កីឡាអន្តរជាតិ
អន្តរជាតិ
មន្រ្តី IOC គ្រោងជួបកីឡាការិនីចិន Peng Shuai អំឡុងអូឡាំពិកប៉េកាំង រូបភាព៖AFP
× គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ប្រកាសនៅថ្ងៃទី២៧ ខែមករា ថា បានជជែកគ្នាតាមរយៈវីដេអូជាមួយការិនីចិន Peng Shuai និងគ្រោងជួបជាមួយកីឡាការិនីវាយកូនបាល់ម្ដងទៀតក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងារ នាទីក្រុងប៉េកាំងនៅខែក្រោយ។
អត្តពលិកចិន Peng Shuai បានបង្កការភ្ញាក់ផ្អើលបន្ទាប់ពីទម្លាយរឿងការបំពានផ្លូវភេទដោយមន្រ្តីជាន់ខ្ពស់ចិនកាលពីខែវិច្ឆិកាឆ្នាំ ២០២១ ។ ប៉ុន្តែរហូតដល់ខែធ្នូ ឆ្នាំ២០២១ Peng Shuai ក៏បានចេញមកអះអាងជាសាធារណៈថា ការផ្សព្វផ្សាយនៅលើបណ្តាញសង្គមជាការយល់ច្រឡំ ហើយគ្មាននរណាបំពានផ្លូវភេទនាងឡើយ។
«IOC បានរក្សាទំនាក់ទំនងជាមួយ Peng ។ យើងធ្លាប់ទាក់ទងតាមរយៈវីដេអូជជែកជាមួយនាងកាលពីខែវិច្ឆិកាម្តង ហើយ កាលសប្តាហ៍មុនយើងក៏បានទាក់ទង Peng ម្តងទៀតដែរ។
Peng ក៏បានប្រាប់យើងថា នាងកំពុងរង់ចាំទស្សនាការប្រកួតប្រជែងកីឡាអូឡាំពិករដូវរងានៅប៉េកាំងខាងមុខ។» អ្នកនាំពាក្យរបស់ IOC ប្រាប់ទៅទីភ្នាក់ងារព័ត៌មាន AFP បែបនេះ។
លើសពីនេះ សេចក្តីថ្លែងការណ៍ក៏បានបញ្ជាក់បន្ថែមថា Peng Shuai នឹងជួបពិភាក្សាគ្នាជាមួយលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងប្រធានកម្មាធិការអត្តពលិក IOC អ្នកស្រី Emma Terho នៅការប្រកួតអូឡាំពិករដូវរងាខាងមុខ។
ការប្រកួតព្រឹត្តិការណ៍អូឡាំពិករដូវរងា ២០២២ ទីក្រុងប៉េកាំងនឹងចាប់ផ្តើមចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ៕
© រក្សាសិទ្ធិដោយ thmeythmey.com