កីឡាអន្តរជាតិ
អន្តរជាតិ
Australian Open អនុញ្ញាតឱ្យអ្នកគាំទ្រពាក់អាវមានពាក្យ«Where is Peng Shuai? »
25, Jan 2022 , 5:29 pm        
រូបភាព
អ្នកគាំទ្រនឹងមានសេរីភាពក្នុងពាក់អាវដែលមានសរសេរពាក្យស្លោក«Where is Peng Shuai?» ក្នុងការប្រកួតកម្មវិធី Australian Open ប៉ុន្តែមិនឱ្យបង្កភាពរញ៉េរញ៉ៃ និងឆាឆៅបង្អាក់ការប្រកួតឡើយ។ ប្រធានសមាគមវាយកូនបាល់អូស្ត្រាលី Craig Tiley ប្រាប់ទីភ្នាក់ងារ AFP ថ្ងៃទី២៥ ខែមករា។



ការប្រកាសរបស់លោក Tiley ធ្វើឡើងបន្ទាប់វីដេអូមួយត្រូវបានគេបង្ហោះអំពីមន្ត្រីសន្តិសុខបណែនាំឱ្យអ្នកគាំទ្រដោះអាវដែលមានពាក្យលើអាវផ្សេងៗចេញ។ ការណ៍នេះធ្វើឱ្យអ្នករៀបចំកម្មវិធីប្រកួតពាន Grand Slam បានរងការរិះគន់ពីសំណាក់អ្នកគាំទ្រយ៉ាងខ្លាំងក្លាកាលពីថ្ងៃទី២២ ខែមករាកន្លង។ 
 
មន្រ្តីរដ្ឋាភិបាលអូស្ត្រាលីធ្លាប់បានបញ្ជាក់ហើយថា ការប្រកួតពានរង្វាន់ Grand Slam នាទីលានប្រកួត Melbourne Park មិនអនុញ្ញាតឱ្យមានបង្ហាញពាក្យទាក់ទងនយោបាយណាមួយឡើយ។
 
«ជាអកុសល ខ្ញុំគិតថា វាមានការប្រាស្រ័យទាក់ទងគ្នាខុសត្រង់ចំណុចណាមួយ និងខ្វះការយល់ដឹងច្រើនក្នុងរឿងនេះ។ ប្រសិនបើពួកគេមកតាមបែបធម្មតា ទស្សនាប្រកួតវាយកូនបាល់ដូចមនុស្សដទៃ ហើយប្រសិនបើពួកគេពាក់អាវដែលនិយាយពាក្យ«Where is Peng Shuai? នោះមិនមែនជាបញ្ហាឡើយ។» លោក Tiley និយាយបែបនេះ។


 
ទោះបីជាបែបនេះលោក Tiley ក៏បានអះអាងពីមូលហេតុដែលនាំឱ្យមន្ត្រីសន្តិសុខហាមមិនឱ្យពាក់អាវដែលមានពាក្យផ្សេងៗព្រោះមនុស្សខ្លះពាក់អាវទាំងនោះ អាចប្រើពាក្យមិនសមរម្យ និងបន្តការប្រមូលផ្តុំជាក្រុមដែលបង្កផលប៉ះពាល់ដល់សុវត្តិភាពសាធារណៈ។
 
កាលពីខែវិច្ឆិកាឆ្នាំ ២០២១ កីឡការិនី Peng Shuai បង្កការភ្ញាក់ផ្អើលបន្ទាប់ពីទម្លាយរឿងការបំពានផ្លូវភេទដោយមន្រ្តីជាន់ខ្ពស់ចិន។
 
បានក្លាយជារឿងកង្វល់ដល់សមាគមវាយកូនបាល់ពិភពលោក។ រហូតដល់ខែធ្នូ ឆ្នាំ២០២១ Peng Shuai ក៏បានចេញមកអះអាងជាសាធារណៈថា គ្មាននរណាម្នាក់បានបំពានផ្លូវភេទលើរូបនាងឡើយ និងការផ្សព្វផ្សាយនៅលើបណ្តាញសង្គមជាការយល់ច្រឡំ៕
 

Tag:
 Australian Open
  Peng Shuai
© រក្សាសិទ្ធិដោយ thmeythmey.com