ពីនេះ ពីនោះ
សៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរ៖ របៀបធ្វើបង្អែម នំផ្លែអាយ
30, Jan 2022 , 8:59 am        
រូបភាព
ភ្នំពេញ៖ នំផ្លែអាយ ជាបង្អែមមួយប្រភេទដ៏មានរសជាតិឆ្ងាញ់ ដែលពលរដ្ឋខ្មែរពេញនិយមបរិភោគ។ នំផ្លែអាយ ជាបង្អែមមួយក្នុងចំណោមបង្អែម៧មុខ ដែលមាននៅក្នុងសៀវភៅ កេរដំណែលស្នាដៃម្ហូបខ្មែរ (The taste of Angkor)។ សៀវភៅនេះត្រូវបានតាត់តែងឡើងដោយ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា សម្រាប់អ្នកការទូតកម្ពុជា ផ្សព្វផ្សាយមុខម្ហូបខ្មែរ និងលើកកម្ពស់វប្បធម៌ជាតិលើឆាកអន្តរជាតិ។

 
នំផ្លែអាយ ជាបង្អែមមានរសជាតិផ្អែមដិត ដោយសារស្នូលខាងក្នុងជាស្កត្នោតឬហៅម្យ៉ាងទៀតថា ស្ករខ្មែរ ហើយខាងក្រៅជាម្សៅអង្ករដំណើប។សម្រាប់គ្រឿងផ្សំនៃបង្អែមមួយមុខនេះ មិនស្មុគស្មាញច្រើនឡើយ ដូចជាម្សៅអង្ករដំណើប ១០៥ក្រាម, ម្សៅអង្ករ៤៥ក្រាម, ទឹកក្តៅឧណ្ហៗ១៣០មីលីលីត្រ និងស្ករត្នោតកាត់ជាដុំតូចៗ ៨០ក្រាម។ ចំណែកល្ង និងដូងជាគ្រឿងបន្ថែមក្រៅពេលចម្អិនរួចរាល់។ 
 
ចំពោះរបៀបចម្អិននំផ្លែអាយ មិនពិបាក និងមិនត្រូវការចំណាយពេលយូរឡើយ។ដំបូង ដាក់ម្សៅអង្ករដំណើប និងម្សៅអង្ករតាមបរិមាណខាងលើចូលគ្នា ជាមួយទឹកក្រៅឧណ្ហៗដើម្បីឱ្យល្បាយទាំងពីរចូលគ្នាស្អិតល្អ។ បន្ទាប់ពីច្របល់ចូលគ្នាល្អយើងទុកវា៥នាទីសិន។
 
ជំហានបន្ទាប់ គឺដាក់ដាំទឹកឱ្យពុះ។ ពេលដែលចាំទឹកពុះអ្នកចម្អិន អាចច្បិចយកម្សៅនំតាមទំហំដែលខ្លួនចង់បាន ប៉ុន្តែជាធម្មតាមិនត្រូវឱ្យតូចពេកឡើយព្រោះវាពិបាកដាក់ស្នូល ហើយបើធំពេកវាអាចនឹងមិនមានរសជាតិឆ្ងាញ់។យើងអាចច្បិចយកដុំម្សៅប្រមាណប៉ុនមេដៃ ហើយសង្កត់វាឱ្យសំប៉ែត ដើម្បីដាក់ស្នូលស្ករត្នោតដែលកាត់ជាដុំតូចៗរួចចូល ហើយលញ់វាឱ្យមូល។ពេលទឹកពុះ យើងយកម្សៅនំលញ់ហើយនោះដាក់ចូល។ នៅពេលដែលកូននំទាំងនោះអណ្តែត មានន័យថានំឆ្អិនហើយ។ 
 
 
បន្ទាប់ពីនំឆ្អិន គួរទុកវាឱ្យត្រជាក់សិន។ នៅពេលរៀបចំដាក់ចាន យើងអាចបន្ថែមល្ង និងដូងដើម្បីឱ្យកាន់តែមានរសជាតិឆ្ងាញ់ និងមានសោភ័ណភាព។ នំផ្លែអាយមានរសជាតិផ្អែមដិតបន្តិច ដូច្នេះបើបន្ថែមសាច់ដូងដែលកោសរួចចូលវានឹងជួយឱ្យរសជាតិសមល្មម ហើយឈ្ងុយដូងនិងល្ងផងដែរ។  
 
សៀវភៅ  កេរដំណែលស្នាដៃម្ហូបខ្មែរឬ The taste of Angkor ត្រូវបានសរសេរជាភាសាអង់គ្លេសនិងត្រូវបានក្រសួងការបរទេសកម្ពុជា ប្រកាសដាក់ឱ្យអនុវត្តលើ «យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣» នៅថ្ងៃទី១៨ខែមករា ឆ្នាំ២០២១។ សៀវភៅនេះ មានរាយនាមមុខម្ហូប ៣៨មុខ រួមជាមួយរូបថតម្ហូបរបៀបចម្អិន និងបរិមាណនៃគ្រឿងផ្សំ៕
 

Tag:
 បង្អែម
  នំផ្លែអាយ
  The taste of Angkor
© រក្សាសិទ្ធិដោយ thmeythmey.com