាប់ពីថ្ងៃទី១៥ មករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ ពិព័រណ៍នេះ នឹងបង្ហាញស្នាដៃសិល្បៈជាច្រើន ដូចជា វីដេអូ រូបថត ចម្លាក់ និងស្នាដៃបង្គុំពន្លឺ ដើម្បីបង្ហាញពីជំនឿអរូបី និងបញ្ហារបស់ពលករនេសាទខ្មែរនៅថៃ ដែលរងការកេងប្រវ័ញ្ច។



សិល្បករខ្មែរបីរូប លោក ខ្វៃ សំណាង, លោក លីម សុខចាន់លីណា និង លោក វុធ លីណូ បានបង្កើតពិព័រណ៍ស្នាដៃសិល្បៈរួមគ្នាជាលើកដំបូង ក្នុងវិចិត្រសាលរបស់គម្រោងសិល្បៈ ស.ស។ ពិព័រណ៍នេះ បានបង្ហាញពីជំនឿលើធម្មជាតិ ដូចជា បឹងបួ ទន្លេ សមុទ្រ ភ្នំ ព្រៃព្រឹក្សា និងសត្វផ្សេងៗ ជំនឿលើអធិធម្មជាតិ(Supernatural) ជីវចល និងព្រលឹងដ៏មានឫទ្ធិអំណាចថែរក្សាផ្ទះសម្បែង ស្រុកទេស មនុស្ស សត្វ និងជីវិតនានា។ 
 

ស្នាដៃសិល្បៈ របស់ លោក ខ្វៃ សំណាង។  រូបភាពពី គម្រោងសិល្បៈ ស

សិល្បករទាំងបីរូបនេះ នឹងយកស្នាដៃរបស់ខ្លួន ក្នុងនោះគឺ លោក ខ្វៃ សំណាង សិល្បករបញ្ចប់ការសិក្សាផ្នែកគំនូរ ពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ  បានបង្ហាញវីដេអូលើអេក្រង់២ រូបចម្លាក់របាំងមុខនាគចំនួន២ ក្រងពីវល្លិ រួមនឹងរូបថតចំនួន ៥សន្លឹក ដកស្រង់ចេញពីកម្រងស្នាដៃ «ពពិល»។ «ស្នាដៃពិពល»នេះ គឺជាស្នាដៃរបស់ លោក សំណាង កាលពីឆ្នាំ២០១៨ ដែលនិយាយពីពិធីបង្វិលពពិល។ 
 
ស្នាដៃនេះ  គឺជាការសម្ដែង រួមនឹងក្បាច់របាំថ្មីមួយ ដោយនាដកាពីររូបគឺ មុត ផារ៉ាន់ និង សុត សុវណ្ណឌី។ រឿងនេះ ស្ដែងពីមេត្រីភាពស្នេហា និងវិវាទ រវាងសត្វនាគមួយគូ យាត្រាពីភាគខាងជើងប្រទេសកម្ពុជា មកកាន់រាជធានីភ្នំពេញ។ 
 

