កីឡាអន្តរជាតិ
អន្តរជាតិ
Balotelli ត្រូវបានកោះហៅចូលជម្រើសជាតិអ៊ីតាលីវិញ ក្រោយអវត្តមាន៣ឆ្នាំ
26, Jan 2022 , 8:29 am        
រូបភាព
Mario Balotelli មានឈ្មោះក្នុងក្រុមជម្រើសជាតិអ៊ីតាលីសារជាថ្មី ក្រោយអាក់ខានរយៈពេល៣ឆ្នាំ តាំងពី ២០១៨មក។ លោក Roberto Mancini នៅថ្ងៃទី២៤ ខែមករា បានកោះហៅខ្សែប្រយុទ្ធក្រុម Adana Demirspor រូបនេះដើម្បីត្រៀមប្រកួតវគ្គ play-off ពានរង្វាន់ FIFA World Cup ឆ្នាំ២០២២។


Balotelli ដែលធ្លាប់ជាកូនក្រុមរបស់លោក Mancini កាលនៅ Inter Milan និង Manchester City អវត្តមានក្នុងក្រុមជម្រើសជាតិចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៨ មកម្លេះ។ ប៉ុន្តែ៣ឆ្នាំក្រោយ ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះត្រូវបានកោះហៅចូលជំរុំហ្វឹកហាត់ជាថ្មី ក្រោយបង្ហាញខ្លួនលេចធ្លោសម្រាប់ក្លិបរបស់គេនៅតួកគី។
 
Balotelli រកបានគ្រាប់ស៊ុតបញ្ចូលទី៨គ្រាប់ ក្នុងការប្រកួត១៨លើកក្នុងលីគ ដើម្បីជួយក្រុម Adana Demirspor ឡើងទៅឈរចំណាត់ថ្នាក់ទី៤ក្នុងតារាងលីគកំពូលតួកគី Super Lig។
លោកគ្រូបង្វឹក Mancini ដែលកំពុងប្រមូលផ្តុំកីឡាករដើម្បីត្រៀមប្រកួត play-off វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក បានមើលឃើញពីសម្ថភាពរបស់ Balotelli ហើយជឿជាក់ថាអតីតកូនក្រុមខ្លួនរូបនេះ នឹងជួយអ៊ីតាលីបានកៅអីទៅប្រទេសកាតានៅឆ្នាំ២០២២។
 
អ៊ីតាលីនឹងត្រូវប៉ះម៉ាសេដ្វានខាងជើងនៅថ្ងៃ២៤ ខែមីនា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមណាឈ្នះ​ត្រូវបន្តទៅជួបជាមួយព័រទុយហ្កាល់ ឬតួកគីដើម្បីដណ្តើមមួយកៅអីទៅ World Cup នៅកាតា។
 
Balotelli មានប្រវត្តិបង្ហាញខ្លួនឱ្យអ៊ីតាលី៣៦ប្រកួត និងស៊ុតបញ្ចូលទីបាន១៤គ្រាប់។ អតីតសមាជិកក្រុម Liverpool, AC Milan, Marseille និង Nice ជាដើមនេះ ធ្លាប់រកបានតែ៣គ្រាប់ប៉ុណ្ណោះក្នុងព្រឹត្តិការណ៍ World Cup ពោលកាលពីឆ្នាំ២០១៤ នៅប្រេស៊ីល៕
 

Tag:
 Mario Balotelli
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com