កីឡាអន្តរជាតិ
អន្តរជាតិ
ទោះធ្លាក់របូតពានបន្តបន្ទាប់ Xavi នៅតែបន្តជឿជាក់លើទម្រង់ Barca
21, Jan 2022 , 4:16 pm        
រូបភាព
ក្រុម Barcelona បន្តបរាជ័យការប្រកួតក្នុងពានរង្វាន់ Copa del Rey ក្រោមថ្វីជើងក្រុម Athletic Bilbao ៣-២ នាថ្ងៃទី២១ ខែមករា។ ប៉ុន្តែលោក Xavi Hernandez អះអាងថា ដោយសារតែកម្លាំងកីឡាករមានកំណត់ ហើយ Barca នៅតែបន្តគម្រោងសម្រាប់ទម្រង់លេងដដែល។



ក្រុមអ្នកមានបុណ្យ Barcelona បានរបូតពានជាបន្តបន្ទាប់ក្នុងខែមករានេះ។ កាលពីថ្ងៃទី១៣ខែមករា Barcelona ចាញ់ Real Madrid ក្នុងលទ្ធផល ៣-២ ក្នុងពានរង្វាន់ Supercopa Espana។ រហូតដល់ថ្ងៃទី២១ ខែមករានេះ Barca បានរបូតពានរង្វាន់ Copa del Rey បន្ថែមមួយទៀតនៅត្រឹមវគ្គ១៦ក្រុម។
 
រដូវកាល ២០២១-២២ ជារដូវកាលដ៏សង្វេគមួយសម្រាប់ Barca ដែលរបូតពានរង្វាន់២ ត្រឹមមួយសប្តាហ៍។ ក្រុមអ្នកមានបុណ្យ ក៏កំពុងស្វែងរកកៅអីចំណាត់ថ្នាក់ Top 4 ពីការប្រជែងក្នុងក្របខណ្ឌ La Liga ដើម្បីអាចលេងពាន Champions league នៅរដូវក្រោយ។
  


«យើងនឹងនៅតែបន្តភាពជឿជាក់លើគម្រោងរបស់យើង ព្រមទាំងទម្រង់លេងរបស់យើងដដែល។ យើងក៏បន្តក្តីសង្ឃឹមប្រជែងកៅអីក្នុង La Liga និងបន្តលេងហើយផ្តោតអារម្មណ៍ក្នុងពាន Europa League។» Xavi បាននិយាយក្នុងសន្និសីទកាសែតបែបនេះក្រោយចប់ការប្រកួត។
 
លើសពីនេះគ្រូបង្វឹកវ័យ៤១ឆ្នាំ លើកឡើងចំៗទៀតថា កម្លាំងរបស់កីឡាករក្រុម Athletic Bilbao ខ្លាំងដូចលេងវគ្គផ្តាច់ព្រ័ត្រ ហើយរឹងមាំជាង Barca។
 
រដូវកាល ២០២១-២២ ជារដូវកាលដំបូងសម្រាប់ក្រុម Barcelona ចាប់តាំងពីឆ្នាំ ២០០៣-០៤ ដែលធ្លាក់ចេញពីប្រកួត Champions League និងខកខានទៅវគ្គ៨ក្រុមចុងក្រោយពាន Copa del Rey លើកដំបូងចាប់តាំងពីឆ្នាំ ២០០៩-១០៕
 
 
 

Tag:
 Xavi Hernandez
  Barcelona
  Copa del Rey
© រក្សាសិទ្ធិដោយ thmeythmey.com