ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ពិសេសមែន! ផ្លែបឺរ, ចេក និងទឹកឃ្មុំ អាចប្រើជាម៉ាសបិតមុខ ថែសម្រស់ឱ្យក្មេងជាងវ័យ
25, Jan 2022 , 10:59 pm        
រូបភាព
ទោះបីជាឧស្សាហ៍ទទួលទាន ប៉ុន្តែប្រហែលជាភាគច្រើននៃពួកយើងមិនធ្លាប់ដឹងទេថា ផ្លែបឺរ, ចេក និងទឹកឃ្មុំអាចប្រើជាម៉ាសរក្សាសម្រស់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗប្រើប្រាស់គ្រឿងផ្សំបីមុខខាងលើជាម៉ាសបិតមុខ ៖

 
អ្វីដែលអ្នកត្រូវធ្វើ
កិនចេកទុំ ១ផ្លែឱ្យម៉ដ្ឋជាមួយបឺរទុំ ១ផ្លែតូច។ បន្ទាប់មកសឹមបន្ថែមទឹកឃ្មុំ ១ស្លាបព្រាកាហ្វេចូល។ កូរឱ្យសព្វម្ដងទៀត សឹមលាបម៉ាស្សាល្បាយលើស្បែកមុខដែលទើបលាងសម្អាតរួចថ្មីៗ ដោយចៀសវាងតំបន់ភ្នែក។ រងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ១០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។
 
១. ផ្លែបឺរ
 
មានផ្ទុកសម្បូរដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលជួយរក្សាសំណើមស្បែកធ្វើឱ្យទន់រលោងមានសុខភាពល្អ។ ផ្លែបឺរក៏ជួយការពារមិនឱ្យរងការបំផ្លាញពីកម្ដៅថ្ងៃ ឬកាំរស្មីយូវីតាមរយៈសារធាតុ zeaxanthin និង lutein ដែលមានផ្ទុក។
 
២. ចេក
 
ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមសំខាន់ៗនិងវីតាមីនរួមបញ្ចូលទាំងម៉ង់កាណែស, វីតាមីន B6, ប៉ូតាស្យូម, វីតាមីន C, ជាតិសសៃ និងបាយអូទីនដែលផ្ដល់ការថែរក្សាស្បែកបានយ៉ាងប្រសើរ។ វីតាមីន B6 ជួយដល់ការផលិតកោសិកាគ្រាប់ឈាមក្រហមផ្ដល់នូវថាមពលដល់រាងកាយ, បន្សាបជាតិពុលដែលសំខាន់ណាស់សម្រាប់មុខងារក្នុងការផ្ដល់ឱ្យស្បែកនូវសុខភាពល្អ។ ម៉ង់កាណែសក៏ជួយក្នុងការផលិតកូឡាជែនផងដែរ។ វីតាមីន C សម្រាប់រក្សាប្រព័ន្ធភាពស៊ាំរឹងមាំ, ប្រឆាំងរ៉ាឌីកាល់សេរី និងផលិតកូឡាជែនសុខភាពល្អ។
 
៣. ទឹកឃ្មុំ
 
ក្រៅពីមានលក្ខណៈសម្បត្តិប្រឆាំងមេរោគផ្សិត និងប្រឆាំងបាក់តេរី, ទឹកឃ្មុំក៏ជួយកាត់បន្ថយការរលាកធ្វើឱ្យស្នាមសំលាកមើលលែងសូវឃើញ, ពន្លឿនភាពជាសះស្បើយ, រំញោចការបង្កើតជាលិកាឡើងវិញ និងព្យាបាលជំងឺត្រអក ក៏ដូចជាជំងឺស្បែក psoriasis។ ទឹកឃ្មុំអាចជួយព្យាបាលរបួសនិងរក្សាសំណើមស្បែកផ្ដល់សុខភាពល្អ។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com