ជាតិ
យុវជនសកម្ម សេវាល្អ
ទោះមានពិការភាព តែលោក គាត អ៊ីត បានចូលរួមការពារសុវត្ថិភាពពលរដ្ឋឃុំត្រពាំងសង្កែយ៉ាងសកម្ម
17, Apr 2022 , 3:59 pm        
រូបភាព
ដោយ៖ សូត ណាស៊ីរ៉ស់(យុវជនឃុំត្រពាំងសង្កែ) ​
 
កំពត៖ លោក គាត អ៊ីត គឺជាប្រជាការពារភូមិដែលមានពិភារភាពជើង តែម្នាក់គត់ ក្នុងចំណោមប្រជាការពារភូមិសរុប ៤១នាក់ នៅក្នុងឃុំត្រពាំងសង្កែ។ ទោះជាយ៉ាងនេះក្តី លោក អ៊ីត បានចូលយ៉ាងសកម្មនៅក្នុងការការពារ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឃុំ ដូចនឹងប្រជាការពារភូមិដទៃទៀតដែរ។ មេឃុំ ត្រពាំងសង្កែ ក៏បានកោតសរសើរ នូវទឹកចិត្ត និងឆន្ទៈចូលរួមការងារសង្គម របស់គាត អ៊ីតដែរ។

 
លោក គាត អ៊ីត គឺជាអតីតទាហ៊ានមួយរូប និងបានស្ម័គ្រខ្លួន ធ្វើជាប្រជាការពារភូមិ នៅក្នុងឃុំត្រពាំងសង្កែ ជាង៣ឆ្នាំមកហើយ។ បើទោះជាខ្លួនមានពិការភាពជើងខាងឆ្វេង ដោយសារគ្រាប់មីន ក្នុងគ្រាដែលលោកធ្វើទាហ៊ានក្នុងឆ្នាំ១៩៨៨ក៏ដោយ ប៉ុន្តែទឹកចិត្ត និងឆន្ទៈ នៃការការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ របស់លោក គាត អ៊ីត មិនថមថយចុះឡើយ។ 
 

 
លោក គាត អ៊ីត បានថ្លែងប្រាប់អ្នកសារព័ត៌មានពលរដ្ឋនៅក្នុងឃុំត្រពាំងសង្កែ ថាមូលហេតុដែលជំរុញឲ្យគាត់ សម្រេចចិត្តធ្វើជាប្រជាការពារ ព្រោះគាត់ចង់បម្រើដល់ប្រជាពលរដ្ឋ និងការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។  ក្នុងនាមជាប្រជាការពារភូមិជាង៣ឆ្នាំមកនេះ លោក គាត អ៊ីត ថាលោកគាត់ទទួលបានការលើកទឹកចិត្តគ្រប់យ៉ាងពីមនុស្សនៅជុំវិញខ្លួន ជាពិសេសក្រុមគ្រួសារ។ លោក ក៏តាំងយ៉ាងមុតមាំបន្ថែមទៀត ក្នុងការការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
 
បច្ចុប្បន្នប្រជាការពារភូមិ នៅក្នុងឃុំត្រពាំងសង្កែមានចំនួន ៤១នាក់ ក្នុងចំណោមនោះអ្នកដែលមានពិការភាព គឺមានតែម្នាក់ប៉ុណ្ណោះ គឺលោក គាត អ៊ីត។ នេះបើតាមលោក ម៉ូវ ឈាង មេឃុំត្រពាំងសង្កែ។ លោក ម៉ូវ ឈាង បានកោតសរសើរយ៉ាងខ្លាំង ចំពោះឆន្ទៈ និងភាពសកម្ម នៃការចូលរួមការពារសុវត្ថិភាពពលរដ្ឋ របស់លោក គាត អ៊ីត និងប្រជាការពារភូមិដទៃទៀតដែរ។  លោក ម៉ូវ ឈាង ថ្លែងថា៖ «នេះជាឆន្ទៈរបស់គាត់(លោក គាត អ៊ីត)។ កន្លែងណា ក៏គាត់ទៅដែរ។ ក្រុមគាត់(ប្រជាការពារភូមិ) គឺធ្វើការអត់មានប្រាក់ខែ ប្រាក់បំណាច់អីទេ តែនេះជាការឆន្ទៈជួយសង្គមរបស់ពួកគាត់»។
 

លោក ម៉ូវ ឈាង មេឃុំត្រពាំងសង្កែ

លោក ម៉ូវ ឈាង បានគូសបញ្ជាក់ទៀតថា សកម្មភាពល្បាតរបស់ក្រុមប្រជាការពារភូមិ ក្នុងឃុំត្រពាំងសង្កែ មានគោលដៅចំនួន ៦កន្លែង នៅក្នុងភូមិទាំង៣ នៃឃុំត្រពាំងសង្កែ។ ហើយសកម្មភាពចុះល្បាតជារៀងរាល់ថ្ងៃរបស់ប្រជាការពារភូមិ បានចូលរួមទប់ស្កាត់បានច្រើន នូវបញ្ហាចោរឆក់ ចោរកម្មផ្សេងៗ និងបញ្ហាក្រុមក្មេងទំនើងជាដើម។ លោក ម៉ូវ ឈាង បន្ថែមដូច្នេះថា៖ «កម្លាំងដឹកនាំដោយនាយប៉ុស្តិ៍រដ្ឋបាល ចល័តពេលយប់អីហ្នឹង គឺបណ្តាក់។ អ៊ីចឹងបញ្ហាផ្សេងៗដូចជាការការឆក់ផ្សេងៗ ក្រុមខិលខូចវាខ្លាចដែរ។ នេះជាចំណែកមួយដែលភូមិឃុំមានសុវត្ថិភាព យើងរៀបចំបាន។ មិនបាន១០០ភាគរយ តែយ៉ាងណាគឺយើងទទួលស្គាល់ត្រឹមមានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសភាពកក់ក្តៅនៅពេលយប់ហ្នឹងឯង »។
 
ក្រៅពីការងាចុះល្បាតពេលយប់ ប្រជាការពារភូមិក្នុងឃុំត្រពាំងសង្កែ ក៏បានចូលរួមសកម្មភាពនានាដូចជាការសម្អាតបរិស្ថាន និងការសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍នៅក្នុងឃុំផងដែរ។ 
 

លោក គាត អ៊ីត និងប្រជាការពារដទៃទៀត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ពេលបំពេញការងារសម្អាតបរិស្ថាន ក្នុងឃុំត្រពាំងសង្កែ

លោកមេឃុំត្រពាំងសង្កែ បានប្តេជ្ញាក្នុងការរៀបចំផែនការសកម្មភាពជាមួយប៉ុស្តិ៍នគរបាលឃុំបន្ថែមទៀត ធ្វើយ៉ាងណាធានា និងផ្តល់ជូនភាពកក់ក្តៅ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋទាំង៣ភូមិ នៃឃុំត្រពាំងសង្កែ ដែលរួមមានភូមិត្រពាំងធំ ភូមិត្រពាំងសង្កែ និងភូមិកំពង់កែស៕
 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) 
 
 

Tag:
 យុវជនឃុំត្រពាំងសង្កែ
© រក្សាសិទ្ធិដោយ thmeythmey.com