កីឡាអន្តរជាតិ
អន្តរជាតិ
តម្លៃសំបុត្រWorld Cup៖ ១១ដុល្លារសម្រាប់ពលរដ្ឋកាតា ឯវគ្គផ្ដាច់ព្រ័ត្រឡើងដល់១៦០៧ដុល្លារ
20, Jan 2022 , 9:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ព្រឹត្តិការណ៍ពានរង្វាន់ World Cup 2022 នៅប្រទេសកាតា បានចាប់ផ្តើមបើលក់សំបុត្រហើយនាថ្ងៃទី១៩ ខែមករា។ កាតាបានបញ្ចុះតម្លៃសំបុត្រសម្រាប់ប្រជាជន និងកម្មករចំណាកស្រុកដើម្បីបានចូលទស្សនាការប្រកួតក្នុងតម្លៃ១១ដុល្លារ។


អាជ្ញាធរប្រទេសកាតាមិនទាន់បានប្រកាសពីការអនុញ្ញាតឱ្យចំនួនអ្នកគាំទ្រចូលទស្សនាបានប៉ុន្មានភាគរយក្នុងកីឡដ្ឋានអំឡុងពេលប្រកួតឡើយ។ ការប្រកួត World Cup ឆ្នាំ២០២២ ដែលជាព្រឹត្តិការណ៍ដំបូងក្នុងប្រទេសតំបន់អារ៉ាប់ នឹងធ្វើឡើងចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។
 
ជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានបើកការចាប់ឆ្នោតដើម្បីផ្តល់ជូនសំបុត្រសម្រាប់ការប្រកួតនីមួយៗដែលចាប់ផ្ដើមពីតម្លៃ ៦៩ដុល្លារសម្រាប់អ្នកគាំទ្រអន្តរជាតិ។ តម្លៃនេះទាបជាងប្រមាណ១ភាគ៣ ធៀបការប្រកួតឆ្នាំ World Cup ឆ្នាំ២០១៨ ។ ប៉ុន្តែសំបុត្រប្រកួតវគ្គផ្តាច់ព្រ័ត្រចុងក្រោយមានតម្លៃដល់ទៅ១,៦០៧ដុល្លារ។
 
ពលរដ្ឋកាតា រួមទាំងកម្មករចំណាកស្រុកជាប្រភពនៃភាពចម្រូងចម្រាសអំពីបញ្ហាការរំលោភសិទ្ធិការងារ និងការបាត់បង់ជីវិតជាមួយអ្នករៀបចំកម្មវិធីប្រកួត នឹងត្រូវទទួលបានសំបុត្រក្នុងតម្លៃទាបបំផុតត្រឹមតែ ១១ដុល្លារ។
 
សម្រាប់អ្នកគាំទ្រដាក់ពាក្យទិញសំបុត្រជាកញ្ចប់សម្រាប់តាមដានការប្រកួតនីមួយៗ ឬតាមក្រុមនីមួយៗ ឬក៏សំបុត្រសម្រាប់កីឡដ្ឋានពិសេស FIFA នឹងចាប់ឆ្នោតនៅថ្ងៃទី៨ ខែកុម្ភៈ ហើយប្រកាសលទ្ធផលនៅថ្ងៃទី៨ ខែមីនា។
 
កាតាចំណាយប្រាក់រាប់ពាន់លានដុល្លារសម្រាប់ត្រៀមការប្រកួត World Cup លើកដំបូង ឯ FIFA ក៏រំពឹងកម្មវិធីនឹងដំណើរការទៅដោយរលូន។ កីឡដ្ឋានចំនួន៧ បានកសាងឡើង នឹង១កីឡដ្ឋានបានកែលម្អឡើងវិញ ប៉ុន្តែបញ្ហាចំពោះមុខវិញ គឺ ប្រទេសកាតាកំពុងជួបបញ្ហាខ្វះខាតសណ្ឋាគារសម្រាប់អ្នកគាំទ្រ។
 
«នេះគឺ FIFA World Cup សម្រាប់កាតា តំបន់អារ៉ាប់និងពិភពលោក។ ហើយផលិតផលដែលដាក់លក់ថ្ងៃនេះបានបង្ហាញពីគោលបំណង FIFA ក្នុងការនាំការប្រកួតដ៏ស្រស់ស្អាតទៅកាន់អ្នកគាំទ្រទូទាំងពិភពលោកតាមតែអាចធ្វើបាន។» លោក Fatma Samoura អគ្គលេខាធិការ FIFA បានថ្លែងបែបនេះ។
 
មិនតែប៉ុណ្ណោះលោក Nasser Al Khater អ្នករៀបចំកម្មវិធី World Cup ប្រចាំកាតា លើកឡើងថា ការប្រកួត FIFA World Cup នៅមជ្ឈិមបូព៌ា និងពិភពអារ៉ាប់ នឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ។
 
អ្នករៀបចំកម្មវិធីប្រកួតបានរំពឹងថា អ្នកគាំទ្រប្រមាណ១,២លាននាក់ អាចនឹងមកទស្សនាការប្រកួតរបស់ក្រុមទាំង៣២៕
 

Tag:
 World Cup 2022
  Qatar
© រក្សាសិទ្ធិដោយ thmeythmey.com