ជាតិ
នយោបាយជាតិ
សិង្ហបុរី ប្រកាសត្រៀមខ្លួនធ្វើការជាមួយកម្ពុជា ដើម្បីអនុវត្តកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនៅមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា (រូបពីទំព័រហ្វេសប៊ុកក្រសួងការបរទេសកម្ពុជា) និង លោក វីវៀន បាឡាគ្រីសណាន់ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី (រូបពី AFP)
× លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក វីវៀន បាឡាគ្រីសណាន់ (Vivian Balakrishnan) រដ្ឋមន្រ្តីការបរទេសសិង្ហបុរី បានជជែកគ្នាតាមប្រព័ន្ធទូរស័ព្ទ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។ ក្រសួងការបរទេសកម្ពុជា ទើបនឹងចេញផ្សាយសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៧ ខែមករា ស្តីពីលទ្ធផលនៃកិច្ចពិភាក្សារវាងរដ្ឋមន្រ្តីការបរទេសទាំង២។
បើតាមសេចក្តីប្រកាសព័ត៌មាន បញ្ហានៅមីយ៉ាន់ម៉ា គឺជាប្រធានបទ១ ដែលស្ថិតក្នុងការជជែកគ្នារបស់លោក ប្រាក់ សុខុន និង លោក វីវៀន បាឡាគ្រីសណាន់។ ក្រសួងការបរទេសកម្ពុជា បានសរសេរថា៖«ឯកឧត្តម វីវៀន បាឡាគ្រីណាន់ បានកោតសរសើរចំពោះសុច្ឆន្ទៈរបស់សម្តេចតេជោ ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា និងបានបញ្ជាក់ជាថ្មីនូវការគាំទ្រ និងការត្រៀបខ្លួនរបស់សិង្ហបុរី ក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ដែលផ្សារភ្ជាប់ទៅនឹងការថែរក្សា ការលើកកម្ពស់ទំនុកចិត្ត និង ការពាក់ព័ន្ធរបស់អាស៊ាន»។
កិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច គឺ ទី១ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយភាគីទាំងអស់ ត្រូវរក្សាភាពអត់ធ្មត់ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយស្ថាបនា ដើម្បីជាប្រយោជន៍ប្រជាជន ទី៣ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន ទី៤ អាស៊ាន ផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលផ្តល់ជំនួយមនុស្សធម៌អាស៊ាន ទី៥ បេសកជនពិសេស និងប្រតិភូ ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។
កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ មេដឹកនាំប្រទេសក្នុងអាស៊ាន បានប្រជុំគ្នានៅប្រទេសប្រុយណេ ដើម្បីរួមគ្នារកដំណោះស្រាយនៅមីយ៉ាន់ម៉ា។ តាមរយៈកិច្ចប្រជុំនាពេលនោះ មេដឹកនាំប្រទេសក្នុងអាស៊ាន បានសម្រេចដាក់ចេញកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចនេះ ដើម្បីយកទៅដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា។
លោក ប្រាក់ សុខុន ជម្រាបលោក វីវៀន បាឡាគ្រីសណាន់ ថា ដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាន នៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧-ទី៨ ខែមករា ឆ្នាំ២០២២ គឺជាជំហានដ៏សំខាន់ ដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធលើបញ្ហាមីយ៉ាន់ម៉ា។ បើតាមក្រសួងការបរទេស លោកប្រមុខការទូតកម្ពុជា សង្កត់ថា៖«កម្ពុជា មានបំណងប្រាថ្នាដូចគ្នានឹងប្រទេសជាសមាជិកអាស៊ាន និងសហគមន៍អន្តរជាតិផ្សេងទៀត ដែលនឹងជួយមីយ៉ាន់ម៉ា ឲ្យសម្រេចបានសន្តិភាព និងការផ្សះផ្សារយូរអង្វែង»។
ឆ្នាំ២០២២នេះ គឺជាវេនរបស់កម្ពុជា ដែលធ្វើជាប្រធានអាស៊ាន។ លោក ប្រាក់ សុខុន ត្រូវបានតែងតាំងជាបេសកជនពិសេស សម្រាប់ការចរចារកដំណោះស្រាយនៅមីយ៉ាន់ម៉ា។ ការស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា គឺជាបន្ទុកដ៏ធំ១សម្រាប់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន៕
Tag:
កម្ពុជា
សិង្ហបុរី
មីយ៉ាន់ម៉ា
ប្រាក់ សុខុន
Vivian Balakrishnan
© រក្សាសិទ្ធិដោយ thmeythmey.com