ជាតិ
ស្ត្រី​ចំណាស់ម្នាក់យំ​សោក​បោកខ្លួន​មុខ​រោងល្ខោន ព្រោះអាណិតតួស្រីដែលដូចសាច់រឿងពិតខ្លួន
18, Jan 2022 , 2:40 pm        
រូបភាព
ដោយ:
ជីវិត​ដូចជាការសម្តែង! អាណិត​តួស្រី ខឹងតួប្រុស! នេះជាទស្សនីយភាព​ក្រៅ​ឆាក​របស់ស្ត្រីចំណាស់​ម្នាក់ ​នៅ​មុខ ​រោង​ល្ខោន​បាសាក់មួយ នា​ខេត្តព្រៃវែង​កាលពី​ពេល​ថ្មីៗ​កន្លងមកនេះ។ កាយ​វិការចូល​តួ របស់​អ្នក​គាំទ្រ​ល្ខោន ខ្មែរ​រូប​នេះ ត្រូវបង្ហោះ និង​ចែក​ចាយពេញ​បណ្តាញសង្គមហ្វេសប៊ុក​។​

 

ឃ្លីប​វីដេអូខ្លីប្រមាណ២នាទី បង្ហាញពីស្ត្រីវ័យចំណាស់ម្នាក់យំបោកខ្លួនមុខឆាកល្ខោនបាសាក់ ក្នុងឈុតតួប្រុស កំពុងវាយដំតួស្រី។ មាន​ការ​ចែក​រំលែក​តៗគ្នា​ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដោយ​អ្នកខ្លះបញ្ចេញ​មតិ​ក្នុងន័យ​កំប្លុកបំប្លែង ខ្លះកោតសរសើរ​ចំពោះ​ការស្មោះស្ម័គ្រ​ចំពោះ​ល្ខោន​បាសាក់ ហើយ​មួយចំនួន​ក៏​ឆ្លៀត​រិះគន់​ផងដែរ។


 
មិន​ត្រឹម​តែ​យំ​សោកបោក​ខ្លួន​ និង​អង្រួន​ឆាក​នោះឡើយ Fan ល្ខោន​បាសាក់​វ័យ​​ប្រមាណ​៦០​ឆ្នាំ រូបនោះ ថែមទាំង​ទាញ​ខ្សែតី ឃាត់កុំឲ្យ​តួប្រុសវាយតួស្រី​ទៀត​ផង ដោយ​គាត់ភ្លេចគិតថា វា​ត្រឹម​តែជាការ សម្តែង តាម​សាច់​រឿង​​ប៉ុណ្ណោះ។ តាម​វីដេអូ តួ​សម្តែង​ផ្សេងទៀត ក៏ហាក់ដូចជា​ប្រឹង​ទប់សំណើច​ផងដែរ នៅពេលឃើញ​កាយវិការ​​របស់​អ្នកគាំទ្រ។


 
សារព័ត៌មាន​ថ្មីៗ បាន​ទាក់ទង​ទៅ​ក្រុម​​វង់​ល្ខោន សួរនាំ​ពី​បញ្ហានេះ។ បើតាម​ លោក កែវ សុភ័ណ្ឌ ម្ចាស់វង់ល្ខោនបាសាក់ កែវសុភ័ណ្ឌតួព្រះវេសន្តរ ខេត្តកំពង់ចាម និងជាតួឯក​ប្រុសក្នុង​រឿង «ពិនវង្ស» អ្នក​តាមដាន​​ចូល​តួ​ ដោយសារ​តែ​ជីវិត​គាត់​ដូចជា​ជីវិត​តួស្រីនៅ​ក្នុង​សាច់រឿង។
 
ការ​សម្តែង​នៅពេលនោះ គឺស្ថិតនៅ​ក្នុង​វត្ត​ថ្នល់ជ័យ ខេត្តព្រៃវែង។ លោក សុភ័ណ្ឌ មិនបាន​សួរ​នាំ​អ្វី​ច្រើនឡើយ ប៉ុន្តែ​គាត់​បាន​បញ្ជាក់ថា៖  «គាត់យំបោកខ្លួន ព្រោះធ្លាប់មានប្រវត្តិប្ដីធ្វើបាប។ គេឃាត់យ៉ាងមិច ក៏គាត់នៅតែយំចូលតួតាមសាច់រឿង។ គាត់ភ្លេចថាគេសម្ដែង។ គាត់ថាប្ដីធ្លាប់ធ្វើបាប ប្រើអំពើហិង្សា។ ប្ដីគាត់មានប្រពន្ធពីរ ហើយក្នុងសាច់រឿងប្ដីមានប្រពន្ធពីរដែរ ។ ប្ដីគាត់វាយគាត់ហើមមុខ ហើមមាត់រាល់ថ្ងៃ ទើបគាត់ចូលតួ យកដបទឹកសុទ្ធគប់តួប្រុស »។


 
បើតាមម្ចាស់វង់ល្ខោនបាសាក់កែវសុភ័ណ្ឌតួព្រះវេសន្តរ ខេត្តកំពង់ចាម បន្ទាប់ពីការសម្ដែងឈុត វាយប្រពន្ធនោះហើយ ក្រុមការងាររបស់លោក បានប្រកាសថានេះគ្រាន់តែការសម្ដែងប៉ុណ្ណោះ ទើបស្ត្រីរូបនោះរំសាយអារម្មណ៍ ឈប់ខឹងសម្បានឹងតួប្រុសទៀត។ 
 
លោកបន្តប្រាប់​ ThmeyThmey ថា នេះមិនមែន​ជាលើកទីមួយទេ​ ដែលអ្នកមើលចូលតួតាមសាច់រឿង ខណៈពេលខ្លះអ្នកមើលខឹងតួសម្ដែងរហូតយករបស់របរទៅគប់តួនៅក្រោយឆាកថែមទៀតផង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com