កីឡាអន្តរជាតិ
អន្តរជាតិ
Xavi ៖ជ័យជម្នះលើ Alaves បង្ហាញថា Barca នៅតែមានដង្ហើមវិលត្រលប់ទៅ UCL
24, Jan 2022 , 4:29 pm        
រូបភាព
Xavi Hernandez ចាត់ទុកជ័យជម្នះ ១-០ លើក្រុម Deportivo Alaves ប្រៀបដូចជាការផ្តល់ដង្ហើមដល់ Barca ឱ្យបន្តប្រយុទ្ធទៅមុខដើម្បីតំណែង Top 4 ក្នុងក្របខណ្ឌ La Liga។



មួយជ័យជម្នះ ១-០ ដ៏តានតឹងរបស់ក្រុមអ្នកមានបុណ្យ ធ្វើបានដោយកីឡាករខ្សែបម្រើ Frankie de jong នៅនាទី៨៨។ Barcelona រកបាន៣ពិន្ទុបន្ថែម ហើយឈរលេខ៥ តាមពីក្រោយក្រុមលេខ៤ Atletico Madrid ត្រឹមតែ១ពិន្ទុប៉ុណ្ណោះ។ 
 
បើតាមស្ថិតិក្នុងការប្រកួតរបស់ Barca ធ្វើបានល្អជាងក្រុមម្ចាស់ផ្ទះដោយការគ្រប់គ្រងបាល់មានរហូតដល់ទៅ៧៦ភាគរយ ក្នុងនោះចំនួនស៊ុតមានដល់ទៅ១០ដង ព្រមទាំងស៊ុតចំគោលដៅ៤ដង។ 
 
បន្ទាប់ពីទទួលបាន៣ពិន្ទុគ្រូបង្វឹកវ័យ ៤១ឆ្នាំអះអាងថា ជ័យជម្នះនេះ ដូចជាការផ្តល់ដង្ហើមជាថ្មីនៃការប្រកួតប្រជែងសម្រាប់ Barca។
 
«ការប្រកួតនេះពិតជាពិបាកខ្លាំងណាស់ ប៉ុន្តែយើងរកបាន៣ពិន្ទុជាអ្វីដែលក្រុមចង់បាន។ វាដូចជាព្រះអាទិត្យរះថ្មីសម្រាប់យើង។ ជ័យជម្នះបង្ហាញថា យើងនៅតែមានដង្ហើម និងជីវិតប្រកួតប្រជែងបន្តទៀត។» Xavi និយាយក្នុងសន្និសីទកាសែតបែបនេះក្រោយចប់ការប្រកួត។
 
មិនតែប៉ុណ្ណោះ Xavi ក៏ចាត់ទុក ជ័យជម្នះបានផ្តល់ការជឿជាក់សម្រាប់ក្រុម ព្រមទាំងជាផ្លូវទៅកាន់ការប្រកួត Champions league រដូវកាលក្រោយ ព្រោះមានគម្លាតត្រឹមតែ១ពិន្ទុប៉ុណ្ណោះពីកៅអី Champions league រដូវកាលក្រោយ។
 
ក្រុម Barcelona នឹងបន្តប្រកួតបន្ទាប់ដោយត្រូវជួបក្រុមការពារតំណែងជើងឯក Atletico Madrid នៅថ្ងៃទី៦ខែកុម្ភៈ៕
 
 

Tag:
 Xavi Hernandez
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com