ស្នាដៃសិល្បៈ លោក លីម សុខចាន់លីណា។ រូបភាពពី គម្រោងសិល្បៈ ស

រីឯ លោក លីម សុខចាន់លីណា មានបទពិសោធន៍ផ្នែករូបថត វីដេអូ និងសម្ដែងតាមបែបថតឯកសារ និងបែបទស្សនៈ បានបង្ហាញស្នាដៃខ្លួន តាមរយៈវីដេអូទោលមួយ ដែលមានចំណងជើងថា «លិខិតផ្ញើតាមសមុទ្ទ»។ ស្នាដៃនេះ  អមដោយឯកសារដំណើរការផលិត បណ្ណសារលិខិត និងវត្ថុមួយចំនួន។ ក្នុងខ្សែវីដេអូនោះ ម្ចាស់ស្នាដៃ លោក សុខចាន់លីណា សម្ដែងជាសរសេរ និងអានលិខិត នៅបាតសមុទ្ទ ក្នុងតំបន់កោះគូដ (Ko Kut) ដែលជាកោះមួយជាប់ព្រំប្រទល់កម្ពុជា-ថៃ។ ក្នុងលិខិតនោះ រៀបរាប់ពីទុក្ខលំបាក របស់ពលករនេសាទខ្មែរ ដែលត្រូវបានកេងប្រវ័ញ្ច ជួញដូរកម្លាំងញើសឈាម និងក្លាយជាទាសករថ្នាំញៀន។ ក្នុងលិខិតនោះទៀតសោត ផ្ញើជូនទៅពលករនេសាទខ្មែរ និងឧទ្ទិសដល់ព្រលឹងថែរក្សាសមុទ្ទ និងដួងព្រលឹងពលករនេសាទ ដែលបាត់បង់ជីវិតក្នុងសមុទ្ទផងដែរ។ 
 

ស្នាដៃសិល្បៈ លោក វុធ លីណូ។ រូបភាពពី គម្រោងសិល្បៈ ស

ចំណែកឯស្នាដៃសិល្បៈទី៣វិញ គឺជាស្នាដៃបង្គុំបែបស្ថាបត្យកម្មមួយ ធ្វើពីអំពូលនីអុង (Neon light) និងរូបភាពធ្វើពីសន្លឹកលោហធាតុពណ៌មាស ចំនួន៤ផ្ទាំង បង្ហាញជាគ្រោងជំនាងផ្ទះ ដែលស្នាដៃសិល្បៈនេះជារបស់ លោក វុធ លីណូ។ លោក លីណូ បានបញ្ចប់អនុបណ្ឌិតផ្នែកប្រវត្តិសិល្បៈ ពីសាកលវិទ្យាល័យរដ្ឋញ៉ូវយ៉ក។ ចំពោះស្នាដៃបង្គុំអំពូលភ្លើងនីអុង «ជំនាងផ្ទះ»នេះ មានទំហំធំប៉ុនកម្ពស់មនុស្ស ចែកជាបំណែកៗ និងព្យួរអណ្ដែតលើលម្ហ ពណ៌ក្រហមច្រាល។ ចំណែកលោហធាតុពណ៌មាសទាំង៤ផ្ទាំង តម្រៀបគ្នាជាជួរលើជញ្ជាំង បង្ហាញជារូបជំនាងផ្ទះ ក្នុងរចនាបថទីទៃៗពីគ្នា។ 
 
សូមជម្រាបផងដែរថា ពិព័រណ៍ «ម្ចាស់ទឹកម្ចាស់ដី»នេះ គឺជាពិព័រណ៍មួយ ដែលនាំមកនូវការសន្ទនា និងទំនាក់ទំនងដ៏ស្មុគស្មាញ រវាងធម្មជាតិ និងអធិធម្មជាតិមនុស្ស និងអមនុស្ស, រូប និងអរូប, ប្រទេស និង ប្រទេស ដែលបន្តជះឥទ្ធិពលដល់នយោបាយ សេដ្ឋកិច្ច វប្បធម៌ ទំនៀមទម្លាប់ ជីវិតរស់នៅ និងពិសេសប្រព័ន្ធសង្គម។ ពិព័រណ៍នេះ ចាប់បើកឱ្យសាធារណជនទស្សនានៅ វិចិត្រសាលគម្រោងសិល្បៈ ស.ស ចាប់ពីម៉ោង៣រសៀល ដល់ម៉ោង៨យប់ពីថ្ងៃទី១៥ ខែមករា  រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២៕
 
 
 

Tag:
 ThmeyThmey25
  ពិពរណ៍ស្នាដៃសិល្បៈ
  គម្រោងសិល្បៈស.ស
© រក្សាសិទ្ធិដោយ thmeythmey.com