កីឡាអន្តរជាតិ
អន្តរជាតិ
Afcon 2021៖ មនុស្ស៦នាក់ស្លាប់ក្នុងការប្រជ្រៀតគ្នាចូលទស្សនាការប្រកួតកាមេរូនទល់កូម័រ
25, Jan 2022 , 2:47 pm        
រូបភាព
យ៉ាងហោចណាស់មនុស្ស៦នាក់ ត្រូវរាយការណ៍ថា បានស្លាប់បាត់បង់ជីវិត និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួសក្នុងហេតុការរត់ប្រជ្រៀតគ្នានៅខាងក្រៅកីឡដ្ឋានដែលរៀបចំប្រកួត Africa Cup of Nations 2021 រវាងក្រុមកាមេរូនទល់កូម័រ។



ខ្សែវីដេអូដ៏ខ្លីមួយ បានបង្ហោះអំពីសកម្មភាពអ្នកគាំទ្រប្រជ្រៀតគ្នាចូលក្នុងពហុកីឡដ្ឋាន Olembe ក្នុងរដ្ឋធានីយុនដេ ដើម្បទស្សនាការប្រកួតរវាងម្ចាស់ផ្ទះកាមេរូននិងកូម័រ។ 
លោក Naseri Paul Biya មន្ត្រីទីក្រុងយុនដេ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា មានមនុស្សស្លាប់និងរងរបួសច្រើនជាងនេះ។ ឯរបាយការណ៍ផ្សេងទៀតបានបញ្ជាក់បន្ថែមថា មានកុមារជាច្រើនបានបាត់បង់ស្មារតីផងដែរ។
 
កីឡដ្ឋាន Olembe អាចផ្ទុកចំនួនមនុស្សបាន៦០០០០នាក់ ប៉ុន្តែដោយសារតែបញ្ហាកូវីដ-១៩ ក្នុងប្រទេសកាមេរូន អ្នករៀបចំកម្មវិធីប្រកួតពានរង្វាន់ Afcon 2021 បន្ថយចំនួនអ្នកចូលទស្សនានៅត្រឹម៨០ភាគ។ អ្នកគ្រប់គ្រងការប្រកួត អះអាងថា មនុស្សប្រមាណជាង៥០០០០នាក់ព្យាយាមសម្រុកចូលទីលានប្រកួត។


 
លោក Nick Cavell អ្នកផលិតកម្មវិធី BBC Africa ដែលស្ថិតក្នុងការប្រកួតនោះ បានលើកឡើង ព័ត៌មានពីការត់ជាន់គ្នាក្រៅទីលានដូចគ្មានការចាប់អារម្មណ៍ឡើយ រហូតទាល់តែមានការផ្សព្វផ្សាយលើប្រព័ន្ធបណ្តាញសង្គម។
 
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្រ្វិក (CAF) បានចេញមកប្រកាសក្នុងសេចក្តីថ្លែងការណ៍ថា នឹងបើកការស៊ើបអង្កេតលើបញ្ហាដែលកើតមាន ហើយប្រមូលព័ត៌មានលម្អិតបន្ថែមទៀតដើម្បីដោះស្រាយ។
 
ទោះបីជាយ៉ាងនេះ ការប្រកួតរបស់ក្រុមកាមេរូនទល់កូម័រមិនបានផ្អាកឡើយ ។ ក្រុមម្ចាស់ផ្ទះកាមេរូនបានយកឈ្នះលើកូម័រលទ្ធផល ២-១ ហើយឡើងទៅកាន់វគ្គ៨ក្រុម៕
 

Tag:
 Cameroon
© រក្សាសិទ្ធិដោយ thmeythmey.com