ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចង់ឱ្យស្បែកស្អាត កុំខ្ជិលញ៊ាំ ល្ហុង ស្វាយ និងផ្លែឈើ ៦មុខនេះ
21, Jan 2022 , 10:59 pm        
រូបភាព
ទោះបីជាឧស្សាហ៍ទទួលទាន ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលមិនធ្លាប់ដឹងទេថា ផ្លែឈើមួយចំនួនល្អណាស់សម្រាប់សុខភាពស្បែក។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភេទនៃផ្លែឈើដែលល្អសម្រាប់ស្បែក ៖

 
១. ល្ហុង
 
ផ្លែឈើនេះល្អណាស់សម្រាប់បង្កើនកម្រិតកូឡាជែនរបស់ស្បែក។ ក្រៅពីវីតាមីន C, ល្ហុង គឺមានផ្ទុកសម្បូរដោយវីតាមីន A ដែលជួយរក្សាសុខភាពស្បែកស្រស់ស្អាតល្អប្រសើរ។
 
២. ស្វាយ
 
មានផ្ទុកសម្បូរដោយវីតាមីន C និងវីតាមីន A ដែលជួយឱ្យស្បែកស្រស់ស្អាត ព្រមទាំងទប់ស្កាត់បញ្ហាស្បែកផ្សេងៗរាប់ចាប់ពីបញ្ហាស្បែកស្ងួតខ្លាំង, កើតមុន ដល់ស្នាមសំលាក។
 
៣. ក្រូច
 
មានផ្ទុកសម្បូរដោយវីតាមីន C ដែលក្រៅពីជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាសារធាតុចិញ្ចឹមនេះក៏ចាំបាច់សម្រាប់ការសំយោគកូឡាជែនដែរ? កូឡាជែនជាប្រូតេអ៊ីនមួយប្រភេទដែលធ្វើឱ្យស្បែកតឹងណែននិងគ្មានស្នាមជ្រីវជ្រួញ។
 
៤. ផ្លែបឺរ
 
ការរួមបញ្ចូលផ្លែបឺរក្នុងរបបអាហារប្រចាំថ្ងៃ គឺល្អសម្រាប់សុខភាពបេះដូងតាមរយៈបរិមាណនៃអាស៊ីតខ្លាញ់សុខភាពល្អដែលវាមានផ្ទុក។ ទោះជាយ៉ាងណាថាអ្នកធ្លាប់ដឹងទេថា អាស៊ីតខ្លាញ់សុខភាពល្អនេះក៏ចាំបាច់សម្រាប់ស្បែកស្រស់ស្អាត, រលោង និងតឹងណែន?
 
៥. ឪឡឹក
 
ប្រសិនបើអ្នកចង់ប្រឆាំងភាពស្ងួតនិងស្នាមជ្រីវជ្រួញត្រូវប្រាកដថាអ្នកឧស្សាហ៍ញ៊ាំឪឡឹកដែរ។ នេះក៏ព្រោះតែឪឡឹកមានផ្ទុកសម្បូរដោយជាតិទឹកដែលផ្ដល់សំណើមដល់កោសិកាស្បែក។
 
៦. ម្នាស់
 
មានផ្ទុកសម្បូរដោយជាតិសសៃដែលល្អសម្រាប់ស្បែកជួយកម្ចាត់ជាតិពុលដែលធ្វើឱ្យស្បែកមើលទៅចាស់និងស្រអាប់គ្មានពន្លឺ។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com