កីឡាអន្តរជាតិ
អន្តរជាតិ
អត្តពលិក​ចូលរួមអូឡាំពិកប៉េកាំង ត្រូវព្រមាន​មិនឱ្យ​និយាយ​ពីបញ្ហា​សិទ្ធិ​មនុស្ស​នៅចិន
20, Jan 2022 , 9:59 am        
រូបភាព
អត្តពលិក ដែលទៅចូលរួមការប្រកួតកីឡាអូឡាំពិកក្រុងប៉េកាំង ត្រូវបានព្រមានមិនឱ្យនិយាយស្តីជុំវិញបញ្ហាសិទ្ធិមនុស្សទាក់ទងនឹងចិន។ នេះបើតាមការលើកឡើងរបស់អគ្គនាយកនៃក្រុមអត្តពលិកពិភពលោកនៅក្នុងសិក្ខាសាលាមួយនៅថ្ងៃទី១៨ ខែមករា។ ការព្រមាននេះក្នុងគោលបំណងរក្សាសុវត្ថិភាពដល់អត្តពលិកអំឡុងការប្រកួត។


ក្រុមសិទ្ធិមនុស្ស និងសមាជិកសភាសអាម៉េរិកបានរិះគន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដែលផ្តល់សិទ្ធិឱ្យចិនធ្វើម្ចាស់ផ្ទះកីឡាលំដាប់ពិភពលោក ស្របពេលប្រទេសយក្សអាស៊ីមួយនេះរងការចោទប្រកាន់ធ្ងន់ធ្ងរលើបញ្ហាសិទ្ធិមនុស្ស។
 
ចិន ត្រូវបានចោទថា បានធ្វើទុក្ខបុកម្និញលើជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចមូស្លីមដទៃទៀតនៅតំបន់ស៊ីនជាំង ដែលអាម៉េរិកចាត់ទុកថាជាការអំពើប្រល័យពូជសាសន៍។ អាម៉េរិក រួមទាំងប្រទេសសមាជិកថែមទាំងធ្វើពហិការចូលរួមពិធីបើកអូឡាំពិកដែលនឹងចាប់ផ្តើមឡើងនៅដើមខែកុម្ភៈទៀតផង។ យ៉ាងណាក៏ដោយ ចិនបដិសេធការការចោទនេះ និងថ្កោលទោសចំពោះការធ្វើពហិការរបស់ប្រទេសទាំងនោះវិញ។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក Rob Koehler អគ្គនាយកនៃក្រុមអត្តពលិកពិភពលោកបាននិយាយនៅក្នុងសិក្ខាសាលាថា សុវត្ថិភាពរបស់អត្តពលិកនៅអូឡាំពិកប៉េកាំងមិនប្រសើរនោះទេ។
 
 «មិនមានការការពារច្រើនទេ សម្រាប់អត្តពលិកនៅអូឡាំពិករដូវរងា។ ដូច្នេះ យើង​ណែនាំ​អត្តពលិកផ្តោតលើការប្រជែងមេដាយ ហើយ​កុំ​និយាយអ្វីច្រើនទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនៅទឹកដីចិន។ ​អត្តពលិកអាចបង្ហាញអារម្មណ៍ពិត នៅពេល​ពួកគេ​ត្រឡប់​ទៅ​ផ្ទះ​វិញ»។ នេះជាការព្រមានរបស់លោក Koehler ទៅកាន់អត្តពលិកដែលមាវត្តមានៅអូឡាំពិកឆ្នាំ២០២២។
ស្របពេលគ្នានេះ លោក Yaqiu Wang អ្នកស្រាវជ្រាវរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សមើលឃើញថា ច្បាប់របស់ចិនមានភាពមិនច្បាស់លាស់ចំពោះឧក្រិដ្ឋកម្មដែលអាចប្រើដើម្បីកាត់ទោសលើសេរីភាពបញ្ចេញមតិរបស់នរណាម្នាក់៕
 

Tag:
 Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com