ជាតិ
ចូលឆ្នាំចិន ៖ របៀបរៀបចំគ្រឿងរណ្ដាប់សែន ដើម្បីទទួលលាភសំណាង
30, Jan 2022 , 10:39 am        
រូបភាព
ភ្នំពេញ៖ ការរៀបចំគ្រឿងរណ្ដាប់សែនក្នុងថ្ងៃចូលឆ្នាំចិនគឺជារឿងសំខាន់ ដើម្បីទទួលបានលាភសំណាង។ លោក កុក ឡុង ជាគ្រូចិនសែ បានលើកឡើងថា ការរៀបចំគ្រឿងសែនមានម្ហូបផ្លែឈើ ធូបទៀន ត្រូវរៀបចំតាមក្បួនប្រពៃណីរបស់ចិន។



សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖

 
 
ចាប់ពីថ្ងៃទី១ ដល់ទី៣ ខែកុម្ភៈ ជាថ្ងៃបុណ្យចូលឆ្នាំរបស់អ្នកមានសែស្រឡាយចិន។ បើតាមលោកគ្រូចិនសែ កុក ឡុង ពិធីនេះរៀបចំឡើង ដើម្បីទទួលទេវតា និងសុំលាភសំណាងសិរីសួស្ដីឆ្នាំថ្មី។ លោក រៀបរាប់ថា ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ ជាថ្ងៃសែនធំ ដោយជនជាតិចិន ឬអ្នកសែស្រឡាយចិន រៀបចំសែនម្ហូបអាហារ នំចំណី ផ្លែឈើ និងគ្រឿងរណ្ដាប់នានា ជូនទេវតា ដូនតា ហើយក៏ជាឱកាសជួបជុំគ្រួសារផងដែរ។
 
លោកគ្រូចិនសែ កុក ឡុង ពន្យល់ពីរបៀបរៀបចំគ្រឿងរណ្ដាប់សែនដើម្បីទទួលបានលាភសំណាងដូច្នេះ៖«សែនទី១ ត្រូវមានទឹកតែ នំពងទា ព្រោះរបស់ទាំង២នេះ នាំមកនូវលាភសំណាងកាក់កបក្នុងរបររកស៊ី។ ក្រៅពីនេះ ត្រូវមានមីឆា ស៊ុប ឬសម្លឆ្នាំងភ្លើងតំណាងឱ្យដូនតាអាយុវែង និងការជួបជុំគ្នា ហើយក៏ត្រូវសែនសត្វពាហនៈ អាចជាសត្វមាន់ ទាជ្រូក ឬអាចជំនួសដោយត្រីក៏បាន»។
 
បាយស និងនំអ៊ីក្រហម ក៏ជារបស់សែនសំខាន់ផងដែរ។ បើតាមលោកគ្រូ កុក ឡុង បើគ្មាននំអ៊ីនោះទេក៏អាចជំនួសដោយសូកូឡារាងមូលៗ ចំណែកឯ បាយក្រោយសែនរួចត្រូវជ្រួយបញ្ចូលគ្នាផងដែរ។
 
លោកគ្រូ កុក ឡុង ពន្យល់ពីរបៀបសែនបន្ថែមថា៖«ចិនគេធ្វើម៉េចសែនជំនាងផ្ទះផ្លែឈើត្រូវដាក់៥មុខដើម្បីឱ្យលុយចូល៥ទិស។ បើដូនតា ទេវតា ចង្រ្កានបាយ ខ្លះ៣ និងខ្លះ១មុខ។សែន១មុខគឺចិត្តមួយថ្លើមមួយ បើ៣ហ្នឹង ឋានលើ ឋានកណ្ដាល ឋាននរក ហើយចិនគេសែនហ្នឹងត្រូវតែមានស្រា មានម្ហូប និងតែ»។
 
លោកគ្រូ បន្ថែមថា ការអុជធូប ត្រូវអុជធូប៤កន្លែង មានជំនាងផ្ទះ៥សរសៃ ដូនតា ទេវតា អុជ៣សរសៃ និងចង្រ្កានបាយ១សរសៃ។ ការអុជធូបនេះ គឺដើម្បីសុំសេចក្ដីសុខ និងលាភសំណាង។ គ្រូចិនសែរូបនេះ បញ្ជាក់ថា ទៀនពណ៌ស ជនជាតិចិនមិននិយមដុតឡើយ ប៉ុន្តែគេដុតទៀនពណ៌ក្រហម និងពណ៌លឿងវិញ ព្រោះទៀនពណ៌ស គេមានជំនឿសម្រាប់ពិធីបុណ្យសព និងតំណាងឱ្យការស្លាប់ប៉ុណ្ណោះ។
 
ជាមួយគ្នានេះលោកគ្រូ ក៏លើកឡើងពីផ្លែឈើហុងស៊ុយ ដែលជនជាតិចិននិយមយកមកសែននោះថា៖«ផ្លែប៉ោម គឺសុខសប្បាយ ក្រូចឃ្វិចគឺនាំសំណាង ទំពាំងបាយជូរ គឺឱ្យមានកូនច្រើន»។ លោកគ្រូ បញ្ជាក់ថា ចំពោះពណ៌ខោអាវ ដែលគួរស្លៀកពាក់អំឡុងពេលសែននោះ មានពណ៌ស គគីរ ពណ៌កាហ្វេ និងទឹកដោះគោ៕
 

Tag:
 ចូលឆ្នាំចិន
  គ្រូចិនសែ
  កុក ឡុង
© រក្សាសិទ្ធិដោយ thmeythmey.com