ជាតិ
ពីនេះ ពីនោះ
ក្រសួងបរិស្ថាន៖ នៅកម្ពុជាបណ្ដារោងចក្រធំៗងាយស្រួលគ្រប់គ្រងការបំពុលខ្យល់ ជាងសហគ្រាសតូចៗ
26, Jan 2022 , 9:59 pm        
រូបភាព
លោក ជា ស៊ីណា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន(រូបខាងឆ្វេង)។ រូបភាពពីក្រសួងបរិស្ថាន។ (រូបខាងស្ដាំ)
លោក ជា ស៊ីណា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន(រូបខាងឆ្វេង)។ រូបភាពពីក្រសួងបរិស្ថាន។ (រូបខាងស្ដាំ)
ភ្នំពេញ៖ លោក ជា ស៊ីណា អនុរដ្ឋលេខាធិការក្រសួងបរិស្ថានលើកឡើងថា នៅកម្ពុជានាពេលបច្ចុប្បន្ន ក្នុងវិស័យឧស្សាហកម្ម ការគ្រប់គ្រងការបំពុលខ្យល់ចំពោះបណ្ដារោងចក្រធំៗមានភាពងាយស្រួលជាង សហគ្រាសតូចៗ។ ការលើកឡើងបែបនេះរបស់លោក ធ្វើឡើងនាឱកាសសន្និសីទសារព័ត៌មាន ស្ដីពីការដាក់ឱ្យអនុវត្តផែនការខ្យល់ស្អាតកម្ពុជា នៅទីស្ដីការក្រសួងបរិស្ថាន នៅថ្ងៃទី២៥មករា។



លោក​​ ជា ស៊ីណា លើកទឡ្ហីករណ៍ អំពីការលើកឡើងរបស់ខ្លួនថាដូច្នេះ៖ «បច្ចុប្បន្ននេះ បណ្ដា​រោងចក្រធំៗដូចជារោងចក្រផលិតស៊ីម៉ង់ស៍ រោងចក្រផលិតអគ្គីសនី ដើរដោយធ្យូងថ្ម មានភាពងាយស្រួលក្នុងការគ្រប់គ្រងបញ្ហាបំពុលខ្យល់ ព្រោះគាត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពាក់ បច្ចេកវិទ្យាថ្មី ទំនើបៗ ក្នុងការចាប់យកភាគល្អិតនៃសារធាតុបំពុលខ្យល់ មានការគ្រប់គ្រងប្រសើរជាងសហគ្រាសតូចៗមួយចំនួន»។ 
 
ត្រង់ចំណុចនេះ លោក ជា ស៊ីណា ចង់បង្ហាញអំពីលទ្ធភាពរបស់សហគ្រាសតូចៗមួយចំនួន ក្នុងប្រទេសកម្ពុជា មិនទាន់មានលទ្ធភាព បំពាក់ឧបករណ៍គ្រប់គ្រងបំពុលខ្យល់ទំនើប​ៗ និងទាន់សម័យបាននៅឡើយ។ បើតាមផែនការខ្យល់ស្អាតកម្ពុជា របស់ក្រសួងបរិស្ថាន វិស័យឧស្សាហកម្ម ជាកត្តាមួយ ក្នុងចំណោមកត្តា៦ផ្សេងទៀត ដែលចូលរួមបំពុលខ្យល់។ 


លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បង្ហាញពីឯកសារ ផែនការខ្យល់ស្អាតកម្ពុជា។ រូបភាពពីក្រសួងបរិស្ថាន។

បើតាមក្រសួងបរិស្ថានកត្តាបំពុលខ្យល់ធំបំផុត និងការបំពុលបរិយាកាសរយៈពេលខ្លីនៅកម្ពុជាគឺមានវិស័យគមនាគមន៍ ឧស្សាហកម្ម លំនៅដ្ឋាន សំណល់ និងការផលិតអគ្គីសនី ការបញ្ចេញពីដំណើរការឧស្សាហកម្ម និងការផលិតធ្យូងថ្ម។ សកម្មភាពទាំង​នេះ បានបញ្ចេញសារធាតុបំពុលខ្យល់រួមមាន PM2.5, SO2NOX និង ឧស្ម័នផ្ទះកញ្ចក់ដូចជា CO2។ 
 
