កីឡាអន្តរជាតិ
អន្តរជាតិ
Premier League៖ ឆ្លងកូវីដ-១៩ យ៉ាងហោច៤ករណី ទើបអាចសុំពន្យារពេលប្រកួតបាន
27, Jan 2022 , 2:08 pm        
រូបភាព
ក្រុមដែលស្ថិតនៅក្របខណ្ឌ Premier League ត្រូវតែការឆ្លងជំងឺកូវីដ-១៩ យ៉ាងហោចណាស់ចំនួន៤ករណីឡើង ដើម្បីស្នើសុំផ្អាកការប្រកួតជាបណ្តោះអាសន្នចាប់ពីខែកុម្ភៈទៅ។



Premier League បានប្រកាសកែប្រែច្បាប់ថ្មីមួយចំនួនកាលពីថ្ងៃទី២៦ ខែមករា ស្តីពី កម្រិតផលប៉ះពាល់បង្កដោយជំងឺកូវីដ-១៩ ដោយក្លិបទាំងអស់នឹងមិនអាចស្នើសុំផ្អាកការប្រកួតបានឡើយ ប្រសិនបើពួកគេមានករណីឆ្លងត្រឹមតែ១ករណី។
 
ការផ្លាស់ប្តូរថ្មីនេះនឹងចូលជាធរមានមុនការប្រកួតរវាងក្រុម Burnley ទល់ Watford នាថ្ងៃទី៥ ខែកុម្ភៈ ហើយក្រុមទាំងពីរនឹងមិនអាចផ្អាកប្រកួតបន្តឡើយ។ Burnley និង Watford បានលើកពេលពីរដងរួចមកហើយ ព្រោះតែក្លិបទាំងពីរមានបញ្ហាឆ្លងជំងឺកូវីដ-១៩ លើកីឡាករជាបន្តបន្ទាប់។
 
កាលពីមុន ក្រុមទាំងអស់អាចស្នើសុំផ្អាកការប្រកួត ប្រសិនបើក្លិបទាំងអស់មានករណីឆ្លងកូវីដ-១៩ ឬរងរបួសច្រើន ហើយកីឡាករមិនគ្រប់ចំនួន១៣នាក់រួមទាំងអ្នកចាំទី១រូបសម្រាប់ការប្រកួត។
 
«Premier league បានធ្វើបច្ចុប្បន្នភាពស្តីអំពីការផ្អាកប្រកួតដោយសារកូវីដ-១៩ ក្នុងនោះក៏បានការរួមបញ្ចូលអំពីកម្រិតផលប៉ះពាល់នៃជំងឺឆ្លងផងដែរ។ ចាប់ពីពេលនេះទៅ ប្រសិនបើក្លិបនីមួយៗស្នើសុំផ្អាកការប្រកួតដោយសារតែឆ្លងកូវីដ-១៩ យ៉ាងហោចណាស់ពួកគេត្រូវតែមានករណីចាប់ពី៤ឡើងក្នុងក្រុម។» Premier League បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍បែបនេះ។
 
មកដល់ពេលនេះ ប្រកួតចំនួន២២ហើយត្រូវបានផ្អាកដោយសារមានការឆ្លងកូវីដ-១៩ និងកង្វះខាតកីឡាករសម្រាប់ប្រកួត។ ស្ថាប័ន Premier league ក៏ត្រូវបានក្លិបធំៗដូចជា Chelsea, Tottenham Hotspur, Arsenal រិះគន់អំពីបញ្ហាផ្អាកការប្រកួតបែបនេះផងដែរ៕
 
 
 

Tag:
 Premier league
 Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com