COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះWorld Cup៖ Messi គ្មានឈ្មោះជួយអាហ្សង់ទីន ព្រោះជាប់ព្យាបាលកូវីដ-១៩
21, Jan 2022 , 8:29 am        
រូបភាព
ក្រុមជម្រើសជាតិអាហ្សង់ទីនដែលដឹកនាំដោយលោក Lionel Scaloni មិនមានឈ្មោះខ្សែប្រយុទ្ធ Lionel Messi ដើម្បីប្រកួតជម្រុះពានរង្វាន់ World Cup 2022 ឡើយ ព្រោះកំពុងបន្តព្យាបាលជំងឺកូវីដ-១៩។



ខ្សែប្រយុទ្ធរបស់ក្រុម Paris Saint Germain មិនមានវត្តមានចូលប្រកួតបាល់ទាត់រយៈពេលជាង១ខែ។ អំឡុងការប្រកួត PSG ប្រកួតស្មើ ១-១ ជាមួយក្រុម Lorient កាលពីថ្ងៃទី២២ខែធ្នូ ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំ បានធ្វើដំណើរទៅផ្ទះរបស់គេក្នុងប្រទេសអាហ្សង់ទីនដើម្បីសម្រាករដូវរងារ។ ប៉ុន្តែមុនពេលមកកាន់ក្លិប PSG វិញ Messi ក៏បានធ្វើ PCR តេស្តឃើញវិជ្ជមានកូវីដ-១៩។
 
កាលពីមុនប្រកួតទល់ក្រុម Lyon នៅថ្ងៃទី ៩ខែមករា ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនត្រូវបានអ្នកគាំទ្ររំពឹងថានឹងអាចជួយក្រុមប្រកួតឡើងវិញបាន។ ប៉ុន្តែក្លិប PSG បានប្រកាសវិញថា Messi ត្រូវការបន្តព្យាបាលជំងឺកូវីដ-១៩។
 
កាលពីសប្តាហ៍មុន Messi ក៏បានប្រកាសលើបណ្តាញសង្គម Instagram ថា៖«ការជាសះស្បើយពីជំងឺកូវីដ-១៩ ប្រើពេលយូរជាងការគិតរបស់ខ្ញុំទៅទៀត»។
 
ជុំវិញកាលៈទេសៈដែល Lionel Messi កំពុងស្ថិតក្រោមការព្យាបាលបែបនេះ ក្រុមអាហ្សង់ទីន មិនចង់រំខានដល់ដំណើរការជាសះស្បើយរបស់ខ្សែប្រយុទ្ធ Messi ឡើយ ខណៈ អាហ្សង់ទីនទទួលបានកៅអីស្វ័យប្រវត្តិទៅកាន់ជុំផ្តាច់ព្រ័ត្រ World Cup 2022 នៅកាតាស្រេចហើយ។
 
អាហ្សង់ទីន នឹងត្រូវធ្វើដំណើរទៅប្រកួតជាមួយក្រុមស៊ីលីនាថ្ងៃទី២៨ ខែមករា និងថ្ងៃទី២ខែកុម្ភះ អាហ្សង់ទីនត្រូវជួបក្រុមកូឡុំប៊ី។ ទាំងស៊ីលីនឹងកូឡុំប៊ី សុទ្ធសឹងជាក្រុមកំពុងស្វែងរកផ្លូវរៀងខ្លួនទៅកាន់ការប្រកួត World Cup 2022 នៅកាតា៕
 
 

Tag:
 Lionel Messi
  World Cup
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com