កីឡាអន្តរជាតិ
អន្តរជាតិ
Juventus ចាយ៨៩លានដុល្លារ ទិញខ្សែប្រយុទ្ធ Vlahovic ពី Fiorentina
29, Jan 2022 , 3:19 pm        
រូបភាព
Juventus ទិញខ្សែប្រយុទ្ធ Dusan Vlahovic ពី Fiorentina ក្នុងតម្លៃ ៨៩,២២លានដុល្លារ។ នេះជាតម្លៃថ្លៃបំផុតមិនធ្លាប់មានអំឡុងទីផ្សារដោះដូរលើកទីពីរ នៅខែមករា ក្នុងចំណោមក្លិបនៃលីគកំពូលទាំង៥នៅអឺរ៉ុប។

Vlahovic ខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ី វ័យ២២ឆ្នាំ ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Serie A រដូវកាលនេះចំនួន១៧គ្រាប់ បានយល់ព្រមចុះកិច្ចសន្យា រយៈពេល៤ឆ្នាំ រហូតដល់ខែមិថុនា ឆ្នាំ ២០២៦ ជាមួយក្លិបយក្សអ៊ីតាលី Juventus។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ក្លិបរហស្សនាមសេះបង្កង់ បានទិញយក Vlahovic ក្នុងតម្លៃ៨៩លានដុល្លារ ប៉ុន្តែត្រូវបង់ឱ្យ Fiorentina ជាង៨០លានដុល្លារមុនក្នុងរយៈពេល៣ឆ្នាំ ហើយសល់ប៉ុន្មានត្រូវគិតតាមក្រោយ ដើម្បីគេចផុតពីច្បាប់របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ជុំវិញការទិញដូរកីឡាករដែលលើសចំណាយរបស់ក្លិប។

 
 
Vlahovic បានក្លាយជាកីឡាករដែលមានតម្លៃថ្លៃជាងគេបំផុត ក្នុងទីផ្សារដោះដូរខែមករា គិតត្រឹមពេលនេះ ដោយនាំមុខកីឡាករសញ្ជាតិអេស្ប៉ាញ Ferran Torres ដែលទើបចាកចេញពី Manchester City ទៅចូលរួមជាមួយ Barcelona ក្នុងតម្លៃ ៦១លានដុល្លារ។
 
Vlahovic អាច​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ឱ្យ Juventus នៅ​ពេលពួកគេត្រូវទទួលភ្ញៀវ Hellas Verona ក្នុងជំនួបលីគកំពូលអ៊ីតាលី នៅ​​ថ្ងៃ​ទី៦ ខែ​កុម្ភៈ។ Juventus សព្វថ្ងៃឈរនៅចំណាត់ថ្នាក់ទី៥ក្នុងតារាង Serie A ដោយរកបាន៤២ពិន្ទុ ក្នុងការប្រកួត២៣លើករដូវកាលនេះ ដោយតាមពីក្រោយក្រុមកំពូលតារាង Inter Milan ដែលទើបប្រកួតបាន២២លើក ចំនួន១១ពិន្ទុ៕
 

Tag:
 Juventus
  Dusan Vlahovic
© រក្សាសិទ្ធិដោយ thmeythmey.com