យោងតាមទិន្នន័យគុណភាពខ្យល់ របស់ក្រសួងបរិស្ថាន ជាទូទៅនៅទីក្រុង និងបណ្ដាទីប្រជុំជនជាច្រើន មិនមានការប្រែប្រួលណាគួរឱ្យកាត់សម្គាល់ចំពោះប៉ារ៉ាម៉ែត្រមួយចំនួន។ បើតាមការព្យាករណ៍របស់ក្រសួង សន្ទស្សន៍គុណភាពខ្យល់នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនាពេលបច្ចុប្បន្នឃើញថា ស្ថិតក្នុងចន្លោះពី ០ទៅ១០០ ពោលស្ថិតនៅចន្លោះគុណភាពល្អណាស់ និងល្អ។ ដោយឡែកគុណភាពខ្យល់ ពី១០១ដល់១៥០ រងការបំពុលកម្រិតស្រាល, ពី១៥១ ដល់២០០ រងការបំពុលកម្រិតមធ្យម , ពី២០១ ដល់៣០០ រងការបំពុលកម្រិតខ្លាំង ហើយពី៣០០ដល់៥០០ រងការបំពុលកម្រិតធ្ងន់ធ្ងរតែម្ដង។
 
ដ្បិតគុណភាពខ្យល់ មិនមានអ្វីគួរឱ្យកត់សម្គាល់ ប៉ុន្តែកំហាប់ជាមធ្យម PM2.5 នៅទីក្រុងភ្នំពេញជារៀងរាល់ឆ្នាំមានការកើនឡើងពី ១៣,៥៩ µg/m3  (ភាគល្អិតនៃPM) ក្នុងឆ្នាំ២០១៧ និង ១៩,២៦ µg/m3 ក្នុងឆ្នាំ២០១៨ ហើយវាបានកើនឡើងដល់ ២១,១២ µg/m3 ក្នុងឆ្នាំ២០១៩។ 
 
ដើម្បីឆ្លើយតប​នឹងបញ្ហាបំពុលខ្យល់ខាងលើនេះ ក្រសួងបរិស្ថានបានដាក់ឱ្យអនុវត្តផែនការមួយចំនួន ក្នុងសៀវភៅផែនការខ្យល់ស្អាតកម្ពុជា ដែលជាយុទ្ធសាស្ត្រមួយ ដើម្បីកំណត់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលខ្យល់ក្នុងប្រទេស។ 
 
បើតាមលោក នេត្រ ភក្ត្រា ផែនការខ្យល់ស្អាតកម្ពុជានេះ រៀនចំឡើងក្នុងគោលបំណងចម្បងចំនួន៦ ក្នុងនោះ បង្កើតការវិភាគរួមនៃសារធាតុបំពុលបរិយាកាស ឧស្ម័នផ្ទះកញ្ចក់ និងសារធាតុបំពុលបរិយាកាសរយៈពេលខ្លី ដើម្បីកំណត់ពីវិស័យនានា ដែលជាប្រភពសំខាន់ នៃការបំពុលខ្យល់នាពេលបច្ចុប្បន្ន និងពេលអនាគត។ 
 
ចំណុចសំខាន់ទី២ កំណត់វិធានការកាត់បន្ថយការសាយភាយការបំពុលខ្យល់នៅក្នុងផែនការ និងយុទ្ធសាស្ត្រ ដែលមានស្រាប់ ស្របគ្នានឹងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ចំណុចសំខាន់ទី៣ កំណត់វិធានការកាត់បន្ថយផ្សេងទៀត ដែលត្រូវយក ឲមកអនុវត្តដើម្បីកាត់បន្ថយការបញ្ចេញឱ្យបានកាន់តែប្រសើរ។ 
 
ចំណុចសំខាន់ទី៤ កំណត់គុណប្រយោជន៍នានា នៃវិធានការកាត់បន្ថយ ដែលបានកំណត់សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវគុណភាពខ្យល់ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ចំណុចសំខាន់ទី៥ កំណត់អាទិភាពដល់សកម្មភាព និងផ្លូវសម្រាប់ការគ្រប់គ្រងគុណភាពខ្យល់។ ចំណុចសំខាន់ចុងក្រោយ គឺជំរុញការអនុវត្តដែលបានគ្រោងទុក សម្រាប់ផែនការដែលមានស្រាប់ និងសកម្មភាពថ្មីៗ ដែលកំពុងបង្កើតឡើងនៅក្នុងវិស័យផ្សេងៗទៀត។ 
 
គួរបញ្ចាក់ផងដែរថា​ ផែនការខ្យល់ស្អាតកម្ពុជា របស់ក្រសួងបរិស្ថាននេះ ជាកិច្ចសហការភាពជាដៃគូ ជាជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ស្ដីពីខ្យល់ស្អាតអាស៊ីប៉ាស៊ីហ្វិក នៃកម្មវិធីបរិស្ថានសហប្រជាជាតិ និងវិទ្យាស្ថានបរិស្ថានស្តុកខូម នៃ​ប្រទេសស៊ុយអ៊ែត៕
 

Tag:
 ThmeyThmey25
  បរិស្ថាន
  នេត្រ ភក្ត្រា
  ផែនការខ្យល់ស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com