កីឡាអន្តរជាតិ
អន្តរជាតិ
Watford បណ្តេញលោក Ranieri ពីតំណែងក្រោយចាញ់ Norwich
25, Jan 2022 , 10:57 am        
រូបភាព
ក្លិប Watford បានចែកផ្លូវជាមួយគ្រូបង្វឹក Claudio Ranieri ថ្ងៃទី២៥ ខែមករា បួនថ្ងៃក្រោយប្រកួតចាញ់គូប្រជែងស្ថិតនៅតំបន់កាត់ចោល Norwich City។



គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរុបនេះ ដឹកនាំ Watford ១៣ប្រកួតចុងក្រោយនៅក្នុង Premier League ក្នុងនោះចាញ់១០ប្រកួត។ បរាជ័យទល់ក្រុមចាញ់ស្ថិតនៅតំបន់បាតតារាងដូចគ្នាបែបនេះ បង្ហាញថា ក្លិប Watford ដល់ពេលវេលាសម្រេចចិត្តចុងក្រោយរុះរើថ្នាក់ដឹកនាំ។
 
គ្រូបង្វឹកវ័យ៧០ឆ្នាំ ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅ Watford កាលពីថ្ងៃ៤ ខែតុលាឆ្នាំ២០២១ ជំនួសលោក Xisco Munoz ដែលបានជួយក្រុម Watford ឡើងមកលេងក្របខណ្ឌ Premier League រដូវកាល ២០១៩-២០។
 
«ក្លិប និងអ្នកគាំទ្រផ្តល់ការគោរពដល់លោក Claudio ដែលជាបុគ្គលម្នាក់ដែលមានចិត្តស្មោះត្រង់ និងកិត្តិយសខ្ពស់។ ទោះបីជាយ៉ាងនេះក្តី ឆ្លងកាត់រយៈពេលពាក់កណ្តាលរដូវកាលមកនេះ ក្លិបបានសម្រេចចិត្តផ្លាស់ប្តូរគ្រូបង្វឹក ដើម្បីស្វែងរកបេក្ខភាពថ្មីមកដឹកនាំក្លិបទៅកាន់ភាពប្រសើរឡើងវិញ។» ក្លិប Watford បានប្រកាសបែបនេះ។
 
អតីតគ្រូបង្វឹក Leicester បានចាប់ផ្តើមរដូវកាលដោយចាញ់ក្រុម Liverpool ៥​-០ ក្នុងទឹកដី។ លោកបានជួយក្រុម Watford ឈ្នះប្រកួតធំៗលើក្រុម Everton និងក្រុម Manchester United។ 
ជាមួយនឹងការបណ្ដេញលោក Ranieri ក្លិប Watford ក៏នឹងត្រូវស្វែងរកគ្រូបង្វឹកទី៣ ក្នុងរដូវកាល២០២១-២២ នេះដែរ៕
 

Tag:
 Watford
  Claudio Ranieri
© រក្សាសិទ្ធិដោយ thmeythmey.com