កីឡាអន្តរជាតិ
អន្តរជាតិ
លោក Tuchel ស្នើអ្នកគាំទ្រគោរពកីឡាករ បន្ទាប់ពី Rudiger ត្រូវអ្នកគាំទ្រ Spurs ចោលវត្ថុចំ
25, Jan 2022 , 8:29 am        
រូបភាព
លោក Thomas Tuchel បានស្នើទៅកាន់អ្នកគាំទ្រគួរតែមានការគោរពលើកីឡាករបន្ទាប់ពីខ្សែការពារ Antonio Rudiger ត្រូវបានអ្នកគាំទ្ររបស់ក្រុម Tottenham Hotspurs ចោលវត្ថុអ្វីម្យ៉ាងចំអំឡុងពេលប្រកួតនាថ្ងៃទី២៣ ខែមករា។

 
ខ្សែការពារវ័យ ២៨ឆ្នាំ ត្រូវបានអ្នកគាំទ្រ Spurs ចោលវត្ថុអ្វីមួយចំដងខ្លួនអំឡុងការប្រកួតក្នុងវគ្គទីពីរនាកីឡដ្ឋាន Stamford Bridge។ Chelsea រកបានជ័យជម្នះ ដោយលទ្ធផល ២-០ លើក្រុម Spurs ដែលជាការរកគ្រាប់ដោយកីឡាករ Hakim Ziyech និង Thiago Silva។
 
មិនត្រឹមតែជំនួបរវាង Chelsea នឹង Spurs ឡើយដែលអ្នកគាំទ្របានចោលវត្ថុផ្សេងៗលើកីឡាករ។ នាជំនួបរវាងក្រុម Aston Villa ទល់ជាមួយ Everton កីឡាករ Lucas Digne និងកីឡាករ Matty Cash ត្រូវបានអ្ន​កគាំទ្រ Everton ចោលវត្ថុផ្សេងៗចំដូចគ្នានាកីឡដ្ឋាន Goodison Park។
 
ក្នុងជំនួបនៅ Merseyside ក្រុមមន្ត្រីប៉ូលិសបានចាប់ខ្លួនយុវជនវ័យ១៩ឆ្នាំម្នាក់ដែលបានចោលវត្ថុលើកីឡាករព្រមទាំងចោលចូលទីលានប្រកួតអំឡុងការប្រកួត Everton ចាញ់ក្រុម Aston Villa ១-០។
 
«អ្នកគ្រប់គ្នាគួរតែបង្ហាញការគោរពព្រមទាំងអាកប្បកិរិយាដែលល្អៗអំឡុងការប្រកួត រឿងនេះវាមិនមែនជាបញ្ហាដែលធំដុំទេ។ យើងត្រូវតែមានសកម្មភាពរួមគ្នាណាមួយសម្រាប់ទប់ស្កាត់អំពើអស់ទាំងនេះ ក៏ដូចជាការការពារកីឡាករព្រមទាំងការពារបរិស្ថាតផងដែរ។» លោក Tuchel បាននិយាយបែបនេះក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត។
 
ទូរទស្សន៍ Sky Sports បានផ្សាយថា ក្រុមមន្ត្រីប៉ូលិសបានចាប់ខ្លួនមនុស្សពីរនាក់ និងបានបើកការស៊ើបអង្កេតស្វែងរកជនបន្តផ្សេងទៀតដែលបានចោលវត្ថុផ្សេងៗចូលទីលានប្រកួតនាកីឡដ្ឋាន Stamford Bridge៕
 

Tag:
 Thomas Tuchel
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com