ពីនេះ ពីនោះ
ស្វែងយល់ពីសារសំខាន់នៃអត្រានុកូលដ្ឋានសម្រាប់ពលរដ្ឋគ្រប់រូប?
30, Jan 2022 , 2:30 pm        
រូបភាព
សំបុត្រអត្រានុកូលដ្ឋាន គឺជាសំបុត្រសម្រាប់កត់ត្រា ភាពជាស៊ីវិលនៃពលរដ្ឋខ្មែរ និងជនបរទេស ដែលរស់នៅស្របច្បាប់ ក្នុងដែនសមត្ថកិច្ចកំណត់នៃច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា។ សំបុត្រអត្រានុកូលដ្ឋានមានដូចជា សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកំណើត និងសំបុត្រមរណភាព។

 
ហេតុអ្វីត្រូវមានសំបុត្រអត្រានុកូលដ្ឋាន?
 
សំបុត្រអត្រានុកូលដ្ឋាន មានសារៈសំខាន់ណាស់សម្រាប់ពលរដ្ឋគ្រប់រូប។ ការចុះសំបុត្រអត្រានុកូលដ្ឋាន ធ្វើឱ្យបុគ្គលម្នាក់ៗទទួលបានសិទ្ធិសេដ្ឋកិច្ច សង្គម នយោបាយ និងករណី​យ​កិច្ចនានា រួមមានសិទ្ធិក្នុងការបោះឆ្នោតនិងឈរឈ្មោះបោះឆ្នោត សិទ្ធិទទួលបានការអប់រំនិងការងារ សិទ្ធិទទួលបានយុត្តិធម៌និងការជំនុំជម្រះក្ដីដោយយុត្តិធម៌ និងសិទ្ធិកាន់កាប់កម្មសិទ្ធិ។ ជាឧទាហរណ៍ ដើម្បីអាចធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន​បាន ទាល់តែមានសំបុត្រអត្រានុកូលដ្ឋាននេះ។
 
ប្រសិនបើគ្មានសំបុត្រអាត្រានុកូលដ្ឋាន តើនឹងប្រឈមបញ្ហាបែបណា? 
 
សំបុត្រអត្រានុកូលដ្ឋាន ពិតជាមានសារៈសំខាន់ ដូច្នេះប្រសិនបើគ្មានការចុះសំបុត្រអត្រានុកូលដ្ឋានត្រឹមត្រូវទេនោះ វានឹងនាំឱ្យមានបញ្ហាដល់ខ្លួនឯង និងសង្គម ដូចជាមិនអាចធ្វើការងារ បើកអាជីវកម្ម និងតវ៉ាចំពោះមុខច្បាប់ អំពីបញ្ហានានាបាននោះទេ។ ពលរដ្ឋអាចទៅធ្វើសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព នៅសាលាឃុំ ឬសង្កាត់ និងការិយាល័យច្រកចេញចូលតែមួយ៕
 
(ដកស្រង់ចេញពីសៀវភៅ តម្រង់ទិសវិជ្ជាជីវៈ «ឯកសារចំណេះដឹង អត្រានុកូលដ្ឋាន» របស់អង្គការស៊ីប៉ា)
 

Tag:
 អត្រានុកូលដ្ឋាន
  ស៊ីប៉ា
© រក្សាសិទ្ធិដោយ thmeythmey.com