ជាតិ
សង្គមជាតិ
មន្រ្តីខេត្តបាត់ដំបងម្នាក់ លាលែងពីតំណែង ព្រោះបក្ខពួកនិយម ខណៈខេត្ត បន្ទោសថា មន្រ្តីនេះ ធ្វើការមិនជាប់លាប់
19, Jan 2022 , 11:23 pm        
រូបភាព
លោក លី ឌីនូរី មន្រ្តីសាលាខេត្តបាត់ដំបង បានបង្ហោះលិខិតសុំឈប់ពីតំណែងលើបណ្តាញសង្គមហ្វេសប៊ុក ព្រោះទើសចិត្តនឹងការបង្កើតបក្ខពួកនិយមក្នុងសាលាខេត្ត។ មន្រ្តីរូបនេះលើកឡើងថា រយៈពេល២ឆ្នាំហើយ ដែលខ្លួន មិនត្រូវបានមន្រ្តីឯទៀតរាប់បញ្ចូលក្នុងក្រុមរបាយការណ៍ឬក្រុមសុំច្បាប់ និងគ្មានការទំនាក់ទំនងអ្វីឡើយ។



ដោយយល់ឃើញថា កន្លែងធ្វើការខ្លួនមានការបង្កើតបក្ខពួកនិយម លោក លី ឌីនូរី ដែលជាមន្រ្តីការិយាល័យគ្រប់គ្រងបុគ្គលិកនៃសាលាខេត្តបាត់ដំបង​ បានលាឈប់ពីតំណែងជាក្របខ័ណ្ឌរដ្ឋ ហើយធ្វើលិខិតស្នើសុំទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងបានបង្ហោះលិខិតនោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។
 
លោក ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា៖«ត្រូវធ្វើការដោយយុត្តិធម៌ដូចគ្នា បើមានលិខិតអញ្ជើញត្រូវមានដូចគ្នា ហើយបើអត់ការងារធ្វើ ត្រូវអត់ដូចគ្នា។ មិនមែនថា មន្រ្តីដូចគ្នា អត់មានការងារធ្វើហើយយកគ្នាមកចោល១-២ឆ្នាំ។ ហើយបើខ្ញុំមានកំហុសអីប្រាប់មក។ សូម្បីតែតេឡេក្រាមរបស់ខ្ញុំ ក៏មិនមានភ្ជាប់ជាមួយក្រុមរបាយការណ៍ ឬក្រុមអវត្តមានគឺអត់ទេ ១-២ឆ្នាំហើយ»។
 
លោក សុខ លូ អភិបាលខេត្តបាត់ដំបង មិនយល់ស្របនឹងហេតុផលរបស់លោក លោក លី ឌីនូរី ឡើយ។ លោកអភិបាលខេត្ត មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា៖«គាត់ដាក់នេះចង់បានន័យថាយ៉ាងម៉េច? បក្ខពួកនិយមក្នុងសាលាខេត្ត? ចង់ឱ្យគេទៅបក្ខពួកជាមួយគាត់ មន្រ្តីមិនធ្វើការ មន្រ្តីមិនគោរពច្បាប់ គាត់ចង់អ៊ីចឹង ឬយ៉ាងម៉េច?»។
 
លោក សុខ លូ បន្ថែមថា លោក លី ឌីនូរី មិនបានទៅធ្វើការជាប់លាប់ទេ រយៈពេលកន្លងមក ហើយចុងក្រោយនេះ រយៈពេល២សប្ដាហ៍ជាប់គ្នា មន្រ្តីរូបនេះ អវត្តមានពីកន្លែងធ្វើដោយគ្មានដំណឹងអ្វីឡើយ។ លោក បញ្ជាក់ថា៖«គាត់ដាក់ពាក្យលាលែងនេះក៏មិនត្រូវដែរ។ សព្វថ្ងៃនេះមន្រ្តីក្នុងក្របខ័ណ្ឌ អត់មានស្ថិតនៅលើក្រសួងមហាផ្ទៃទេ គឺនៅលើរដ្ឋបាលខេត្ត»។ យ៉ាងណា លោកអភិបាលខេត្ត ប្រាប់ថា លោក ក៏ទទួលយកពាក្យលាឈប់របស់លោក លី ឌីនូរី ដោយមិនសម្របសម្រួលអ្វីឡើយ។
 
ជាមួយគ្នានេះ អ្នកនាំពាក្យសាលាខេត្តបាត់ដំបង បានចេញសេចក្តីបំភ្លឺ នៅថ្ងៃទី១៩ ខែមករានេះ ជុំវិញករណីរបស់លោក លី ឌីនូរី ដើម្បីកុំឲ្យមហាជនយល់ច្រឡំ។ មិនខុសពីអភិបាលខេត្ត អ្នកនាំពាក្យ អះអាងថា លោក លី ឌីនូរី ពុំបានទៅបំពេញការងារជាប់លាប់នោះទេ ដោយទៅត្រឹម១ព្រឹក ក៏អវត្តមាន២-៣ថ្ងៃ។ អ្នកនាំពាក្យ បន្ថែមថា ចុងក្រោយនេះ លោក លី ឌីនូរី បានអវត្តមានពីកន្លែងធ្វើការរយៈពេល២សប្តាហ៍ជាប់គ្នា ដោយគ្មានច្បាប់ គ្មានមូលហេតុ និង គ្មានការជូនដំណឹងដល់អង្គភាព។
 
អ្នកនាំពាក្យ បរិយាយទៀតថា ដើម្បីពង្រឹងការគ្រង់គ្រងមន្រ្តី រដ្ឋបាលខេត្ត បានធ្វើលិខិតអញ្ជើញលើកទី១ ដល់លោក លី ឌីនូរី ដើម្បីឲ្យលោកចូលទៅបំពេញការងារវិញ និងដើម្បីទុកឱកាសឲ្យលោក កែប្រែកំហុស ប៉ុន្តែលោក ពុំបានចូលបំពេញការងារវិញតាមការអញ្ជើញឡើយ ហើយក៏ពុំបានសាកសួរព័ត៌មានពីអង្គភាពដែរ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com