ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ដាក់បញ្ចូលទិវានយោបាយឈ្នះឈ្នះ នៅក្នុងប្រតិទិនជាផ្លូវការ តែមិនឱ្យឈប់សម្រាកឡើយ
18, Jan 2022 , 11:00 am        
រូបភាព
ភ្នំពេញ៖ ទិវានយោបាយឈ្នះ ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ត្រូវបានបញ្ចូលទៅក្នុងប្រតិទិនប្រចាំឆ្នាំ ប៉ុន្តែមិនឱ្យឈប់សម្រាកឡើយ។ នេះបើតាមសារាចរណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។



សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ការដាក់បញ្ចូលទិវានយោបាយឈ្នះឈ្នះ នៅក្នុងប្រតិទិន គឺសម្រាប់អប់អរជ័យជម្នះ ដែលកម្ពុជា បានបិទបញ្ចប់សង្គ្រាមទាំងស្រុង ជាពិសេសដើម្បីដឹងគុណ និងចងចាំគុណូបការៈដ៏ថ្លៃថ្លានេះ។ 
 
ប្រមុខរដ្ឋាភិបាល ក៏បានឱ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈ ឯកជន កំណត់យកទិវានយោបាយតាមប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក ចាប់ពីឆ្នាំ២០២២តទៅ ។ បានន័យថា មន្ត្រីរាជការ បុគ្គលិក និងកម្មករ មិនត្រូវបានអនុញ្ញាតឈប់សម្រាកនោះទេ។
 
មិនតែប៉ុណ្ណោះសម្ដេច ក៏បង្គាប់ឱ្យគ្រប់ស្ថាប័នរដ្ឋ និងឯកជនទាំងនេះ ត្រូវរៀបចំចងបដា ពាក្យស្លោក ដើម្បីអបអរសាទរទិវានយោបាយឈ្នះឈ្នះ ដែលមានខ្លឹមសារថា «អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការ ឯកភាពជាតិពេញលេញ!»។
 
សារាចរណែនាំ របស់សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា អស់រយៈពេល២៣ឆ្នាំកន្លងមក កម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដោយមិនមានការបង្ហូរឈាម និងទទួលបានសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ ឈ្នះ ជាគោលនយោបាយដ៏ធំមួយក្នុងការដឹកនាំប្រទេសកម្ពុជា បន្ទាប់ពីឆ្លងកាត់នូវដំណាក់កាលសង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត រួមទាំងដំណាក់កាលសង្គ្រាមផង ចរចាផង រហូតដល់ការលេចឡើងនៃវត្តមានរបស់នយោបាយនេះ។

Tag:
 នយោបាយឈ្នះឈ្នះ
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com