ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនជប៉ុន វិនិយោគដំណាំស្វាយចន្ទី និងកែច្នៃ នាំចេញទៅជប៉ុន
26, Jan 2022 , 7:59 pm        
រូបភាព
 រូបពីលោក វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបពីលោក វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ក្រុមហ៊ុន YEBISS HOLDINGS របស់ជប៉ុន គ្រោងវិនិយោគដាំស្វាយចន្ទី និងបង្កើតរោងចក្រកែច្នៃ លើផ្ទៃដី១ពាន់ហិកតា នៅខេត្តព្រះវិហារ។ លោក វេង សាខុន លើកឡើងថា គម្រោងវិនិយោគនេះ នឹងផ្ដល់ប្រយោជន៍ច្រើនដល់កសិករ សហគមន៍ និងចម្ការស្វាយចន្ទី តាមរយៈការបង្កើតការងារ និងចំណូលក្នុងគ្រួសារជាដើម។

 
លោក Akira Taniguchi នាយកក្រុមហ៊ុន YEBISS HOLDINGS បានឱ្យដឹងនៅថ្ងៃទី២៥ខែមករានេះថា លោកចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរនៅខេត្តព្រះវិហារ លើផ្ទៃដីប្រមាណ១ពាន់ហិកតា ។ ជាងនេះទៀត លោកចង់កែច្នៃសំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង ដើម្បីធ្វើជាសម្ភារប្រើប្រាស់ដូចជាកំប៉ុង ថង់ កែវ ទុយោ ប្រអប់ ជំនួសការប្រើប្លាស្ទិកដែលកំពុងបំផ្លាញបរិស្ថាន។ ផលិតផលដែលចេញជាប្រេងពីសំបកគ្រាប់ស្វាយចន្ទី នឹងអាចរលាយយ៉ាងលឿនក្នុងដី ក្រោយពេលប្រើប្រាស់រួច។
 

_រូបភាពពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ

ជាមួយគ្នានេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគាំទ្រចំពោះការវិនិយោគ ផលិតកម្មគ្រាប់ស្វាយចន្ទី កែច្នៃ របស់ក្រុមហ៊ុនជប៉ុនមួយនេះ។ លោក លើកឡើងដូច្នេះថា៖«គម្រោងវិនិយោគនេះ នឹងផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់កសិករ សហគមន៍ និងចម្ការស្វាយចន្ទី តាមរយៈការផ្សព្វផ្សាយបច្ចេកទេស ពូជ ជី និងថ្នាំសម្លាប់សត្វល្អិតចង្រៃ ពិសេសបង្កើតការងារ និងបង្កើនប្រាក់ចំណូល ដល់សេដ្ឋកិច្ចគ្រួសារ ឆ្លើយតបតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ​ឆ្នាំ២០៣០ និង២០៥០»។
 
មិនតែប៉ុណ្ណោះ គម្រោងនេះក៏នឹងអាចជួយស្រូបយកពលកម្មក្នុងស្រុក បង្កើតការងារ និងបង្កើនប្រាក់ចំណូលប្រជាសហគមន៍ផងដែរ​។ លោករដ្ឋមន្ត្រីសង្ឃឹមថា តាមរយៈគម្រោងនេះ កម្ពុជា ក៏នឹងមានឈ្មោះល្បីលើឆាកអន្តរជាតិថា កម្ពុជាយកសំបកគ្រាប់ស្វាយចន្ទីធ្វើជាប្រេង និងការប្រើប្រាស់យកសំបកគ្រាប់ស្វាយចន្ទី របស់កម្ពុជា ជាប្រយោជន៍សម្រាប់វិស័យឧស្សាហកម្មប្លាស្ទិក កែច្នៃជាសម្ភារប្រើប្រាស់ជាពហុប្រយោជន៍។ 
នៅក្នុងជំហានដំបូង លោក វេង សាខុន ណែនាំឱ្យក្រុមហ៊ុន បង្កើតរោងចក្រដោយសាកល្បងប្រើប្រាស់វត្ថុធាតុដើម (សំបក) បន្ទាប់មកធ្វើកិច្ចសន្យាប្រមូលទិញពីកសិករ សហគមន៍ និងក្រុមហ៊ុនក្នុងស្រុកមួយចំនួនទៀត ហើយ លោកវេង សាខុន អះអាងថា ក្រសួងកសិកម្ម នឹងរង់ចាំផ្តល់កិច្ចសហការគ្រប់បែបយ៉ាង ដើម្បី​ឲ្យគម្រោងវិនិយោគនេះ ទទួលបានជោគជ័យ៕
 
 

Tag:
 ស្វាយចន្ទី
  វេង សាខុន
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com