ជាតិ
អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសវៀតណាម នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ២ថ្ងៃ
18, Jan 2022 , 11:48 am        
រូបភាព
លោក បួយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសវៀតណាម។ រូបភាព៖ VNA
លោក បួយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសវៀតណាម។ រូបភាព៖ VNA
រដ្ឋមន្រ្តីការបរទេសវៀតណាម លោក បួយ ថាញ់សឺន នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមករា ដើម្បីជជែកទំនាក់ទំនងទ្វេភាគី ជាមួយនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិ។ អគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក លោក ង្វៀន ហួយ តាំង បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៧ ខែមករា។

 
ក្នុងឆ្នាំ ២០២២ នេះ កម្ពុជា-វៀតណាម នឹងប្រារព្ធខួបនៃការបង្កើតទំនាក់ទំនងលើកទី៥៥ ។ ចំខួបនៃការបង្កើតទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរនេះ ប្រមុខការទូតវៀតណាម លោក បួយ ថាញ់សឺន នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមករា។ ទស្សនកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញរបស់ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន។ 
 
ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Vietnam News លោក តាំង បានអះអាងថា រដ្ឋមន្រ្តីការបរទេសប្រទេសទាំងពីរ នឹងជជែកពីសកម្មភាព ដែលត្រូវប្រារព្ធក្នុងខួបទំនាក់ទំនងទ្វេភាគី រួមជាមួយបញ្ហាតំបន់ និងអន្តរជាតិ។ 
 
«ទស្សនកិច្ច នឹងរួមចំណែកក្នុងនាមជាប្រទេសជិតខាងល្អ មិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការអភិវឌ្ឍរយៈពេលយូរ»។ អគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់បែបនេះ។ 
 
ទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសវៀតណាម ធ្វើឡើងតែមួយខែប៉ុណ្ណោះ បន្ទាប់ពីទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម លោក ង្វៀន សួនហ៊្វុក។ វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា និងកម្ពុជាជាប្រធានផ្លាស់វេនអាស៊ាន ក៏អាចជារបៀបវារៈនៃជំនួបប្រមុខការទូតប្រទេសទាំងពីរផងដែរ។ 
 
ជាមួយគ្នានោះ លោក តាំង បានអះអាងថា ប្រទេសទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារ និងសន្តិសុខជាតិ រួមទាំងកិច្ចការបរទេស និងសម្របសម្រួលវេទិកាពហុភាគីក្នុងតំបន់ និងអន្តរជាតិ។ ការណ៍នេះ នឹងជួយកម្ពុជាឱ្យបំពេញតួនាទីជាប្រធានផ្លាស់វេនអាស៊ានបានល្អ នៅក្នុងឆ្នាំ ២០២២៕ 
 

Tag:
 វៀតណាម
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com