កីឡាអន្តរជាតិ
អន្តរជាតិ
Alisson សរសើរប្រព័ន្ធ VAR ក្រោយជួយឱ្យរួចផុតពីការពិន័យកាតក្រហម២លើក
28, Jan 2022 , 3:09 pm        
រូបភាព
អ្នកចាំទី Alisson Becker និយាយថា ប្រព័ន្ធជំនួយការអាជ្ញាកណ្តាលវីដេអូ (VAR) បានជួយប្រេស៊ីលចេញពីរឿងអយុត្តិធម៌ដោយការពិន័យកាតក្រហម បន្ទាប់ពីមន្ត្រីអាជ្ញាកណ្តាលបដិសេធផ្តល់កាតក្រហម២លើកក្នុងការប្រកួតទល់អេក្វាឌ័រថ្ងៃទី២៨ ខែមករា។


ប្រេស៊ីលបានបន្តភារកិច្ចប្រកួតជម្រុះពានរង្វាន់ World Cup 2022 ដោយប្រកួតត្រឹមស្មើជាមួយក្រុមអេក្វាឌ័រដោយលទ្ធផល ១-១។
 
នាការប្រកួតនាទី២៥ អ្នកចាំទី Alisson បានយកជើងដើម្បីទាត់បាល់ចេញពីមុខតំបន់គ្រោះថ្នាក់ ប៉ុន្តែបែរជាប៉ះទង្គិចគ្នាជាមួយកីឡាករក្រុមអេក្វាឌ័រយ៉ាងខ្លាំង តែមិនទទួលកាតក្រហមឡើយ។ រហូតដល់នាទី៤៥ ជិតបញ្ចប់វគ្គទីមួយ អ្នកចាំទី Liverpool បានលោតក្នុងគោលបំណងយកទៅដៃទះបាល់ចេញ ហើយក៏ប៉ះទង្គិចលើកីឡាករអេក្វាឌ័រម្តងទៀត តែក៏បន្តរួចខ្លួនម្ដងទៀត។ 
 
ជុំវិញបញ្ហាទាំងពីរលើកមន្ត្រីអាជ្ញាកណ្តាលក្នុងទីលានក៏បានពិភាក្សាជាមួយមន្ត្រីជំនួយអាជ្ញាកណ្តាលវីដេអូ ហើយសម្រេចបដិសេធមិនផ្តល់កាតប្រហមដល់ Alisson ទាំងពីរលើក។
«ខ្ញុំគិតថានេះជាលើកទីមួយហើយដែលរឿងនេះបានកើតឡើងក្នុងប្រវត្តិសាស្ត្របាល់ទាត់។ មិត្តរួមក្រុមទាំងមូលបានជួយនិយាយសម្របសម្រួលជាមួយអាជ្ញាកណ្តាលឱ្យពិនិត្យ VAR ដើម្បីជួយដល់ខ្ញុំ ហើយខ្ញុំត្រូវបានលើកលែង។ ខ្ញុំសប្បាយចិត្តជាមួយប្រព័ន្ធ VAR នេះ បើគ្មានប្រព័ន្ធនេះទេ យើងនឹងរងនូវរឿងអយុត្តិធម៌។»Alisson និយាយបែបនេះក្រោយចប់ការប្រកួត។
 
ប្រេស៊ីលនិងអាហ្សង់ទីន ទទួលបានកៅអីទៅកាន់ជុំផ្តាច់ព្រ័ត្រ World Cup 2022 នៅកាតាដោយស្វ័យប្រវត្តិ ខណៈក្រុមពីរផ្សេងទៀតកំពុងប្រជែងកៅអីលេខ៣ និងលេខ៤ដែលជាកៅអីស្វ័យប្រវត្តិដែរ។
 
អេក្វាឌ័រ ជាក្រុមដែលឈរលេខ៣ក្នុងចំណោម១០ក្រុមដែលត្រូវប្រកួតជម្រុះនៅតំបន់ទ្វីបអាម៉េរិកខាងត្បូងមាន២៤ពិន្ទុ លើក្រុមអ៊ុយរូហ្គាយឈរលេខ៤មាន១៩ពិន្ទុ។
 
ក្រុមចំណាត់ថ្នាក់កំពូលទាំង៤នឹងត្រូវឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រ World Cup 2022 នៅកាតាដោយស្វ័យប្រវត្តិ ហើយក្រុមលេខ៥នឹងត្រូវប្រកួត Playoff ស្វែងរកកៅអីជាមួយក្រុមដែលមកពីទ្វីបផ្សេង៕
 

Tag:
 Alisson Becker
  Brazil
  World Cup qualifier
© រក្សាសិទ្ធិដោយ thmeythmey.com